ទន្ទឹមនឹងនេះ ប្រធានាធិបតីចិន លោក ស៊ី ជីនពីងគ្រោងធ្វើដំណើរទស្សនៈកិច្ចចេញពីចិនដីគោកជាលើកដំបូងផងដែរ បន្ទាប់ពីអាក់ខានអស់រយៈពេល ២ ឆ្នាំ ចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ១៩។ នេះបើតាមការចុះផ្សាយសារព័ត៌មានជប៉ុន Nikkei។
នៅក្នុងរយៈពេលថ្មីៗនេះ គេសង្កេតឃើញថាទីក្រុងប៉េកាំងបានបន្ធូបន្ថយវិធានរឹតបន្តឹងកូវីដ ១៩ មួយចំនួននៃគោលនយោបាយសូន្យកូវីត ១៩ ដែលបង្កើតឡើងដោយប្រធានាធិបតីលោក ស៊ី ជីនពីង ខណៈគោលនយោបាយនេះ បានជំរុញឱ្យមានការបិទខ្ទប់ ការធ្វើតេស្តទ្រង់ទ្រាយធំ និងការធ្វើចត្តាឡីស័កនៅក្នុងប្រទេសចិនយ៉ាងតឹងរ៉ឹង ដើម្បីលុបបំបាត់ការផ្ទុះឡើងនៃមេរោគកូវីដ១៩ ហើយវាក៏បានប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងប្រទេស និង ធ្វើឱ្យមានការខឹងសម្បារពីសំណាក់សាធារណជនជាខ្លាំងផងដែរ។
គណៈកម្មការសុខភាពជាតិរបស់ចិនបាននិយាយថា ការធ្វើចត្តាឡីស័កក្នុងសណ្ឋាគាររយៈពេល ១៤ ថ្ងៃសម្រាប់អ្នកដែលធ្វើដំណើរពីក្រៅប្រទេសចូលប្រទេសចិននឹងត្រូវកាត់បន្ថយមកនៅត្រឹមមួយសប្តាហ៍វិញ។
ការផ្លាស់ប្តូរដែលបានប្រកាសកាលពីថ្ងៃទី១៨ មិថុនានេះ បានធ្វើឡើងនៅពេលដែលទីក្រុងសៀងហៃ និងទីក្រុងប៉េកាំង បានរាយការណ៍ពីការធ្លាក់ចុះនៃករណីឆ្លងកូវីដ១៩ គួរឲ្យកត់សម្គាល់ កាលពីសប្តាហ៍មុន ខណៈទីក្រុងទាំងពីរនេះក៏បានប្រកាសថា មិនមានការឆ្លងថ្មីនៅថ្ងៃអង្គារទី ២៨ មិថុនានេះផងដែរ។
ក្រុងសៀងហៃក្នុងខែនេះ បានរួចផុតពីការបិទខ្ទប់ បន្ទាប់ពីរងនូវវិធានការតឹងរ៉ឹង ក៏ដូចជាការបិទខ្ទប់ នៅរយៈពេល ២ ខែកន្លងមកនេះ ដែលបានបង្ខាំងមនុស្សភាគច្រើននៃប្រជាជន ២៥ លាននាក់ក្នុងតំបន់នេះត្រូវស្នាក់នៅក្នុងផ្ទះ មិនអាចចេញដើរហើរដោយសេរីបាននោះឡើយ។
បន្ថែមពីនេះ ស្ថានទូតចិននៅក្រៅប្រទេសក៏បានចាប់ផ្តើមបន្ធូរបន្ថយការរឹតបន្តឹងទិដ្ឋាការសម្រាប់ទេសចរដែលចង់ទៅទីក្រុងប៉េកាំងផងដែរ។
មន្ត្រីកំពូលនៃបក្សកុម្មុយនិស្តនៅទីក្រុងសៀងហៃ លោក Li Qiang កាលពីថ្ងៃសៅរ៍បានប្រកាសថា ទីក្រុងសៀងហៃបានយកឈ្នះការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ហើយ ខណៈដែលសមភាគីរបស់លោកនៅទីក្រុងប៉េកាំង លោក Cai Qi បានប្តេជ្ញាកាលពីថ្ងៃចន្ទថានឹង ប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងថ្មី ហើយកាត់ផ្តាច់ការឆ្លងរាលដាលឱ្យបានឆាប់រហ័សបំផុត។
ស្របពេលជាមួយគ្នានោះ អាជ្ញាធរហុងកុងបានបញ្ជាក់កាលពីថ្ងៃអង្គារ៍សប្ដាហ៍នេះថា លោក ស៊ី ជីនពីង នឹងធ្វើទស្សនកិច្ចនៅទីក្រុងហុងកុងនៅថ្ងៃសុក្រសប្តាហ៍នេះ ដើម្បីប្រារព្ធខួបលើកទី ២៥ នៃការទទួលបានឯករាជ្យពីអាណានិគមអង់គ្លេសផងដែរ។ ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់លោក ស៊ី ជីនពីង ទៅកាន់ទីក្រុងនៃមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏សំខាន់របស់ចិនមួយនេះ ត្រូវបានគេកត់សម្គាល់ឃើញថា គឺជាការធ្វើដំណើរលើកដំបូងរបស់លោកទៅកាន់តំបន់នេះ រាប់ចាប់ពីមានជំងឺកូវីដ ១៩ បានរាតត្បាតខ្លាំងតាំងពីឆ្នាំ២០២០មក។
គួរជម្រាបថា ការគម្រាមកំហែងនៃការចាត់វិធានការបិទខ្ទប់មេរោគកូវីត ១៩ នៅក្នុងប្រទេសចិនបានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះជាខ្លាំង ខណៈរដ្ឋាភិបាលកំពុងសម្លឹងមើលការបង្កើតវិធានការគោលនយោបាយបន្ថែម ដើម្បីជំរុញកំណើនសេដ្ឋកិច្ចឡើងវិញផងដែរ៕