នៅក្នុងបទសម្ភាសជាមួយសាព័ត៌មានខេមបូណូមីស លោក យក់ ចំរើនឫទ្ធិ ប្រធានអគ្គនាយកនៃក្រុមហ៊ុនសម្ព័ន្ធធានារ៉ាប់រង Forte បានបង្ហាញពីទស្សនវិស័យរបស់ក្រុមហ៊ុនខ្លួនថា ក្រុមហ៊ុនធានារ៉ាប់រង Forte អាចនឹងហក់ចូលក្នុងវិស័យភាគហ៊ុននៅថ្ងៃអនាគតខាងមុខ ខណៈបច្ចុប្បន្នក្រុមហ៊ុននេះ កំពុងរៀបចំខ្លួនសម្រាប់វិស័យមួយនេះ។
សម្រាប់គម្រោងហក់ចូលផ្សារមូលបត្រ ថ្នាក់ដឹកនាំរូបនេះវាយតម្លៃថា ក្រុមហ៊ុន ហ្វតេ អាចចំណាយពេលពីពីរទៅបីឆ្នាំ ពោលគឺក្រោយក្រុមហ៊ុននេះគិតថា ខ្លួនមានសក្ដានុពលគ្រប់គ្រាន់សម្រាប់វិនិយោគគិនបរទេស។
ទន្ទឹមគ្នានេះ លោក យក់ ចំរើនឫទ្ធិ បានគូសបញ្ជាក់ថា បច្ចុប្បន្នចំណែកទីផ្សារអាជីវកម្មធានារ៉ាប់រង Forte កំពុងមានការកើនឡើងជាបន្តបន្ទាប់ ដែលធ្វើឱ្យទំហំទុនវិនិយោគរបស់ក្រុមហ៊ុនកើនលើសតម្រូវការ តែយ៉ាងណាក្រុមហ៊ុននឹងយកទុនដែលនៅសល់ទាំងនោះទៅពង្រីកការវិនិយោគនៅបរទេស។
បើតាមថ្នាក់ដឹកនាំរូបនេះ ក្រុមហ៊ុនសម្ព័ន្ធធានារ៉ាប់រង Forte កំពុងសម្លឹងឱកាសពង្រីកការវិនិយោគទៅកាន់ប្រទេសវៀតណាម ថៃ និងប្រទេសមីយ៉ាន់ម៉ា ជាដើម។
សូមបញ្ជាក់ថា នាពេលថ្មីៗនេះ ក្រុមហ៊ុនសម្ព័ន្ធធានារ៉ាប់រង Forte ទើបទទួលបានពានរង្វាន់អាជីវកម្មបរិយាបន្នល្អបំផុតប្រចាំតំបន់អាស៊ាន ក្នុងឆ្នាំ២០២៣ ពីកម្មវិធីអាជីវកម្មបរិយាប័ន្នអាស៊ាន លើកទី៦ បន្ទាប់ពីក្រុមហ៊ុនធានារ៉ាប់រងមួយនេះ ត្រូវបានអ្នកជំនាញមើលឃើញថា មានលក្ខណសម្បត្តិគ្រប់គ្រាន់ និងបានអនុវត្តពេញលេញដោយផ្ដោតលើអាជីវកម្មមានការទទួលខុសត្រូវលើសង្គមប្រកបដោយនិរន្តរភាព មានចីរភាព និងការអភិវឌ្ឍ៕
អត្ថបទ៖ បូ ដូឡា