អាជ្ញាធរចិនបានព្រមានថា មេរោគអូមីក្រុងដែលឆ្លងខ្លាំងនឹងបន្ថែមហានិភ័យកាន់តែខ្ពស់សម្រាប់ប្រទេសចិន ខណៈដែលមនុស្សម្នារាប់រយលាននាក់នៅក្នុងប្រទេសនេះ នឹងចាប់ផ្ដើមធ្វើដំណើរជុំវិញប្រទេសចិននៅថ្ងៃឈប់សម្រាកកម្សាន្តនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ដែលខិតចូលមកដល់នៅចុងខែនេះ។
អាជ្ញាធរចិនក៏កំពុងដាក់ចេញវិធានការជាបន្ដបន្ទាប់ដែរ ដើម្បីត្រៀមទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ១៩នៅអំឡុងថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំប្រពៃណីចិននេះ ដោយអាជ្ញាធរតម្រូវឲ្យអ្នកធ្វើដំណើរចាំបាច់ត្រូវរាយការណ៍ទៅកាន់សហគមន៍ និយោជក ឬសណ្ឋាគារអំពីការធ្វើដំណើររបស់ពួកគេក្នុងអំឡុងពេលធ្វើដំណើរឱ្យបានបីថ្ងៃមុនទៅដល់កន្លែងដែលពួកគេចង់ធ្វើដំណើរទៅនោះ។ ទន្ទឹមនេះ តំបន់ខ្លះទៀត ដែលអ្នកដំណើរចង់ទៅកម្សាន្ដ គួរតែមានតម្រូវឲ្យបំពេញទម្រង់ឌីជីថលតាមអ៊ីនធីណិត រួមទាំងលិខិតបញ្ជាក់សុខភាពរបស់ពួកគេ និងព័ត៌មានលម្អិតអំពីការធ្វើដំណើរជាមុនផងដែរ។
សូមជម្រាបថា កាលពីចុងសប្តាហ៍នេះ រដ្ឋធានីប៉េកាំង និងមជ្ឈមណ្ឌលបច្ចេកវិទ្យាភាគខាងត្បូងប្រទេសចិន បានរកឃើញករណីអូមីក្រុងឆ្លងចូលក្នុងសហគមន៍មួយករណីហើយ។ រហូតមកដល់ពេលនេះ យ៉ាងហោចណាស់ខេត្ត និងក្រុងចំនួន ៥ ក្នុងប្រទេសចិនបានរាយការណ៍ពីការឆ្លងមេរោគ អូមីក្រុង ខណៈដែលខេត្តចំនួន ១៤ បានរកឃើញករណីឆ្លងមេរោគប្រភេទផ្សេងៗគ្នា ក្នុងចំណោមអ្នកធ្វើដំណើរមកពីបរទេស។
ប្រទេសចិនមិនទាន់បង្ហាញសញ្ញារឹងមាំណាមួយនៃការផ្លាស់ប្តូរគោលការណ៍ណែនាំរបស់ខ្លួនក្នុងការទប់ស្កាត់ការឆ្លងមេរោគកូវីដ១៩នៅក្នុងស្រុកឲ្យបានឆាប់រហ័សនោះទេ បើទោះបីជាអត្រានៃការចាក់វ៉ាក់សាំងខ្ពស់ដល់ទៅជាង ៨៦ភាគរយក៏ដោយ។ ករណីឆ្លងកូវីដ១៩កំពុងដាក់សម្ពាធកាន់តែខ្លាំងបន្ថែមទៀតនៅក្នុង ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងប៉េកាំងនៅដើមខែកុម្ភៈខាងមុខនេះ។ ទោះយ៉ាងណាមិញ រដ្ឋាភិបាលក្នុងតំបន់ជាច្រើនបានណែនាំរួចហើយ ដោយហាមពលរដ្ឋចាកចេញពីទីក្រុង បើមិនចាំបាច់ធ្វើដំណើរនៅអំឡុងពេលវិស្សមកាលនេះ ខណៈដែលជើងហោះហើរអន្តរជាតិ និងក្នុងស្រុករាប់ពាន់ក្រុមហ៊ុនក៏ត្រូវបានផ្អាកផងដែរ។
ប្រទេសចិនគិតត្រឹមថ្ងៃទី១៦ មករា មានអ្នកឆ្លងថ្មីក្នុងស្រុកនៅចិនចំនួន ១៦៣ករណី និងមិនមានអ្នកស្លាប់ថ្មីទេ ដែលធ្វើឱ្យករណីឆ្លងសរុបកើននៅចិនកើនដល់ដល់ជាង ១សែនករណី ខណៈអ្នកស្លាប់សរុបមានជាង ៤ពាន់៦រយនាក់៕
អត្ថបទ ស៊ើង និមល់