រដ្ឋបាលផលិតផលវេជ្ជសាស្ត្រជាតិចិនបាននិយាយថាថ្នាំគ្រាប់ព្យាបាលកូវីដ Paxlovid ត្រូវបានអនុម័តឱ្យព្យាបាលមនុស្សពេញវ័យដែលមានកម្រិតស្រាលទៅមធ្យមនៃជំងឺកូវីដ១៩ និងហានិភ័យខ្ពស់នៃការវិវត្តទៅជាស្ថានភាពធ្ងន់ធ្ងរ។ បើទោះបីជា និយតករផលិតផលវេជ្ជសាស្រ្តរបស់ចិន បានអនុម័តឱ្យប្រើប្រាស់ក៏ពិតមែន តែវាមិនទាន់ច្បាស់ទេថា តើប្រទេសចិននៅមិនទាន់បញ្ជាក់ពេវេលាជាក់លាក់ក្នុងការបញ្ជាទិញថ្នាំគ្រាប់នេះនៅពេលណានៅឡើយទេ ។
ខណៈពេលដែលចិនអនុម័តឲ្យប្រើថ្នាំគ្រាប់ព្យាបាលកូវីដ១៩ពីក្រៅប្រទេសក៏ពិតមែន ប៉ុន្ដែសម្រាប់វ៉ាក់សាំងកូវីដ១៩បរទេសវិញ រហូតមកដល់ពេលនេះ ប្រទេសចិនមិនទាន់បានអនុម័តឲ្យប្រើប្រាស់នោះទេ។ ជាក់ស្ដែង ប្រជាជនចិនបានចាក់វ៉ាក់សាំងពេញលេញមានជាង ៨៧% នៃប្រជាជនសរុបរបស់ខ្លួន ដែលក្នុងនោះសុទ្ធសឹងតែប្រើចាក់វ៉ាក់សាំងផលិតក្នុងស្រុកទាំងអស់។
តំណាងក្រុមហ៊ុន Pfizer បានបញ្ជាក់នៅក្នុងសារព័ត៌មានរ៉យទ័រថា ការអនុម័តឲ្យប្រើប្រាស់ថ្នាំគ្រាប់ Paxlovid របស់ខ្លួនពីសំណាក់រដ្ឋាភិបាលក្រុងប៉េកាំង នឹងជួយជំរុញបន្ថែមដល់ការលក់ថ្នាំគ្រាប់នេះនៅឆ្នាំ២០២២ ដែលគេរំពឹងនឹងលក់បានដល់២២ពាន់លានដុល្លារអាមេរិក។
បច្ចុប្បន្ន ក្រុមហ៊ុន Pfizer កំពុងចរចាយ៉ាងសកម្មជាមួយរដ្ឋាភិបាលជាង១០០ប្រទេស ដើម្បីឲ្យមានការអនុម័តប្រើប្រាស់ថ្នាំគ្រាប់ព្យាបាលកូវីដ១៩នេះ ហើយរហូតមកដល់ពេលនេះការព្យាបាលដោយប្រើថ្នាំ គ្រាប់នេះត្រូវបានអនុម័តនៅក្នុងប្រទេសប្រហែល ៤០ ហើយ។ ក្រុមហ៊ុនអះអាង ខ្លួនមានសមត្ថភាពផ្គត់ផ្គង់បានដល់ទៅ១២០កញ្ចប់ប្រសិនបើមានតម្រូវការ។
គួរបញ្ជាក់ថា ប្រទេសសិង្ហបុរីក៏បានអនុម័តឲ្យប្រើប្រាស់ថ្នាំគ្រាប់ព្យាបាលកូវីដ១៩របស់ក្រុមហ៊ុន Pfizer ផងដែរ ដោយក្រសួងសុខាភិបាលសិង្ហបុរី បានឱ្យដឹងថា ថ្នាំនេះនឹងត្រូវបានចេញវេជ្ជបញ្ជា និងផ្តល់អាទិភាពសម្រាប់អ្នកដែលមានហានិភ័យខ្ពស់នៃជំងឺកូវីដ១៩ធ្ងន់ធ្ងរ។
គួរបញ្ជាក់ថា ថ្នាំ Paxlovid ត្រូវបានគេរកឃើញថា អាចកាត់បន្ថយហានិភ័យនៃការចូលមន្ទីរពេទ្យដែលទាក់ទងនឹងជំងឺកូវីដ ១៩ ឬការស្លាប់បានជិត ៩០ ភាគរយ នៅពេលដែលលេបថ្នាំនេះ ក្នុងរយៈពេល ៣ ថ្ងៃ បន្ទាប់ពីការចាប់ផ្តើមចេញរោគសញ្ញា។ នេះបើយោងតាមការពិនិត្យឡើងវិញរបស់អាជ្ញាធរវិទ្យាសាស្ត្រសុខាភិបាល និងការសិក្សារបស់ Pfizer៕
អត្ថបទ ស៊ើង និមល់