លោក លី យូឆេង អនុរដ្ឋមន្ត្រីការបរទេសចិន បាននិយាយថា ប្រទេសចិនមិនចាប់អារម្មណ៍ចង់នាំមុខអាមេរិកលើទំហំសេដ្ឋកិច្ចធំជាងគេលើលោកឡើយ ហើយអ្វីដែលប៉េកាំងធ្វើកន្លងមកក៏មិនមែនជាការចង់បានតំណែងលេខមួយពិភពលោកអ្វីនោះដែរ។
ការលើកឡើងពីមន្ត្រីជាន់ខ្ពស់ក្រុងប៉េកាំងដូចនេះ ធ្វើឡើងមិនយូរប៉ុន្មានបន្ទាប់ពី របាយការណ៍សេដ្ឋកិច្ចចិនប្រចាំឆ្នាំ២០២១បង្ហាញថាកំណើនសេដ្ឋកិច្ចចិនមានជាង ៨% បើទោះបីជា ២ត្រីមាសចុងក្រោយកំណើនសេដ្ឋកិច្ចចិនហាក់បីដូចជាដើរយឺតជាងមុនក៏ដោយ។ អនុរដ្ឋមន្ត្រីការបទេសចិនរូបនេះបន្តថា៖ អ្វីដែលបក្សកុម្មុយនិស្តចិនចង់បាន គឺសម្រេចឲ្យបាននូវតម្រូវការរស់នៅប្រសើរឡើងរបស់ប្រជាជនទៅវិញទេ។
នៅពេលដែលត្រូវបានគេសួរដេញដោលថា តើចិននឹងក្លាយមហាអំណាចលេខមួយពិភពលោកដែរទេ0x017d7 លោក លី យូឆេង អនុរដ្ឋមន្ត្រីការបរទេសចិន បានឆ្លើយតបដោយខ្លីថា អនុត្តរភាព គឺភាពល្អក្រៃលែង លើសគេលើលោកមិនមែនជាអ្វីដែលចិនចង់បានឡើយ។ លោកថែមទាំងបានលើកឡើងស្រដៀងទៅនឹងអ្វីដែលប្រធានាធិបតីចិន លោក ស៊ី ជីនពីង បាននិយាយកាលពីដើមសប្តាហ៍នេះថា៖ យើងគួរតែប្រឆាំងនឹងចិត្តគំនិតចង់បង្កើតសង្គ្រាមត្រជាក់ជាថ្មី ប្រឆាំងនឹងឯកតោភាគីនិយម ការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុង និងការបែងចែកបក្សពួកនយោយបាយ។គួររំឭកថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង កាលពីថ្ងៃច័ន្ទទី១៧មករាដើមសប្តាហ៍នេះក៏បានអំពាវនាវឲ្យប្រទេសមហាអំណាចមួយ ដែលលោកស៊ី ទំនងជាចង់សំដៅដល់សហរដ្ឋអាមេរិក ឲ្យបោះបង់ចោលចិត្តគំនិតចង់បង្កើតសង្គ្រាមត្រជាក់ជាថ្មីនោះទៅ។ លោកស៊ី ជីន ពីង ក៏បានព្រមានដែរថា ការប្រឈមមុខដាក់គ្នារវាងមហាអំណាច ឬរវាងប្រទេសធំៗគឺជារឿងគ្រោះថ្នាក់ខ្លាំងណាស់ ហើយវាអាចមានផលវិបាកធ្ងន់ធ្ងរផងដែរ។
ទំនាក់ទំនងទ្វេភាគីរវាងទីក្រុងប៉េកាំង និង ទីក្រុងវ៉ាស៊ីនតោន បាននិងកំពុងមានភាពតានតឹង កាន់តែខ្លាំងពិសេសនៅប៉ុន្មានខែចុងក្រោយនេះ បើទោះបីជាមានជំនួបកំពូលតាមអនឡាញ រវាងប្រធានាធិបតីចិន និងអាមេរិក ដើម្បីស្វែងរកមធ្យោបាយកែលម្អទំនាក់ទំនងរវាងគ្នា ម្តងរួចទៅហើយក្តី។
សូមជម្រាបថា បើតាមអនុរដ្ឋមន្ត្រីចិនដដែល ទំនាក់ទំនងរវាងអ្នកទាំងពីរបន្តតានតឹង ឬល្អប្រសើរវិញវាអាស្រ័យលើទីក្រុងវ៉ាស៊ីនតោន ព្រោះកន្លងមក សហរដ្ឋអាមេរិកតែងមើលមកចិនក្នុងផ្លូវមិនត្រឹមត្រូវ និងយល់ច្រឡំលើចេតនារបស់ចិនរហូតមក៕