សារព័ត៌មានបាងកកប៉ុស្ដិ៍ ដែលបានស្រង់សម្ដី ក្រុមហ៊ុនភ្នាក់ងារផ្ដល់សេវាទិញលក់អចលនទ្រព្យក្នុងប្រទេសថៃ បានឲ្យដឹងថា ក្រុងបាងកក គឺជាទីតាំងដ៏ពេញនិយមបំផុតដែលអ្នកទិញអចលនទ្រព្យជនជាតិចិន សម្រុកទៅទិញអាផាតមិន ខុនដូជាដើម សម្រាប់ទុកឲ្យកូនៗរបស់ពួកគេមកស្នាក់នៅ អំឡុងពេលបន្តការសិក្សានៅក្នុងប្រទេសថៃ។
ប្រភពព័ត៌មានបញ្ជាក់ឲ្យដឹងទៀតថា គ្រួសារចំណូលមធ្យមនៅប្រទេសចិន ចូលចិត្តបញ្ជូនកូនៗរបស់ពួកគេឲ្យមកបន្ដការសិក្សានៅប្រទេសថៃ ជាជាងទៅសិក្សានៅប្រទេសប៉ែកអឺរ៉ុប ព្រោះប្រទេសថៃ ជិតជាង និងការស្នើសុំទិដ្ឋាការ ឬវីសា ក៏ងាយស្រួល មួយវិញទៀតនោះ គឺថ្លៃសាលា ក៏មានទាបជាងនៅអឺរ៉ុបផងដែរ ខណៈដែលគុណភាពសិក្សាគឺមានស្ដង់ដារមិនអន់ឡើយ។
មានវិទ្យាស្ថានជាង ១០ ហើយនៅក្នុងប្រទេសថៃ បានធ្វើជាដៃគូជាមួយនឹងសាលានៅប្រទេសចិន ក្នុងការបង្កើនចំនួននិស្សិតចិនមកបន្ដការសិក្សានៅក្នុងប្រទេសថៃ។ ភាគច្រើននៃនិស្សិតចិនទាំងនោះ គឺមកពីខេត្ត គ័ងស៊ី គ័ងទុង និងយូណាន។
ក្រុមហ៊ុនផ្ដល់សេវាទិញលក់អចលនទ្រព្យអនឡាញ Juwai.com របស់ចិន កាលពីឆ្នាំមុននេះ ក៏បានចេញរបាយការណ៍មួយដែរថា ប្រទេសថៃ គឺត្រូវបានជាប់ចំណាត់ថ្នាក់ទី៤ ហើយ ដែលមានជនជាតិចិនជាអ្នកទិញអចលនទ្រព្យ និងមានវិនិយោគទុនចិនកំពុងសម្លឹងមើលឱកាសវិនិយោគនៅក្រៅប្រទេស ដោយគិតជាទឹកប្រាក់ ជាជាតិចិនបានទិញអចលនទ្រព្យនៅថៃ មានជាង ២ពាន់ ៣រយលានដុល្លារអាមេរិក កាលពីឆ្នាំ២០១៨។
យ៉ាងណាក៏ដោយចុះ អ្នកជំនាញអចលនទ្រព្យក្នុងប្រទេសថៃ ធ្លាប់បានអះអាងថា នៅឆ្នាំនេះ តម្លៃតម្លៃដី និងខុនដូ នៅក្នុងទីតាំងកណ្ដាលក្រុងនៃប្រទេសថៃ នឹងមានតម្លៃថេរ ពោលគឺនឹងមិនមានកំណើនកើនឡើងខ្ពស់ឡើយ ដោយសារតែ សម្ពោធនៃការផ្គត់ផ្គង់មានច្រើនលើសតម្រូវការ និយាយឲ្យចំទៅ គឺដី និងលំនៅដ្ឋានជាច្រើន នៅជាប់គាំងលក់មិនទាន់អស់នៅឡើយ។ តួយ៉ាង កាលពីឆ្នាំ២០១៨ ប្រទេសថៃ សល់ផ្ទះ ជិតកន្លះលានផ្ទះ ដែលមានតម្លៃសរុបប្រមាណ ៤១ ពាន់លានដុល្លារអាមេរិក ត្រូវបានសល់លក់មិនទាន់អស់នៅឡើយ។
តែយ៉ាងណា អ្នកជំនាញនៅតែបង្ហាញពីក្ដីរំពឹងខ្ពស់ថា អចលនទ្រព្យ ពិសេសលំនៅដ្ឋាន នឹងនៅតែជាទីផ្សារពេញនិយម សម្រាប់ជនជាតិចិនចូលមកទិញ ដោយគេបានព្យាករថា អាចនឹងមានកំណើនយ៉ាងតិច ១០ ភាគរយ ធៀបនឹងឆ្នាំមុន។ ក្នុងនោះ ទីក្រុងបាងកក ឈៀងម៉ៃ ប៉ាត់តាយ៉ា និងភូកេត សុទ្ធសឹងជាទិសដៅសំខាន់ៗ ដែលជនជាតិចិនសម្រុកទៅទិញអចលនទ្រព្យខ្លាំងជាងគេ៕