យោងតាមក្រសួងការបរទេសចិន បន្ទាប់ពីដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេស លោក វ៉ាង យី ទៅកាន់ទីក្រុងវ៉ាស៊ីនតោន ប្រទេសទាំងពីរនឹងរៀបចំការពិភាក្សាគ្នាស្តីពីការគ្រប់គ្រង និងការមិនរីកសាយភាយអាវុធនុយក្លេរអ៊ែ នៅប៉ុន្មានថ្ងៃខាងមុខនេះ ក៏ដូចជាកិច្ចពិភាក្សាដាច់ដោយឡែកពីគ្នាលើកិច្ចការដែនសមុទ្រ និងបញ្ហាផ្សេងៗទៀត។ បើតាមការរាយការណ៍ដោយកាសែតអាម៉េរិក The Wall Street កិច្ចពិភាក្សានោះនឹងត្រូវធ្វើឡើងនៅថ្ងៃចន្ទសប្តាហ៍ក្រោយ ដែលមានលោក Mallory Stewart មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស និងលោក Sun Xiaobo ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធនៅក្រសួងការបរទេសចិន។
យ៉ាងណាក៏ដោយ ក្រសួងការបរទេសសហរដ្ឋអាម៉េរិក និងស្ថានទូតចិន នៅទីក្រុងវ៉ាស៊ីនតោន មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការបំភ្លឺបន្ថែមពាក់ព័ន្ធពេលវេលាជាក់លាក់នោះទេ។ កាលពីឆ្នាំ២០២១ ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក លោក Jake Sullivan បាននិយាយថា ប្រធានាធិបតីចិន និងសហរដ្ឋអាម៉េរិក បានព្រមព្រៀងគ្នារកមើល ដើម្បីចាប់ផ្តើមការពិភាក្សាអំពីស្ថិរភាពជាយុទ្ធសាស្រ្ត ដែលផ្អែលទៅលើការព្រួយបារម្ភរបស់ទីក្រុងវ៉ាស៊ីនតោន អំពីការកសាងអាវុធនុយក្លេអ៊ែ របស់ទីក្រុងប៉េកាំង។ ពីពេលនោះមក ចិននិងអាម៉េរិក មិនបានពិភាក្សាគ្នាលើរឿងនេះទេ ក្រោយទីប៉េកាំងបានបង្ហាញចំណាប់អារម្មណ៍តិចតួចក្នុងការពិភាក្សាអំពីជំហានកាត់បន្ថយហានិភ័យអាវុធនុយក្លេអ៊ែ។
គួររំលឹកថា ប្រទេសចិនបច្ចុប្បន្នមានក្បាលគ្រាប់នុយក្លេអ៊ែ ប្រមាណជាង៥០០គ្រាប់ ហើយចំនួននេះអាចនឹងកើនឡើងដល់ជាង១ពាន់គ្រាប់នៅឆ្នាំ២០៣០។ នេះបើតាមរបាយការណ៍ចេញផ្សាយដោយមន្ទីរបញ្ជកោណអាម៉េរិកកាលពីខែតុលា។
ស្របពេលជាមួយគ្នានេះ មន្ត្រីរដ្ឋបាលលោក បៃដិន ម្នាក់បានឱ្យដឹងកាលពីថ្ងៃអង្គារថា កិច្ចពិភាក្សាគ្រប់គ្រង និងការមិនរីកសាយភាយអាវុធនុយក្លេអ៊ែនេះ អាចនឹងកើតឡើងមុនជំនួបទល់មុខរវាងលោកចូ បៃដិន និងលោក ស៊ី ជិនពីង នៅSan Francisco នៅក្នុងខែនេះ។
កាលពីអង្គារនេះដែរ មន្ត្រីជាន់ខ្ពស់សេតវិមានមួយរូបបាននិយាយថា ជំនួបរវាងមេដឹកនាំទាំងពីរប្រាកដជានឹងកើតឡើងមែននៅ San Francisco អំឡុងកិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ដែលរៀបធ្វើឡើងពីថ្ងៃទី១១ដល់១៧ខែវិច្ឆិកានេះ។
កាលពីថ្ងៃសុក្រសប្តាហ៍មុនទីប្រឹក្សាសន្តិសុខជាតិរបស់លោក បៃដិន គឺលោក ស៊ូលីវ៉ាន់ រួមជាមួយរដ្ឋមន្ត្រីការបរទេស ប្លីនខេន ក៏ទើបមានជំនួបជាមួយលោក វ៉ាង យី ប្រមុខការទូតចិននៅនៅសេតវិមាន និងនៅក្រសួងការបរទេសដែរ ដើម្បីជាការបើកផ្លូវសម្រាប់ជំនួបកំពូលនៃមេដឹកនាំប្រទេសទាំងពីរ៕