សហគ្រិនភាព

លះបង់អាជីពពេទ្យធ្មេញ មកធ្វើជាសហគ្រិន! បច្ចុប្បន្ន ក្លាយជានាយកប្រតិបត្តិក្រុមហ៊ុន តម្លៃជាង២ពាន់លានដុល្លារ


លោក Seunggun Lee ធ្លាប់ធ្វើជាពេទ្យធ្មេញម្នាក់ដែលតែងតែប៉ះប្រហោងធ្មេញឲ្យភ្ញៀវជាប្រចាំ ប៉ុន្ដែបែរជា បានសម្លឹងឃើញភាពចន្លោះប្រហោងនៅក្នុងវិស័យឧស្សាហកម្មធនាគារទៅវិញ ដោយលោកយល់ឃើញថា វាជាសេវាកម្មហិរញ្ញវត្ថុមួយ ដែលចាំបាច់សម្រាប់តម្រូវការទីផ្សារនៅកូរ៉េ។ នៅទីបំផុត សហគ្រិនរូបនេះ បានសម្រេចបោះបង់អាជីពដែលជាពេទ្យធ្មេញ របស់ខ្លួន ហើយបានជំនះមកចាប់ផ្ដើមធ្វើការឲ្យគំនិតរបស់ខ្លួនដែលអ្នកដទៃយល់ថាជាគំនិតឆ្កួតៗ។
លះបង់អាជីពពេទ្យធ្មេញ មកធ្វើជាសហគ្រិន! បច្ចុប្បន្ន ក្លាយជានាយកប្រតិបត្តិក្រុមហ៊ុន តម្លៃជាង២ពាន់លានដុល្លារ (រូបភាព៖ CNBC)

ថ្លែងប្រាប់​សារព័ត៌មាន CNBC លោក Seunggun Lee បាន​ប្រាប់ថា នៅពេល​លោក​ចាប់ផ្ដើម​អាជីវកម្ម​តាម​គំនិត​របស់លោកនេះ លោកមិនបាន​ដឹងថា វាជារឿង​ត្រូវច្បាប់​ឬ យ៉ាងណាទេ គ្រាន់តែដឹងថា វា​ពិតជា​មានតម្រូវការ​ និងផ្ដល់នូវភាព​ងាយស្រួល​ដល់អ្នកប្រើប្រាស់សេវា​ហិរញ្ញវត្ថុ។

សហគ្រិន​វ័យ​ ៣៧ ឆ្នាំរូបនេះ បាន​ចាប់ផ្ដើម​អាជីវកម្ម​សេវា​ផ្ទេរ​ប្រាក់​នៅកូរ៉េខាងត្បូង ដោយចំណាយ​ដើមទុន​ដំបូង ៤០ម៉ឺន​ដុល្លារអាមេរិក​ដែល​ពាក់កណ្ដាល​ជាប្រាក់សន្សំ​របស់លោក និង​ពាក់កណ្ដាលទៀត ជាប្រាក់កម្ចី​ពីធនាគារ។

លោក Lee បាន​ចាប់ផ្ដើម​អាជីវកម្ម​សេវា​ផ្ទេរប្រាក់​នៅឆ្នាំ២០១៤ ដែលជាការផ្ទេរ​ប្រាក់​ពី​ដៃគូមួយ ទៅដៃគូមួយទៀត (P2P) តាមរយៈ​កម្មវិធី​ Apps របស់ទូរស័ព្ទដៃ ស្រដៀងគ្នា​នឹង​កម្មវិធី Venmo របស់ Paypal ដែរ។ ប៉ុន្ដែ នៅកូរ៉េខាងត្បូង និយ័តករ ដែលជារដ្ឋាភិបាល​បាន​ចាត់ទុកថា សេវាកម្មនេះ គឺមិនមាន​ភាពស្របច្បាប់​នោះឡើយ។

«ខ្ញុំ​ អាច​មើលឃើញ​នូវ​ផលិតផលជាច្រើន​ដែល​មានដំណើរការ​នៅសហរដ្ឋអាមេរិក ហើយខ្ញុំគិតថា បើ​វាអាច​យក​មក​បើក​នៅ​កូរ៉េបាន នោះវា​នឹង​មាន​រីកចម្រើន​ធំណាស់»។ លោក Lee Seunggun មានប្រសាសន៍​យ៉ាងដូច្នេះ។  

លោក Lee បាន​ចំណាយពេល​១ឆ្នាំ​ធ្វើការ​ជាមួយនឹង​និយ័តករ​ក្នុងវិស័យធនាគារ ដើម្បី​អាច​ពន្យល់​និយ័តករ​ឲ្យទទួលយក​គំនិត​អាជីវកម្ម​ផ្ទេរ​ប្រាក់​របស់​លោក។ 

