រដ្ឋាភិបាលទីក្រុងប៉េកាំង បានបង្កើនសម្ពាធលើប្រទេសជិតខាងដែលជាសមាជិកអាស៊ាន នៅមុនកិច្ចពិភាក្សាដ៏សំខាន់មួយនៅក្នុងជម្លោះសមុទ្រចិនខាងត្បូង ដោយមន្ត្រីការទូតជាន់ខ្ពស់ចិនបានព្រមានប្រទេសទាំងនេះមិនឲ្យគាំទ្រកិច្ចប្រឹងប្រែងរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់នេះឡើយ ។
អនុរដ្ឋមន្ត្រីការបរទេសចិន Luo Zhaohui ដែលទទួលបន្ទុកកិច្ចការអាស៊ី ក៏បាននិយាយផងដែរថា ការចរចាជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ស្ដីពីក្រមប្រតិបត្តិ (code of conduct) នៅក្នុងសមុទ្រចិនខាងត្បូង នឹងធ្វើជាបន្តនៅថ្ងៃព្រហស្បតិ៍ ទី៣ កញ្ញានេះ បន្ទាប់ពីផ្អាកនាពេលកន្លងមកដោយសារមេរោគកូវីដ១៩ ។
ការចរចាគ្នានេះបានចាប់ផ្ដើមនៅឆ្នាំ២០០២ ប៉ុន្តែ ជាប់គាំងមិនទៅមុខ ដោយសារតែជំហររបស់ទីក្រុងប៉េកាំង ដែលទាមទារថា មិនត្រូវរួមបញ្ចូល"ប្រទេសដែលនៅក្រៅតំបន់"នោះទេ ដែលនេះទំនងជាសំដៅទៅលើសហរដ្ឋអាមេរិក ។
និយាយទៅកាន់សិក្ខាសាលាអន្តរជាតិតាមអនឡាញមួយ ដែលរៀបចំដោយក្រសួងការបរទេសចិន និងអង្គការដែលគាំទ្រដោយរដ្ឋាភិបាល កាលពីថ្ងៃពុធ ទី២ កញ្ញា លោក Luo បាននិយាយថា សហរដ្ឋអាមេរិក គឺជាឫសគល់នៃបញ្ហានៅក្នុងសមុទ្រចិនខាងត្បូង ។
ប៉ុន្តែ អ្នកសង្កេតការណ៍បាននិយាយថា ពាក្យសម្ដីខ្លាំងៗរបស់លោកអនុរដ្ឋមន្ត្រីការបរទេសចិនរូបនេះ ទៅលើរដ្ឋាភិបាលក្រុងវ៉ាស៊ិងតុន អាចនឹងជះផលអវិជ្ជមានត្រឡប់មកខ្លួនវិញ ខណៈដែលក្រុងប៉េកាំងព្យាយាមទាក់ទាញការគាំទ្រពីអ្នកជិតខាងរបស់ខ្លួន ទាំងនៅក្នុងការចរចាផង ទាំងនៅក្នុងការប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិកផង ដោយសារតែលោកអនុរដ្ឋមន្ត្រីមិនបានផ្ដល់មធ្យោបាយថ្មីដើម្បីដោះស្រាយបញ្ហាកង្វល់របស់ប្រទេសទាំងនោះ នោះទេ ៕