តាមរបាយការណ៍ដដែលនេះ បានឲ្យដឹងទៀតថា សម្រាប់ខែកក្កដាកន្លងទៅនេះ ចំណូលពន្ធ-អាករ គ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានមានជាង១៩៤លានដុល្លារអាមេរិក ស្មើនឹង៦,៨១% នៃផែនការប្រចាំឆ្នាំ ធៀបនឹងខែកក្កដាឆ្នាំ២០១៩ មានការថយចុះប្រមាណ៧,៧១%។
នៅរយៈពេល៧ខែមកនេះ ប្រភពចំណូលពីប្រភេទពន្ធ ២ ប្រភេទនៅតែរក្សាបានកំណើនក្នុងនោះ គឺអាករលើតម្លៃបន្ថែមកើនឡើង៣,១៧% និងពន្ធលើប្រាក់ចំណូលកើនឡើង២២,៧១% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។
បើតាមអគ្គនាយដ្ឋានពន្ធដារ នៅឆ្នាំ២០២០នេះ ស្ថាប័នប្រមូលចំណូលជាតិមួយនេះ មានកាតព្វកិច្ចក្នុងការអនុវត្តការប្រមូលចំណូលពន្ធ ឲ្យបានគ្រប់តាមផែនការក្នុងចំនួនប្រមាណជាង២.៨៨៥ លានដុល្លារអាមេរិក។
គួរបញ្ជាក់ដែរថា ក្នុងកាលៈទេសៈកូវីដ-១៩ បាននិងកំពុងបន្ដរាតត្បាតនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការជាបន្ដបន្ទាប់ដល់ជុំទី ៥ហើយ ដោយក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជាបានលើកលែងការបង់ពន្ធជាច្រើនសម្រាប់អាជីវកម្មដែលរងគ្រោះដោយសារតែបញ្ហាកូវីដ-១៩នេះ ពិសេសរោងចក្រកាត់ដេរ និងអាជីវកម្មក្នុងវិស័យទេសចរណ៍ជាដើម។ លើសពីនេះទៀត រាជរដ្ឋាភិបាលក៏បានផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែដល់កម្មករនិយោជិតនៅក្នុងវិស័យទាំងនេះ ដែលរងផលប៉ះពាល់ការងារព្រោះតែកូវីដ-១៩ផងដែរ។
សូមបញ្ជាក់ដែរថា បើទោះបីជាមានព្យុះភ្លៀងកូវីដ-១៩ បាននិងកំពុងបោកបក់ខ្លាំងមកសេដ្ឋកិច្ចកម្ពុជា រួមទាំងសកលលោកអស់រយៈពេលជាងកន្លះឆ្នាំទៅហើយក៏ដោយចុះ ប៉ុន្ដែបើមើលទៅលើប្រាក់ចំណូលដែលរាជរដ្ឋាភិបាលកម្ពុជាប្រមូលបានតាមរយៈអគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ នៅឆមាសទី១ នៃឆ្នាំ២០២០នេះ គឺមានរហូតដល់ទៅជិត៣ពាន់លានដុល្លារអាមេរិក។ ក្នុងនោះ ចំណូលពន្ធដារ នៅ៦ខែដំបូងនៅឆ្នាំនេះ ប្រមូលបានដល់ទៅជិត ១.៧០០ លានដុល្លារអាមេរិក កើនឡើង ១២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ ប៉ុន្ដែចំណូលគយវិញ ប្រមូលបានតែជិត ១.៣០០ លានដុល្លារអាមេរិកប៉ុណ្ណោះ ធ្លាក់ចុះជាង១៦%។នេះបើតាមរបាយការណ៍ប្រចាំឆមាសទី១ របស់ស្ថាប័នទាំងពីរនេះ៕