នៅក្នុងញត្តិឆ្លើយតបទៅកាន់ក្រុមឃ្លាំមើលការប្រកួតប្រជែងរបស់ប្រទេសអូស្ត្រាលី ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកដ៏ធំមួយនេះ បាននិយាយថា ព័ត៌មានតំណាងឲ្យតែមួយផ្នែកតូចប៉ុណ្ណោះនៃមាតិកានៅលើ news feed របស់អ្នកប្រើប្រាស់ទូទៅ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានបារាំង អាអេហ្វប៉េ។
ក្រុមហ៊ុនហ្វេសប៊ុកនិយាយយ៉ាងដូច្នេះ "ប្រសិនបើគ្មានមាតិកាដំណឹង (ព័ត៌មាន)នៅលើហ្វេសប៊ុក នៅក្នុងប្រទេសអូស្ត្រាលីទេនោះ យើងជឿជាក់ថា ផលប៉ះពាល់មកលើចំណូលរបស់ហ្វេសប៊ុកនៅអូស្ត្រាលី នឹងមិនជាដុំកំភួនអ្វីនោះទេ"។ "ប៉ុន្តែ ដោយគិតដល់គុណតម្លៃសង្គមនិងផលប្រយោជន៍ចំពោះក្រុមហ៊ុនសារព័ត៌មាន យើងនឹងចង់បន្តផ្ដល់លទ្ធភាពដល់ការចែកចាយមាតិកាព័ត៌មានពីក្រុមហ៊ុនសារព័ត៌មាន នៅលើបណ្ដាញរបស់យើង ជាបន្តដដែល"។
អូស្ត្រាលីគ្រោងនឹងបង្ហាញពីផែនការដើម្បីបង្ខំហ្វេសប៊ុក និង Google ឲ្យចែករំលែកចំណូលពីការផ្សាយពាណិជ្ជកម្ម ដែលក្រុមហ៊ុនយក្សទាំងពីរនេះរកបានពីព័ត៌មាន (មាតិកាដំណឹង) ដែលចែកចាយនិងផ្សាយនៅលើសេវារបស់ពួកគេ។
គំនិតផ្ដួចផ្ដើមនេះ បានត្រូវក្រុមហ៊ុនសារព័ត៌មានធំៗចំនួន ២ នៅអូស្ត្រាលី ជំរុញយ៉ាងខ្លាំងក្លា គឺក្រុមហ៊ុន News Corp និង Nine Entertainment។
ស្ថាប័នសារព័ត៌មានធំទាំងពីរនេះ បានលើកហេតុផលថា វិបត្តិដែលកើតឡើងទៅលើវិស័យសារព័ត៌មាននៅជុំវិញពិភពលោក គឺបណ្ដាលមកពី Google, Facebook និងក្រុមហ៊ុនបច្ចេកវិទ្យាធំៗដទៃទៀត ដណ្ដើមយកមួយចំណែកធំនៃចំណូលពីការផ្សាយពាណិជ្ជកម្មនៅលើអនឡាញ ដោយមិនមានសំណងសមរម្យដល់ស្ថាប័នសារព័ត៌មានសម្រាប់ការផ្សាយពាណិជ្ជកម្មដែលដាក់ផ្សាយនៅក្នុងមាតិកាដំណឹង។
និយ័តករការប្រកួតប្រជែងរបស់ប្រទេសអូស្ត្រាលី ហៅកាត់ថា ACCC បានប៉ាន់ស្មានថា ក្នុងមួយឆ្នាំ Google និង Facebook បូករួមគ្នា រកចំណូលបានប្រហែល ៤ពាន់លានដុល្លារអាមេរិក ពីការផ្សាយពាណិជ្ជកម្មនៅក្នុងប្រទេសអូស្ត្រាលី។
ស្ថាប័នផ្សាយព័ត៌មានធំៗ បានទាមទារឲ្យក្រុមហ៊ុនយក្សទាំងពីរនេះ ចែកចំណូលនេះយ៉ាងហោច ១០% ក្នុងមួយឆ្នាំៗ ឲ្យទៅដល់ស្ថាប័នសារព័ត៌មានក្នុងស្រុកក្នុងប្រទេសអូស្ត្រាលី។
ក្រុមហ៊ុន Google កាលពីខែមុន បានច្រានចោលការទាមទារនេះរួចទៅហើយ ដោយនិយាយថា ខ្លួនរកចំណូលបានមិនដល់ ១០លានដុល្លារអូស្ត្រាលី ផងទេ ក្នុងមួយឆ្នាំ ពីការផ្សាយពាណិជ្ជកម្មដែលមានជាប់ពាក់ព័ន្ធនឹងមាតិកាដំណឹង/ព័ត៌មាន។
Google និង Facebook ទាំងពីរ ឆ្លើយតបថា ពួកគេបានផ្ដល់ជាគុណតម្លៃគិតជាទឹកប្រាក់រាប់រយលានដុល្លារ ទៅដល់ក្រុមហ៊ុនសារព័ត៌មានអូស្ត្រាលី តាមរយៈការជួយជំរុញកំណើនអ្នកចូលអានគេហទំព័ររបស់ស្ថាប័នព័ត៌មានទាំងនោះ ហើយតាមរយៈនេះ ស្ថាប័នព័ត៌មានអាចរកលុយបានពីការផ្សាយពាណិជ្ជកម្ម ឬការជាវបង់ប្រាក់សមាជិក៕