បើទោះបីជា ថ្មីៗនេះ កម្ពុជាទើបតែទទួលបានវត្ថុធាតុដើមពីប្រទេសចិន រាប់រយកុងតឺន័រសម្រាប់បំពេញតម្រូវការផលិតកម្មរបស់រោងចក្រកាត់ដេរក៏ដោយ ប៉ុន្ដែ មកទល់ពេលនេះ ស្ថានភាពរបស់វិស័យកាត់ដេរនៅកម្ពុជា ត្រូវបានអ្នកជំនាញអះអាងថា នៅតែស្ថិតក្នុងភាពលំបាកលំបិនកាន់តែខ្លាំង។ លំបាកលំបិន គឺព្រោះតែ ក្រុមហ៊ុនអ្នកបញ្ជាទិញធំៗ ដូចជាពីអាមេរិក និងអឺរ៉ុបជាដើម បានប្រាប់ឲ្យរោងចក្រនៅកម្ពុជាពន្យារពេលផ្គត់ផ្គង់ ព្រមទាំងបានលុបចោលនូវការកម៉្មង់ទិញសម្រាប់រយៈពេល ២ ទៅ៣ខែ ខាងមុខថែមទៀតផង។
លោកកាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានបញ្ជាក់ថា បច្ចុប្បន្ន មានអ្នកបញ្ជាទិញប្រមាណ ៧០ ទៅ៨០% ទៅហើយ បានប្រាប់ឲ្យរោងចក្រផ្អាកការផ្គត់ផ្គង់ និងការផលិតបណ្ដោះអាសន្ន ព្រោះតែនៅប្រទេសទាំងនោះ កំពុងជួបបញ្ហារីករាលដាលនៃមេរោគ Covid-19 កាន់តែខ្លាំង ហើយគេក៏ទាន់មិនដឹងពីពេលវេលាជាក់លាក់ថា បញ្ហានេះ នឹងធូរស្បើយមកវិញនៅពេលណានោះដែរ។
លោក កាំង ម៉ូនីកា បន្ថែមថា បើទោះបីជាក្រុមហ៊ុនបញ្ជាទិញពីអាមេរិក និងអឺរ៉ុប ទាំងនោះ លុបចោលការកម្ម៉ង់ថ្មី ២ទៅ ៣ខែ ខាងមុខក៏ដោយចុះ ប៉ុន្ដែ សមាគមបានចេញសេចក្ដីអំពាវនាវកាលពីថ្ងៃទី ២៥ ខែមីនាកន្លងទៅនេះ គឺស្នើឲ្យក្រុមហ៊ុនបញ្ជាទិញទាំងនោះ ទទួលយកទំនិញដែលរោងចក្រនៅកម្ពុជា បានផលិតរួចហើយ និងកំពុងផលិត ព្រោះថា ទំនិញទាំងនោះ គឺជាការកម្ម៉ង់ចាស់ របស់ពួកគេ ដែលមានចុះកិច្ចសន្យាទិញពីរោងចក្រនៅកម្ពុជា។ ទំនិញដែលកម្ម៉ង់ចាស់ទាំងនោះ គឺត្រូវបានក្រុមហ៊ុនបញ្ជាទិញ បានប្រាប់ឲ្យរោងចក្រព្យារពេលផ្គង់ផ្គង់។
លោក កាំង ម៉ូនីកា សង្ងត់ធ្ងន់ទៀតថា «ទោះបីជាឲ្យយើងពន្យារពេល ឬយ៉ាងណាក៏ដោយចុះ តែយើងស្នើឲ្យគាត់គិតគូ អំពីការទូទាត់… ស្របទៅតាមកិច្ចសន្យា ដើម្បីធ្វើយ៉ាងណាឲ្យរោងចក្រទទួលបានប្រាក់ចំណូលសម្រាប់បើកប្រាក់បៀវត្សរ៍ជូនកម្មករ។ យើងដឹងហើយនៅក្នុងការធ្វើជំនួញ លំហូរសាច់ប្រាក់មានសារសំខាន់ខ្លាំងណាស់ ក្រុមហ៊ុនណាក៏ដូចក្រុមហ៊ុនណាដែរ គឺផ្ដោតខ្លាំងបំផុតទៅលើលំហូរសាច់ប្រាក់នេះឯង។ អញ្ចឹងហើយបើគ្មានលំហូរសាច់ប្រាក់ទេ គឺរោងចក្រក៏ដូចជាក្រុមហ៊ុនផ្សេងៗដែរ គឺមិនអាចបន្តប្រតិបត្តិការបានទេ។»
នៅពេលដែលត្រូវបានសួរថា បើសិនជាអ្នកបញ្ជាទិញ មិនព្រមទូទាត់តាមកិច្ចសន្យា ស្របទៅតាមការអំពាវនាវ តើរោងចក្រកាត់ដេរនៅកម្ពុជា ពិតជាប្រឈមនឹងបញ្ហាខ្វះសាច់ប្រាក់បើកប្រាក់ខែជូនកម្មករពិតមែនទេ? លោក កាំង ម៉ូនីកា ឆ្លើយតបថា «ពិតប្រាកហើយ!»។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ធ្លាប់បានលើកឡើងថា យ៉ាងហោចណាស់ កម្ពុជាមានតម្រូវការសាច់ប្រាក់ ក្នុងការបើកប្រាក់ខែជូនដល់កម្មករ ក្នុងមួយខែប្រមាណជាង ២០០ លានដុល្លារអាមេរិក។
បើតាមការបញ្ជាក់របស់ លោក កាំង ម៉ូនីកា គិតត្រឹមថ្ងៃទី ២៦ មីនា រោងចក្រដែលបានផ្អាកប្រតិបត្តិការផលិតជាបណ្ដោះអាសន្នមានចំនួន ៥៥ រោងចក្រ ដែលប៉ះពាល់ដល់ការងារកម្មករប្រមាណ ៣ម៉ឺននាក់។ យ៉ាងណាមិញ សម្រាប់ឆ្នាំ២០២០នេះដែរ សមាគមរោងចក្រកាត់ដេរ អះអាងថា នឹងមិនមានរោងចក្រកាត់ដេរណាមួយមានប្រាក់ចំណេញនោះទេ ខណៈដែលប៉ុន្មានខែមកនេះ វិស័យនេះត្រូវបានរងការប៉ះទង្គិចដោយសារបញ្ហាមេរោគ Covid-19 ហើយវាក៏មិនទាន់ដឹងច្បាស់ថា បញ្ហានេះ នឹងត្រូវបានដោះស្រាយធូរស្បើយមកវិញនៅពេលណានោះដែរ៕