នៅឆ្នាំ ២០១៥ រដ្ឋាភិបាល​កូរ៉េ​លើបាន​សម្រេច​យល់ព្រម​លុបចោល​ច្បាប់​ដែលបង្អាក់​ដំណើរការ​ការ​ផ្ទេរប្រាក់​តាមកម្មវិធីទូរស័ព្ទនេះ ហើយក្រុមហ៊ុន​របស់លោក គឺ Toss បាន​បើកដំណើរការ​ពេញលេញ ស្របតាម​ច្បាប់អនុញ្ញាត​តាំងពីពេល​នោះមក។

នៅពេល​ដែលត្រូវបាន​អ្នកសារព័ត៌មាន​ CNBC សួរថា តើ​ការ​បញ្ចុះបញ្ចូល​ឲ្យរដ្ឋាភិបាល​យល់ព្រម​បើកផ្លូវ​ស្របច្បាប់​សម្រាប់​អាជីវកម្មលោក វា​ជាការលំបាក​ខ្លាំងទេ? សហគ្រិន​កូរ៉េរូបនេះ បាន​បញ្ជាក់ថា ពិតណាស់​វាលំបាក តែ​រឿងដែលលំបាកជាង​នេះ ទៀតនោះ គឺ ការយកឈ្នះ​ចិត្ត​ឪពុកម្ដាយ​របស់​លោកផ្ទាល់។

លោក Lee បាន​រំឭកឲ្យដឹងថា នៅពេល​ដែល​លោក ប្រាប់​ឪពុកម្ដាយ​ថា នឹង​លះបង់អាជីព​ការងារ​ជាពេទ្យធ្មេញ មកធ្វើ​ជាសហគ្រិន ពួកគាត់​ខឹងខ្លាំងណាស់។

លោក Lee បាននិយាយថា «វាពិតជា​មិនស្រួលទេ! វាពិតជាធ្វើឲ្យឪពុកម្ដាយ​ខ្ញុំ​អស់សង្ឃឹម​នឹង​ខ្ញុំនាពេលនោះ ព្រោះនៅអាស៊ី ជាទូទៅ គ្រួសារ​ ក៏ដូចជា​សង្គម​តែងតែ​មានក្ដីរំពឹងថា អ្នកនឹងអាចធ្វើ​នូវរឿង​តាមចាស់ៗ​ចង់បាន ដុចជា​ធ្វើជា​វេជ្ជបណ្ឌិត និង​ពេទ្យធ្មេញ​អីជាដើមនេះ។ ប៉ុន្ដែ ខ្ញុំ​មិនចង់ធ្វើ​ដូចនោះទេ»។

លោក Lee បាន​លើកឡើងដែរថា ការស្ទាក់ស្ទើរ​របស់ឪពុកម្ដាយ​គាត់​ មិនមែន​គ្មាន​មូលហេតុ​ត្រឹមត្រូវនោះទេ ព្រោះពូកគាត់​បារម្ភច្រើន។ លោក បាន​ចំណាយពេល​៣ខែ ដើម្បី​បញ្ចុះបញ្ចូល​ឲ្យ​ឪពុកម្ដាយ ទទួលយក​ការសម្រេចិត្ត​ឈប់ពីការងារ​ ធ្វើជាសហគ្រិន តែត្រូវបាន​ពួកគាត់​មិនយល់ព្រម។ ទីបំផុត គាត់បាន​បោះបង់ការពន្យល់​ទៅកាន់ឪពុកម្ដាយ ហើយជំនះធ្វើ​វា​ដោយខ្លួនឯង ដោយគាត់បាន​ប្ដេជ្ញាចិត្ដថា ទោះមាន​ការគាំទ្រ ឬគ្មាន​ការគាំទ្រ ពីគ្រួសារ ក៏លោក​ត្រូវតែ​ធ្វើវាឲ្យបាន។ 

ទីបំផុត លោកបាន​ឈប់ធ្វើការ ហើយនៅពេល​ឈប់ពីការ​ងារ​ដំបូង លោកបាន​ចំណាយពេល​៤ ឆ្នាំ ហើយជីវិតលោក គឺ​មានតែការ​សន្សំ​បទពិសោធន៍ ជាមួយនឹង​គំនិតជាច្រើន។ លោកបាន​បរាជ័យ​លើការ​ចាប់ផ្ដើម​អាជីវកម្ម​ចំនួន ៨ អាជីវកម្ម​ ដែល​រាប់ចាប់ពី​កម្មវិធី បណ្ដាញ​ផ្សព្វផ្សាយសង្គម និងកម្មវិធីទូរស័ព្ទ​ផ្សេងទៀត ហើយនៅចុងក្រោយ​គាត់បាន​ទទួលជោគជ័យ លើ​អាជីវកម្ម​ផ្ទេរប្រាក់តាម​រយៈ​កម្មវិធីទូរស័ព្ទ ដែលមាន​ឈ្មោះថា Toss.។

