វិស័យពាណិជ្ជកម្ម

អឺរ៉ុបជាទីផ្សារនាំចេញដ៏ធំមួយរបស់កម្ពុជា តែការវិនិយោគរបស់ក្រុមហ៊ុនអឺរ៉ុបនៅកម្ពុជា ហាក់នៅមានកម្រិត តើមកពីមូលហេតុអ្វី?


ការវិនិយោគពីបរទេស គឺជាកិច្ចការសំខាន់ណាស់សម្រាប់ប្រទេសជាតិ នីមួយៗ ដែលប្រៀបបានជាដង្ហើមសេដ្ឋកិច្ចមួយដ៏សំខាន់ ដ្បិតថា នៅពេលមានការវិនិយោគពីខាងក្រៅច្រើន វាក៏នឹងជំរុញឱ្យការនាំចេញទំនិញផ្សេងៗមានកំណើនផងដែរ។ ជាក់ស្តែងការវិនិយោគនៅកម្ពុជា មានកររីកចម្រើនគួរឱ្យកត់សម្គាល់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសវិនិយោគិនមកពីប្រទេសចិនតែម្តង។
វិស័យពាណិជ្ជកម្ម
ដោយ

តែយ៉ាងណាគេសង្កេតឃើញថា ក្រុមហ៊ុនមកពីអាម៉េរិក និងសហភាពអឺរ៉ុប ដែលជាទីផ្សារនាំចេញដ៏ធំរបស់កម្ពុជា ហាក់មិនសូវចាប់អារម្មណ៍បោះទុនវិនិយោគនៅកម្ពុជា។ តើមានមូលហេតុអ្វីធ្វើឱ្យការវិនិយោគពីអឺរ៉ុបមកកាន់កម្ពុជានៅមានកម្រិតយ៉ាងដូច្នេះ?

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជ្យបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា បើទោះបីកម្ពុជា បានបាត់បង់ការអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុប២០% ក៏ពិតមែន ប៉ុន្តែអឺរ៉ុបនៅតែជាទីផ្សារនាំចេញទំនិញដ៏ធំមួយរបស់កម្ពុជា ពិសេសផលិតផលវាយនភណ្ឌកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង កាបូប និងផលិតផលផ្សេងៗមួយចំនួនទៀត។ អ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា ទោះបីការនាំចេញទៅអឺរ៉ុបមានទំហំធំ តែក្រុមហ៊ុនអឺរ៉ុបវិនិយោគនៅកម្ពុជា ហាក់នៅមានកម្រិតតិចតួចនៅឡើយ បើធៀបនឹងប្រទេសផ្សេងៗជាពិសេសប្រទេសចិន។

សម្រាប់លោកបណ្ឌិត ហុង វណ្ណៈ កត្តាដែលធ្វើឱ្យកម្ពុជា ទទួលបានការវិនិយោគពីបណ្តាប្រទេសក្នុងតំបន់អឺរ៉ុបនៅមានកម្រិត គឺដោយសារវិនិយោគិនអឺរ៉ុប មុននឹងបណ្តាក់ទុនវិនិយោគនៅប្រទេសណាមួយតែងសម្លឹងមើលកត្តាជាច្រើនដូចជាកម្លាំងពលកម្ម ការបញ្ជាទិញ ស្ថានភាពភូមិសាស្រ្តនយោបាយ បរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធ លក្ខខណ្ឌវិនិយោគ និងការលើកទឹកចិត្តផ្សេងៗទៀតជាដើម។

ហើយសម្រាប់កម្ពុជា អ្នកជំនាញរូបនេះអះអាងថា ក៏មានលក្ខខណ្ឌស្របតាមតម្រូវការរបស់វិនិយោគិនអឺរ៉ុបច្រើនផងដែរ ក៏ប៉ុន្តែលក្ខខណ្ឌសំខាន់ដែលវិនិយោគិនទាំងនោះមានការពិចារណាក្នុងការវិនិយោគនៅកម្ពុជានោះ គឺអំណាចនៃការលក់រាយនៅកម្ពុជា មានទំហំតូចនៅឡើយ។

​ដើម្បីរួមចំណែកជួយជំរុញកំណើនវិនិយោគរបស់ក្រុមហ៊ុនអឺរ៉ុប នៅកម្ពុជា ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)នឹងធ្វើដំណើរទៅកាន់ទ្វីបអឺរ៉ុបនៅអំឡុងខែមិថុនា ខាងមុខនេះ ដើម្បីបង្ហាញពីសក្តានុពលវិនិយោគរបស់កម្ពុជា សំដៅគោះទ្វារហៅក្រុមហ៊ុនអឺរ៉ុប ជាពិសេសនៅអាល្លឺម៉ង់ និងអេស្ប៉ាញឱ្យមកសិក្សាពីឱកាសវិនិយោគនៅកម្ពុជា។ ការគោះទ្វារវិនិយោគនៅអឺរ៉ុបពីសំណាក់ថ្នាក់ដឹកនាំ CDC រូបនេះធ្វើឡើងក្នុងគោលបំណងបង្កើនភាពចម្រុះនៃក្រុមហ៊ុនវិនិយោគ ក៏ដូចជាបង្កើនភាពសម្បូរបែបនៃឧស្សាហកម្មថ្មីៗដូចជាគ្រឿងអេឡិកត្រូនិក យានយន្ត គ្រឿងបង្គុំ និងការកែច្នៃម្ហូបអាហារជាដើម។

សូមជម្រាបថា នៅ៤ខែដើមឆ្នាំ២០២៤នេះ កម្ពុជាបានអនុម័តលើគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្មសរុបចំនួន១២៨ គម្រោង ដែលមានទុនវិនិយោគសរុបជាង២,៥ពាន់លានដុល្លារ មានការកើនឡើងជាង៣០០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយអាចបង្កើតការងារបានជាង១៣ម៉ឺនកន្លែង៕

None



អត្ថបទបន្ទាប់


ចិនផ្អាកផ្តល់ការអនុគ្រោះពន្ធលើទំនិញតៃវ៉ាន់ ចំនួន១៣៤មុខ ក្រោមហេតុផលតៃវ៉ាន់ អនុវត្តផ្ទុយពីកិច្ចព្រមព្រៀង

ប្រទេសចិននឹងដំឡើងពន្ធលើទំនិញចំនួន១៣៤មុខរបស់តៃវ៉ាន់ ចាប់ពីខែក្រោយតទៅ បន្ទាប់ពីក្រសួងហិរញ្ញវត្ថុទីក្រុងប៉េកាំង បានប្រកាសជាចំហរថា ខ្លួននឹ…

តើសុខភាពក្នុងវិស័យសំណង់និងអចលនទ្រព្យនៅកម្ពុជា មានស្ថានភាពបែបណានៅពេលនេះ?

ការនាំចូលគ្រឿងសំណង់មកកាន់ទីផ្សារកម្ពុជា ហាក់បង្ហាញសញ្ញាវិជ្ជមានឡើងវិញ នៅត្រីមាសទី១ឆ្នាំនេះ ពោលគឺការនាំចូលដែកមានកំណើន៣៨% និងស៊ីម៉ង់ត៍…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