ជាការឆ្លើយតបទៅនឹង សំណួរនៅក្នុងសន្និសីទសារព័ត៌មានមួយ ដែលសួរថា ចិន ទំនងជាចង់បើកការចរចាឡើងវិញទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម លោកប្រធានាធិបតីអាមេរិក បានសង្កត់ធ្ងន់ថា លោក មិនចាប់អារម្មណ៍នឹងការចរចាឡើងវិញនោះឡើយ សូម្បីតែបន្តិច ក៏គ្មានដែរ។
លោក ដូណាល់ ត្រាំ បន្តថា យើងបានចុះកិច្ចព្រមព្រៀងរួចទៅហើយ លោក ក៏បានលឺដែរថា ភាគីចិន ចង់បើកការចរចាឡើងវិញ ដើម្បីតែប្រយោជន៍ដល់ ចិន តែប៉ុណ្ណោះ ហើយលោក នឹងរង់ចាំមើលថាតើ ភាគីចិន ដែលធ្វើបានទៅតាម កិច្ចព្រមព្រៀងដែលពួកគេបានចុះជាមួយគ្នាដែរឬអត់។
គួររម្លឹកបន្តិចដែរថា កាលពីពេលថ្មីៗនេះ លោក ដូណាល់ ត្រាំ ក៏បានគំរាមដំឡើងពន្ធថ្មី បន្ថែមទៀតទៅលើទំនិញចិន ដោយចាត់ទុកជា ការសងសឹកចំពោះការរីករាលដាលនៃមេរោគកូវីដ១៩ ចេញមកពីប្រទេសចិន ហើយ លោកនឹងបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី ១ បើសិនជា ប្រទេសចិន មិនបានគោរពកិច្ចសន្យាបញ្ជាទិញទំនិញ តម្លៃជាង ២០០ពាន់លានដុល្លារអាមេរិកពី ប្រទេសអាមេរិកនោះទេ៕