ក្នុងចំណោមធនាគារទាំង១៦ ដែលយល់ព្រមក្នុងការបញ្ចុះអត្រាការប្រាក់សម្រាប់អាជីវកម្មដែលរងផលប៉ះពាល់ដោយសារកូវីដ-១៩នោះ រួមមានធនាគារធំៗមួយចំនួនផងដែរ ដូចជា Vietcombank, Vietinbank BIDV, Agribank, Techcombank, ធនាគារ MB, VPBank, TPBank និងធនាគារ Sacombank ជាដើម។
អគ្គលេខាធិការសមាគមធនាគារវៀតណាម លោក ង្វៀន ហ្វុកហ៊ុង ការបញ្ចុះអត្រាការប្រាក់គឺជារឿងលំបាក ប៉ុន្ដែ នៅអំឡុងពេលនេះ វាគឺដល់ពេលវេលាដែលធនាគារត្រូវតែចែករំលែកការលំបាកជាមួយនឹងអាជីវកម្មនានាដែរ។
ធនាគារកសិកម្មវៀតណាម Agribank បានប្តេជ្ញាថា នឹងបញ្ចុះតម្លៃអត្រាការប្រាក់ជាមធ្យម១% ខណៈដែលធនាគារ MB វិញនឹងធ្វើដូចគ្នានេះដែរ ដោយនឹងបញ្ចុះអត្រាការប្រាក់យ៉ាងហោចណាស់១% ទៅលើប្រាក់កម្ចីរបស់អាជីវកម្មដែលរងផលប៉ះពាល់ដោយសារកូវីដ-១៩។
ធនគារ Sacombank វិញនឹងស្វែងរកការអនុញ្ញាតពីភាគហ៊ុនិករបស់ខ្លួនជាមុនសិន ដ្បិតថាការបញ្ចុះតម្លៃអត្រាការប្រាក់១% គឺស្មើនឹង៤០%នៃគោលដៅប្រាក់ចំណេញប្រចាំឆ្នាំរបស់ធនាគារទៅហើយ។
ទោះយ៉ាងណា មិនមែនម្ចាស់អាជីវកម្មទាំងអស់សុទ្ធតែអាចមានសិទ្ធិទទួលបានការបញ្ចុះតម្លៃអត្រាការប្រាក់នោះទេ ធនាគារអ្នកផ្ដល់កម្ចី លើកឡើងថា ពួកគេត្រូវផ្ដោតលើក្រុមហ៊ុន ឬអាជីវកម្មណាដែលពិតជារងផលប៉ះពាល់ពិតប្រាកដពីកូវីដ-១៩ មិនមែនអ្នកដែលដេកដួលរមួលផ្សំគ្រិច ឈឺតិចថាឈឺខ្លាំងនោះទេ។
ថ្នាក់ដឹកនាំធនាគារTechcombank និយាយថា ក្រុមហ៊ុនអចលនទ្រព្យដែលមានប្រាក់ចំណេញច្រើន ក្រុមហ៊ុននាំចេញ ឬបុគ្គលដែលខ្ចីលុយទៅទិញរថយន្ដពុំគួរត្រូវបានអនុញ្ញាតឲ្យមានសិទ្ធិទទួលបានការបញ្ចុះអត្រាការប្រាក់នោះទេ។
ថ្នាក់ដឹកនាំធនាគារដដែលនេះ បានសង្កត់ធ្ងន់ថា ក្រុមហ៊ុនដែលមានសារសំខាន់ខ្លាំងសម្រាប់សេដ្ឋកិច្ចប្រទេសជាមួយនឹងមានកម្លាំងពលកម្មច្រើន ទើបគួរតែត្រូវទទួលបានការបញ្ចុះអត្រាការប្រាក់ពីធនាគារ៕