ប្រទេសចិនបាននឹងកំពុងបង្កើនការស្រាវជ្រាវរបស់ខ្លួនទៅលើមីស៊ីលគ្រប់ប្រភេទ ចាប់ពីប្រភេទមីស៊ីលដែលអាចបាញ់កំទេចផ្កាយរណបក្នុងលំហអាកាស រហូតដល់ប្រភេទមីស៊ីលផ្លោងបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរកម្រិតខ្ពស់ ដែលជាផ្នែកមួយនៃគោយនយោបាយប្រកបដោយមហិច្ឆតារបស់ប្រធានាធិបតីចិន លោក ស៊ី ជីងពីង ក្នុងការសធ្វើទំនើបកម្មយោធាចិន។
បើយោងទៅតាមប្រភពក្នុងស្រុកចិនបានរាយការណ៍ថា ទីក្រុងប៉េកាំងបានចាប់ផ្តើមការសាកល្បងប្រព័ន្ធមីស៊ីលការពារដែនអាកាសនេះចាប់តាំងពីឆ្នាំ ២០១០ មកម្ល៉េះ។ ហើយបានធ្វើការសាកល្បងជាបន្តបន្ទាប់នៅឆ្នាំ ២០១៨ និង ខែកុម្ភៈ ឆ្នាំ ២០២១ កន្លងទៅ។
មួយវិញទៀត ក្រសួងការពារចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយកាលពីល្ងាចថ្ងៃអាទិត្យថា ការធ្វើសាកល្បង "បច្ចេកវិទ្យាមីស៊ីលដែលអាចស្ទាក់ចាប់មីស៊ីលលើអាកាសនេះ" ត្រូវបានធ្វើឡើងនៅពេលយប់ ហើយប្រព័ន្ធមីស៊ីលនេះ គឺសម្រាប់ការពារខ្លួន មិនមានដើម្បីវាយប្រហារប្រទេសណាមួយនោះទេ"។
មែនទែនទៅ ប្រទេសចិន រួមជាមួយនឹងសម្ព័ន្ធមិត្តរបស់ខ្លួនគឺរុស្ស៊ី បានសម្តែងការប្រឆាំងម្តងហើយម្តងទៀតចំពោះការដាក់ពង្រាយប្រព័ន្ធប្រឆាំងមីស៊ីលរយៈកម្ពស់ខ្ពស់ (THAAD) របស់សហរដ្ឋអាមេរិកនៅក្នុងទឹកដីកូរ៉េខាងត្បូង នាពេលកន្លងមក។
ដោយហេតុ ប្រទេសចិនបានអះអាងថា រ៉ាដារយៈកំពស់ខ្ពស់ដ៏មានឥទ្ធិពលរបស់អាមេរិកនេះ គឺមានការគំរាមកំហែងដល់ទឹកដីរបស់ខ្លួន។ ហើយចិននិងរុស្ស៊ីក៏បានធ្វើសមយុទ្ធប្រឆាំងប្រព័ន្ធមីស៊ីលនេះផងដែរ។
គួររំលឹកឡើងវិញបន្តិចថា កាលពីឆ្នាំ ២០១៦ កន្លងទៅ ក្រសួងការពារជាតិចិនបានបញ្ជាក់ថា ខ្លួនបានកំពុងបន្តធ្វើការសាកល្បងប្រព័ន្ធមីស៊ីលរយៈកម្ពស់ខ្ពស់ ក្រោយពីរូបភាពបានបែកធ្លាយនៅលើកញ្ចក់ទូរទស្សន៍រដ្ឋចិន។ ទោះជាយ៉ាងណាក៏ដោយ ទីក្រុងប៉េកាំងសង្កត់ធ្ងន់ថា បច្ចេកវិទ្យាអាវុធទាំងនេះ គឺចាំបាច់ណាស់សម្រាប់ការការពារផលប្រយោជន៍ និងសន្តិសុខជាតិរបស់ប្រទេសចិន៕
អត្ថបទ៖ ហ៊ុន គន្ធថៃ