យោងតាមឯកសារបែកធ្លាយមួយឈុតដែលសារព័ត៌មាន Al Jazeera ទទួលបាន អ្នកនាង Yang ស្ថិតក្នុងចំណោមពលរដ្ឋចិនដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភបំផុត ជាង ៥០០នាក់ ដែលបានទិញ'លិខិតឆ្លងដែនមាស' តាមរយៈការបោះទុនវិនិយោគ ម្នាក់ៗយ៉ាងហោច ២លានអឺរ៉ូប (២,៣លានដុល្លារអាមេរិក) ។ ដោយសារតែប្រទេសដែនកោះតូចមួយនេះជាសមាជិករបស់សហភាពអឺរ៉ុប ការទទួលបានលិខិតឆ្លងដែនស៊ីបបានក្លាយជាទ្វារក្រោយដែលអនុញ្ញាតឲ្យសេដ្ឋីៗទទួលបានសញ្ជាតិអឺរ៉ុប ។
សារព័ត៌មាន Al Jazeera មិនបានបញ្ចេញឈ្មោះជនជាតិចិនទាំងអស់ដែលស្ថិតក្នុងបញ្ជីនោះទេ ប៉ុន្តែ បានបញ្ចេញឈ្មោះឥស្សរជនសំខាន់ៗ ៨រូប ។ អ្នកនាង Yang ស្ថិតនៅលើគេនៃបញ្ជីឈ្មោះ ព្រោះអ្នកនាងជាម្ចាស់ភាគហ៊ុនធំនៃក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យចិន ឈ្មោះ Country Garden Holdings Company Limited ។
អ្នកនាង Yang គឺជាស្ត្រីដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅក្នុងប្រទេសចិន នៅអាស៊ី និងជាអ្នកមានទ្រព្យច្រើនជាងគេបំផុតទី៦ នៅលើពិភពលោក នៅក្នុងចំណាត់ថ្នាក់ដែលផ្ដល់ដោយទស្សនាវដ្ដី Forbes ដោយគិតត្រឹមឆ្នាំ២០២០នេះ អ្នកនាង Yang មានទ្រព្យសម្បត្តិដល់ទៅ ២០,៣ពាន់លានដុល្លារអាមេរិក ។ នៅពេលដែលពលរដ្ឋចិនទទួលបានសញ្ជាតិពីប្រទេសមួយផ្សេងទៀត ពួកគេនឹងបាត់បង់សញ្ជាតិចិនដោយស្វ័យប្រវត្តិ ។
ជនជាតិចិនដែលស្ថិតក្នុងបញ្ជីឈ្មោះដែលសារព័ត៌មាន Al Jazeera ទទួលបាន គឺជាជនដែលពាក់ព័ន្ធនឹងនយោបាយ ដោយសារតែពួកគេផ្ទាល់ ឬសមាជិកគ្រួសាររបស់ពួកគេមានតួនាទីនៅក្នុងជួរឥស្សរជនជាន់ខ្ពស់នៃរដ្ឋាភិបាលចិន ។ ឪពុករបស់អ្នកនាង Yang ឈ្មោះលោក Yang Guoqiang គឺជាសមាជិកនៃសន្និសីទពិគ្រោះយោបល់នយោបាយប្រជាជនចិន (Chinese People's Political Consultative Conference) និងជាប្រភពនៃទ្រព្យមួយចំណែកធំរបស់នាង ក្នុងនាមជាស្ថាបនិកនិងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Country Garden ។
ឥស្សជនចិនកំពូលៗ ៥រូបផ្សេងទៀតដែលស្ថិតក្នុងបញ្ជីឈ្មោះខាងលើដែរ គឺជាឥស្សរជនមានតួនាទីនៅក្នុងស្ថាប័ននយោបាយថ្នាក់ខេត្ត ស្រុក និងក្រុង នៃប្រទេសចិន ៕ ប្រភព៖ Taiwan News