ការធ្វើដំណើរក្នុងស្រុកតាមផ្លូវអាកាសនៅសហរដ្ឋអាមេរិក ហាក់មានសន្ទុះកើនឡើងខ្លាំង ដែលធ្វើឲ្យក្រុមហ៊ុនអាកាសចរណ៍ជាច្រើននៅអាមេរិក កំពុងប្រឈមមុខនឹងចំនួនអ្នកដំណើរដ៏ច្រើន ដែលសម្រុកនាំគ្នាកក់សំបុត្រធ្វើដំណើរ ជាពិសេសការធ្វើដំណើរកម្សាន្តសម្រាប់រដូវក្ដៅក្នុងឆ្នាំនេះ។
បើតាមរដ្ឋបាលផ្នែកដឹកជញ្ជូននៅអាមេរិក បានឲ្យដឹងថា បើទោះជាករណីឆ្លងកូវីដ១៩ ប្រចាំថ្ងៃនៅអាមេរិកបានកើនឡើងជាថ្មី ដោយសារមេរោគបំប្លែងខ្លួនឌែលតាក៏ដោយ ក៏ការធ្វើដំណើរ តាមជើងយន្ដហោះបានកើនឡើងជាលំដាប់។
ជាក់ស្តែង កាលពីទី០១ខែសីហាកន្លងទៅថ្មីៗនេះ មានអ្នកដំណើរច្រើនជាង ២លាន២សែន ត្រូវបានអាជ្ញាធរកត់ត្រា ពេលពួកគេឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យ មុនឡើងយន្តហោះចាកចេញពីអាកាសយានដ្ឋាន។
ចំនួនអ្នកធ្វើដំណើរខាងលើនេះកើនឡើងប្រមាណ១ម៉ឺននាក់ បើធៀបទៅកាលពីពាក់កណ្តាលខែកក្កដា ហើយវាក៏ជាចំនួនអ្នកធ្វើដំណើរក្នុងស្រុកច្រើនបំផុតចាប់តាំងពីចុងខែកុម្ភៈមក គ្រាដែលអាមេរិកមិនទាន់មានវត្តមានកូវីដ១៩។ ទោះជាបែបនេះក្ដី ការធ្វើដំណើរតាមយន្ដហោះនៅថ្ងៃចុងសប្តាហ៍នេះ នៅបន្តធ្លាក់ចុះ ១៧% បើធៀបទៅនឹងទិន្នន័យការធ្វើដំណើរថ្ងៃចុងសប្តាហ៍ ពេលមិនទាន់មានកូវីដ-១៩កាលពីឆ្នាំ២០១៩។
សូមបញ្ជាក់ថា ការកើនឡើងខ្លាំងនៃជើងហោះហើរនៅអាមេរិកនេះ ជាតួលេខសម្រាប់ការធ្វើដំណើរក្នុងប្រទេសប៉ុណ្ណោះ ខណៈរដ្ឋាភិបាលអាមេរិកនៅបន្តរឹតត្បិតលើការហោះហើរទៅក្រៅប្រទេសដដែល។ ជាក់ស្តែង សេតវិមានអាមេរិកបានបញ្ជាក់កាលពីពេលថ្មីនេះថា ខ្លួននឹងនៅតែបន្តវិធានការរឹតបន្តឹងសុវត្ថិភាពលើជើងហោះហើរក្រៅប្រទេសដដែល ដោយសារតែករណីឆ្លងកូវីដ១៩នៅក្នុងសហរដ្ឋអាមេរិកកំពុងកម្រើកឡើងវិញ ស្របពេលដែលកូវីដ១៩បំប្លែងខ្លួន ឌែលតាក៏កំពុងបន្ដរីករាលដាលពាសពេញពិភពលោកដូចគ្នា៕