មហាសេដ្ឋីពិភពលោក លោក Elon Musk បានបង្ហោះនៅលើបណ្តាញសង្គម Twitter កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ថា ក្នុងចំណោមរឿងទាំងឡាយដែលបានពិភាក្សាគ្នារវាងលោក និងនាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook គឺមានដោះស្រាយបញ្ហាយល់ច្រឡំជុំវិញការសង្ស័យថា Apple ដក Twitter ចេញពី App Storeរួចរាល់ហើយ។ ដោយក្នុងនោះ លោក Tim Cook បានបញ្ជាក់ច្បាស់ថា Apple មិនដែលគិតចង់ដក Twitter ចេញពី App Store នោះទេ។
ទោះយ៉ាងណាក៏ដោយលោក Elon Musk មិនបានបង្ហាញឱ្យដឹងទេថា លោក និង លោក Tim Cook បាននិយាយគ្នាពីការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ Apple នៅលើ Twitter ឬអត់នោះទេ។
អ្វីដែលគួរឱ្យកត់សម្គាល់ក្នុងការបង្ហោះនៅលើ Twitter នេះ គឺលោក Elon Musk បានបញ្ចេញវីដេអូដែលលោកបញ្ជាក់ថា ជាទិដ្ឋភាពដ៏ស្រស់ស្អាតនៅទីស្នាក់ការក្រុមហ៊ុន Apple ហើយឃើញមានស្រមោលមនុស្ស២នាក់នៅលើផ្ទៃទឹក ដែលនោះគឺជាលោក Elon Musk និងលោក Tim Cook។
គួររំលឹកថា កាលពីថ្ងៃទី២៨ ខែវិច្ឆិកាកន្លងទៅ លោក Elon Musk បានចោទប្រកាន់ក្រុមហ៊ុន Apple ថា បានគំរាមដកកម្មវិធីបណ្ដាញសង្គម Twitter របស់លោកចេញពី App Store របស់ Apple។
លោកបានលើកឡើងថា Apple បានដាក់សម្ពាធ Twitter ដោយទាមទារឱ្យរឹត្បិតលើមាតិកាណាដែលបំពានច្បាប់ ឬបង្កការប៉ះពាល់អវិជ្ជមានជាដើម បន្ទាប់ពី Apple ស្ទើរតែបានបញ្ឈប់ការផ្សព្វផ្សាយពាណិជ្ជកម្មតាមបណ្តាញសង្គមយក្សមួយនេះទៅហើយ។
នៅត្រីមាសទី១នៃឆ្នាំ២០២២ ក្រុមហ៊ុន Apple គឺជាអ្នកផ្សព្វផ្សាយច្រើនជាងគេមួយ នៅលើ Twitter ដោយចំណាយប្រមាណ ៤៨លានដុល្លារ ឬប្រហែលជាង ៤% នៃចំណូលសរុបរបស់ Twitter៕