ការប្ដេជ្ញាចិត្ត របស់លោក Lee ចាប់ផ្ដើម​ចេញជាលទ្ធផល​ផ្លែការ ដោយមាន​វិនិយោគិន​​បាន​មើលឃើញ​ពីគុណតម្លៃ​របស់របស់ក្រុមហ៊ុន Toss របស់លោក ហើយក៏បាន​បណ្ដាក់ទុនចូល ធ្វើឲ្យក្រុមហ៊ុន​កាន់តែរីកធំឡើង។

នៅឆ្នាំ២០១៤ ក្រុមហ៊ុន Altos Venture បានក្លាយជា​វិនិយោគិន​ដំបូង​គេបង្អស់ របស់ ក្រុមហ៊ុន Toss រួមបញ្ចូលទាំង ក្រុមហ៊ុន Paypal, Sequoia China និងក្រុមហ៊ុនមូលនិធិ​ទ្រព្យសម្បត្តិបរទេស​ GIC របស់សិង្ហបុរី ក៏ឈរនៅពីក្រោយ​ក្រុមហ៊ុន​ Toss នេះដែរ។ 

លោក Moonsuk Oh នាយក​ក្រុមហ៊ុន Altos Ventures បាន​និយាយ​នៅក្នុងសារព័ត៌មាន CNBC ថា «យើង​បាន​មើលឃើញ​ឱកាស​ធំ និងនិន្នាការ​ដែលបាន​កំពុង​កើនឡើង​នៅខាងក្រៅ​ប្រទេសកូរ៉េ។ ហើយយើង​​បាន​ឃើញ​ស្ថាបនិកម្នាក់​ ដែលមាន​ចក្ខុវិស័យ និង​ការប្ដេជ្ញាចិត្ត ដើម្បីធ្វើវា»។

គិតត្រឹមខែ​សីហាឆ្នាំនេះ ដើមទុនសរុប​របស់​ក្រុមហ៊ុន Toss បានកើនឡើង​ដល់ ២៦១,៥ លាន​ដុល្លារអាមេរិក ដែលបាន​ធ្វើឲ្យក្រុមហ៊ុននេះ មានតម្លៃ​សរុប​២,២ពាន់​លានដុល្លារអាមេរិក។

ក្នុងរយៈពេល មិនដល់៥ឆ្នាំផង ក្រុមហ៊ុន​សេវា​ផ្ទេរប្រាក់ Toss ទទួលបាន​អ្នកប្រើប្រាស់​ចុះឈ្មោះ​ចំនួន​១៤លាននាក់ ស្មើនឹង​២៧%នៃ​ប្រជាជន​កូរ៉េ​ខាងត្បុងសរុប ៥១លាននាក់ និងមានប្រតិបត្តិការ​ទូទាត់​ជាង​៤៨​លាន​ដង។ នេះបើតាមទិន្នន័យ​ពីក្រុមហ៊ុន។

បើតាម​មហិច្ឆតា​របស់​ស្ថាបនិក​ក្រុមហ៊ុន Toss ក្រៅពីមាន​ប្រតិបត្តិការ​នៅ​ប្រទេសកូរ៉េខាងត្បូងហើយនោះ​ ក្រុមហ៊ុន ក៏នឹង​មាន​ផែនការ​ពង្រីក​ប្រតិបត្តិការ​ទៅកាន់ប្រទេស​នៅតំបន់អាស៊ីអាគ្នេយ៍​ផងដែរ​នៅពេល​អនាគត៕

None



អត្ថបទបន្ទាប់


គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ផ្លាស់ប្តូរស្លាកនិមិត្តសញ្ញាអាជីវកម្ម (ឡូហ្គោ) ថ្មី

អម្រឹត ដែលជាគ្រឹះស្ថានឈានមុខគេមួយក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានចេញនូវយុទ្ធនាការមួយ ដើម្បីបង្ហាញពី ទំនាក់ទំនងយ៉ាងជិតស្ន…

ASUS បញ្ចេញលក់កុំព្យូរទ័រយូរដៃ Vivobook S15 ស៊េរីថ្មី លើទីផ្សារកម្ពុជា

ទីផ្សារផលិតផលកុំព្យូទ័រយួរដៃនៅកម្ពុជាបច្ចុប្បន្នកំពុងមានភាពប្រកួតប្រជែងគ្នាកាន់តែខ្លាំង ដែលតម្រូវឲ្យក្រុមហ៊ុនផលិតត្រូវការបន្ថែមនូវមុខងារ សម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