គណៈកម្មការនិយ័តករមូលបត្រចិន បានបង្កើតក្រុមការងារមួយ ដើម្បីធ្វើការវាយតម្លៃឡើងវិញ នូវផែនការបោះផ្សាយលក់ភាគហ៊ុនរបស់ក្រុមហ៊ុនយក្សចិន Ant Group ដែលគេស្គាល់ថា ជារបស់មហាសេដ្ឋីចិន Jack Ma។ នេះបើតាមប្រភពជិតស្និទ្ធនឹងរឿងនេះ ដែលបានបញ្ជាក់ប្រាប់សារព័ត៌មាន Bloomberg។
គេនៅចាំបានថា កាលពីឆ្នាំ២០២០ ក្រុមហ៊ុនច្ចេកវិទ្យាហិរញ្ញវត្ថុ Ant Group បានដាក់ពាក្យដើម្បីចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុនរបស់ខ្លួន នៅក្នុងផ្សារភាគហ៊ុនធំៗចំនួន២ រួមមានផ្សារភាគហ៊ុនហុងកុង និងផ្សារភាគហ៊ុននៅស៊ាងហៃ ដោយការបោះផ្សាយនេះ មានទំហំទឹកប្រាក់សរុបដល់ទៅ៣៧ពាន់លានដុល្លារអាមេរិកឯណោះ ប៉ុន្ដែ ត្រូវបានរដ្ឋាភិបាលចិនបញ្ជាឲ្យផ្អាកទៅវិញ ក្រោមហេតុផលថា ក្រុមហ៊ុននេះ បានបំពានច្បាប់ពាណិជ្ជកម្មនៅក្នុងប្រទេសចិន។
ទោះយ៉ាងណា មានការចុះផ្សាយពីសារព័ត៌មានអន្តរជាតិធំៗជាច្រើន បានឲ្យដឹងថា ការផ្អាកការបោះផ្សាយលក់ភាគហ៊ុនក្រុមហ៊ុន Ant Group របស់មហាសេដ្ឋី Jack Ma នេះ គឺធ្វើឡើង នៅក្រោយពេលដែល លោក Jack Ma ដែលគេស្គាល់ថា ជាមហាសេដ្ឋីពូកែខាងវោហារសព្ទ សម្ដីចាក់ទឹកមិនលិចនោះ បាននិយាយទិតៀនខ្លាំងៗលើប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុរបស់ចិន ។ ក្រោយពីការនិយាយរិះគន់ខ្លាំងបែបនេះ គេសង្កេតឃើញថា ក្រុមហ៊ុនលោក Jack Ma រួមទាំងក្រុមហ៊ុន Alibaba ក៏បានរងការបង្ក្រាប និងការពិន័យមួយចំនួនពីអាជ្ញាធរចិនផងដែរ។ ហើយលោក Jack Ma ក៏លែងសូវចេញមុខចេញមាត់និយាយជាសាធារណៈច្រើនដូចមុនតទៅទៀតតាំងពីពេលនោះមក រហូតមកទល់នឹងពេលនេះ។ ម្យ៉ាងទៀត ក្រោយពីមានការបង្ក្រាបយ៉ាងចាស់ដៃពីសំណាក់អាជ្ញាធរចិនរួចមក គេសង្កេតឃើញថា តម្លៃក្រុមហ៊ុន Alibaba និង Ant Group ក៏បានធ្លាក់ចុះ ជាបន្ដបន្ទាប់ផងដែរ៕