ការធ្វើដំណើរនៅក្នុងប្រទេសចិន ត្រូវបានគេរំពឹងថា នឹងកើនខ្លាំងនៅឱកាសថ្ងៃឈប់សម្រាក ៥ថ្ងៃនៅក្នុងខែឧសភានេះ នៅក្រោយពេលរដ្ឋាភិបាលបន្ធូរបន្ថយការរឹតត្បិត ខណៈប្រជាជនចិនជាច្រើននឹងអាចធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំក្រុមគ្រួសាររបស់ពួកគេជាលើកដំបូងតាំងពីមានការផ្ទុះរាតត្បាតកូវីដ-១៩ក្នុងប្រទេសចិនមក។
ការធ្វើដំណើរនៅក្នុងប្រទេសចិនមានការធ្លាក់ចុះ តាំងពីចុងឆ្នាំ២០១៩មកម្ល៉េះ ដោយសារតែមានផ្ទុះមេរោគរាតត្បាត។ ប៉ុន្ដែ នៅចន្លោះថ្ងៃទី ៣០ ខែមេសា ដល់ថ្ងៃទី៥ខែឧសភា ដែលជាថ្ងៃឈប់សម្រាកនិទាឃរដូវនោះ គេរំពឹងថា ការធ្វើដំណើរនៅក្នុងប្រទេសចិននឹងស្ទុះងើបឡើងដល់ទៅ ២៥០លានការធ្វើដំណើរ។ នេះបើតាមការព្យាករដោយក្រុមហ៊ុនកក់សេវាធ្វើដំណើរនៅក្នុងប្រទេសចិន។ តួលេខនេះ គឺមានលើសឆ្នាំ២០១៩ដល់ទៅ ១៩៥លានការធ្វើដំណើរ ហើយបើធៀបនឹងឆ្នាំ២០២០គឺមានលើសដល់ទៅ ១១៥លានការធ្វើដំណើរ។
បើតាមតួលេខពីរដ្ឋាភិបាលចិនបានឲ្យដឹងដែរថា មកទល់ពេលនេះ ចិនបានចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ប្រជាជនរបស់ខ្លួនប្រមាណជាង ២០០លានដូសរួចហើយ ហើយអាជ្ញាធរសុខាភិបាលចិនបានអះអាងថា ប្រទេសចិន គឺមានហានិភ័យទាប ដោយមិនមានការរឹតត្បិតការធ្វើដំណើរនោះទេ បើទោះបីថ្មីៗនេះ មានការផ្ទុះករណីឆ្លងកូវីដ-១៩ជិត ១០០ករណី នៅតាមខេត្តជាប់តំបន់ព្រំដែនចិន និងភូមាក៏ដោយ។
នៅដើមខែមេសានេះ មន្ត្រីជាន់ខ្ពស់ផ្នែកជំងឺឆ្លងរបស់ចិនបាននិយាយថា ការធ្វើដំណើរចេញក្រៅដើម្បីកម្សាន្ដនៅនិទាឃរដូវ ពោលគឺក្នុងអំឡុងខែឧសភាខាងមុខនេះ គឺនឹងមានសុវត្ថិភាព ប៉ុន្ដែ មន្ត្រីជាន់ខ្ពស់រូបនេះ ក៏បានព្រមានផងដែរ រាល់ការជួបជុំ ដែលមានមនុស្សច្រើន។
បើតាមស្ថាប័នកក់សេវាធ្វើដំណើរ Trip.com នៅក្នុងប្រទេសចិនបានឲ្យដឹងថា គិតត្រឹមថ្ងៃទី ១៤ ខែមេសាកន្លងទៅ ការកក់សំបុត្រយន្ដហោះ សម្រាប់ការធ្វើដំណើរក្នុងអំឡុងថ្ងៃឈប់សម្រាកមានការកើនឡើង២៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។ ជាមួយគ្នានោះ ការកក់សណ្ឋាគារក៏កើនឡើង ៤៣%ដែរ ខណៈដែលការកក់សេវាសម្រាប់ការធ្វើដំណើរផ្សេងទៀតក៏មានការកើនឡើងដូចគញនាដែរ៕