ថ្លែងក្នុងពិធី ចុះអនុស្សារណៈយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការសេវាផ្ទេរប្រាក់ រវាងធនាគារអេស៊ីលីដា និងធនាគារឯកទេសវីង កាលពីពេលថ្មីៗនេះ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានលើកឡើងថា ការពង្រីកនូវវិសាលភាពសេវាផ្ទេរប្រាក់នៅកម្ពុជានេះ វាមិនត្រឹមតែជាផ្នែកមួយក្នុងជំរុញដល់កំណើនបរិយាប័នហិរញ្ញវត្ថុនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្ដែ វាក៏ជាបណ្ដុះនូវទម្លាប់ចេះគ្រប់គ្រងសាច់ប្រាក់ និងការទូទាត់ ដល់ប្រជាជនតាមមូលដ្ឋាន ដែលមិនធ្លាប់មានប្រើប្រាស់សេវាធនាគារពីមុនមកផងដែរ។
លោកបណ្ឌិត អ៊ិន ចាន់នី បាននិយាយថា«កិច្ចសហការរវាងធនាគារទាំងពីរ គឺធនាគារអេស៊ីលីដា និងធនាគារឯកទេសវីងនេះ គឺនឹងបំពេញតួនាទីមួយ នាំប្រជាជនដែលអត់ចេះប្រើធនាគារ ដែលមិនចេះ ឬមិនធ្លាប់ ឲ្យធ្លាប់! ធ្លាប់ហ្នឹងតាមរូបភាពបែបណា? កាលណាគាត់ផ្ទេរប្រាក់បានម្ដង ផ្ទេរប្រាក់ភ្លាមគាត់យកភ្លាម បាទអាហ្នឹងអត់ទាន់ទេ! ដល់យូរទៅគាត់យលថា មិនបាច់យកភ្លាមទេ ទុកចាំពីរបីថ្ងៃ [រក្សាប្រាក់ក្នុងគណនីធនាគារសិន] យូរទៅគាត់យល់ហើយថា ទុកប្រាក់នៅធនាគារ Safe (សុវត្ថិភាព) តើ! ពេលហ្នឹងគាត់ចាប់ផ្ដើមចេះពីរហើយ ទី១ចេះផ្ទេរប្រាក់ ទី២ចេះសន្សំប្រាក់ ហើយទី៣ បង្កើតបានមូលដ្ឋានថ្មីមួយទៀត កាលណាលំហូរសាច់ប្រាក់របស់កាត់មកជាទៀងទាត់ទៅ ធនាគារអាចឃើញហើយ អតិថិជនមួយហ្នឹងអាចមានគុណវុឌ្ឍិគ្រប់គ្រាន់ ដើម្បីអាចប្រើប្រាស់ឥណទានខ្នាតតូចបំផុតណាមួយ»។
ជាមួយគ្នានេះដែរ ចំពោះកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនទាំងពីរ គឺធនាគារអេស៊ីលីដា និងធនាគារឯកទេសវីងនេះ ត្រូវបានលោកបណ្ឌិត អ៊ិន ចាន់នី គូសបញ្ជាក់ថា នឹងសម្រួលដល់អ្នកប្រើប្រាស់ ក្នុងការទទួលបានសេវាផ្ទេរប្រាក់ទៅមកតាមរយៈសេវាធនាគារទាំងពីរនេះ ក៏ដូចជាបង្កើននូវសុវត្ថិភាពការទូទាត់កាន់តែប្រសើរឡើងផងដែរ៕