អគារ​ខ្ពស់ Gold Tower

អគារ Gold Tower 42 ជាន់ ប្រកាស​សាងសង់​បន្ត​ទៀត​ហើយ! លើក​​នេះ​ហាក់​​មាន​​ពន្លឺ​ជាង​រាល់​ដង!


អគារ Gold Tower 42 ដែល​ជាប់​ឈ្មោះ​ជា​អគារ​សាង់សង់​យូរ​ជាង​គេ​នៅ​កម្ពុជា និង​ធ្លាប់​បាន​ប្រកាស​សាងសង់​បន្ត​ម្ដង​ហើយ​ម្ដង​ទៀត តែមិន​ឃើញ​សាងសង់​នោះ ឥឡូវ​នេះ បាន​ប្រកាស​សា​ជា​ថ្មី​ម្ដង​ទៀត​ថា​នឹង​ចាប់​ផ្ដើម​សាងសង់​ឡើង​វិញ​នៅ​ដើម​ឆ្នាំ​ក្រោយ ហើយ​គ្រោង​នឹង​បញ្ចប់​ឲ្យ​បាន​នៅ​ក្នុង​ឆ្នាំ​២០១៩​ខាង​មុខ។
សំណង់​អគារ​ភ្លោះ Gold Tower ៤២ជាន់ ដែល​ជាប់​គាំង​នៅ​កណ្ដាល​រាជ​ធានី​ភ្នំពេញ។ រូបភាព៖ ហេង ភារម្យ
ដោយ

ការប្រកាស​សាងសង់​អគារ​មជ្ឈ​មណ្ឌល​ពាណិជ្ជកម្ម Gold Tower 42 ជាន់​លើក​នេះ ហាក់​បី​បង្ហាញ​នូវ​ពន្លឺ​ជាង​លើក​មុនៗ ខណៈ​ដែល​ក្រុមហ៊ុន​អភិវឌ្ឍ​អគារ​មួយ​នេះ បាន​ប្រកាស​ថា នឹង​បន្ថែម​ទុន​ប្រមាណ​១៤០​លាន​ដុល្លារ​ទៀត ក្នុង​ការ​សាងសង់​សម្រេច​គម្រោង​នេះ​ឡើង​វិញ។ ក្នុង​នោះ ក៏មាន​ក្រុមហ៊ុន​ចិន​ធំៗ​ចំនួន​ពីរ បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​សន្យា​សាងសង់​គម្រោង​អគារ​នេះ។

បើ​តាម​ប្រសាសន៍​របស់​លោក Kim Tae Yeon ប្រធាន​ក្រុមហ៊ុន Yunwoo ដែល​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​គម្រោង​អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នេះ បាន​លើក​ឡើង​ថា ក្រោយ​ពី​ការ​ចុះ​កិច្ច​សន្យា​រវាង​ក្រុមហ៊ុន​សាងសង់​របស់​តៃវ៉ាន់ Waiman និង​ក្រុមហ៊ុន​ដេគ័រ​របស់​ចិន Hongtao  គម្រោង​សាងសង់​អគារ Gold Tower 42 ជាន់​នេះ​នឹង​ត្រូវ​សាងសង់​ឡើង​វិញ​ចាប់​ពី​ដើម​ឆ្នាំ​២០១៨ និង​បញ្ចប់​នៅ​ឆ្នាំ​២០១៩​ខាង​មុខ​នេះ​ហើយ មិន​អូស​បន្លាយ​ដូច​កាល​ពី​ពេល​មុនៗ​ទៀត​នោះ​ទេ។

លោក Kim Tae Yeon បន្ត​ថា ក្រុមហ៊ុន​បាន​សម្រេច​បន្ថែម​ទុន​ប្រមាណ​១៤០​លាន​ដុល្លារ​ទៀត លើ​ការ​អភិវឌ្ឍ​គម្រោង​នេះ​ឲ្យ​បាន​ចប់​រួចរាល់ ខណៈ​ដែល​គម្រោង​នេះ​បាន​ចំណាយ​ទុន​សាងសង់​អស់​ប្រមាណ ១០០​លាន​ដុល្លារ​រួច​ហើយ និង​បាន​ផ្អាក​ការ​សាងសង់​ត្រឹម​ជាន់​ទី​៣១។

យ៉ាង​ណា​ក៏​ដោយ តាម​ការ​អះអាង​ពី​ប្រធាន​ក្រុមហ៊ុន​អភិវឌ្ឍន៍​គម្រោង​អគារ​នេះ ការ​សាងសង់​ឡើង​វិញ​នេះ គឺ​នឹង​ធ្វើ​ឡើង​តាម​គម្រោង​ផែនការ​មេ ដោយ​មិន​មាន​ការ​ប្រែប្រួល​នោះ​ទេ ពោល​គឺ​នៅ​តែ​រក្សា​កម្ពស់​អគារ​៤២​ជាន់​ដដែល ហើយ​ក្រុមហ៊ុន​ក៏​នឹង​មិន​ទាន់​បើក​លក់​គម្រោង​នេះ​ភ្លាមៗ​នោះ​ដែរ ពោល​គឺ​នឹង​រង់ចាំ​ដល់​ការ​សាងសង់​ជិត​រួចរាល់​ទើប​បញ្ចេញ​លក់​គម្រោង​នេះ​ឡើង​វិញ ខណៈ​គិត​មក​ទល់​ពេល​នេះ គម្រោង​ទើប​តែ​លក់​បាន​ប្រមាណ ១៥ ទៅ ២០% ប៉ុណ្ណោះ។ 

គម្រោង​អគារ​នេះ មាន​រួម​បញ្ចូល​បន្ទប់​ស្នាក់​នៅ​ប្រមាណ ៤០០​បន្ទប់ មាន​ផ្សារ​ទំនើប និង​ការិយាល័យ​ជាដើម រួម​ជាមួយ​នឹង​កន្លែង​ចត​យានយន្ដ​នៅ​ខាង​ក្រោម​ដី​ផង​ដែរ។

ទោះ​យ៉ាង​ណា បើ​តាម​ការ​អះអាង​ពី​អ្នក​ជំនាញ​ក្នុង​វិស័យ​អចលន​ទ្រព្យ​បាន​ឲ្យ​ដឹង​ថា ភាព​ជាប់​គាំង​នៃ​គម្រោង​វិនិយោគ​អគារ ៤២​ជាន់ កន្លង​មក បើ​គិត​មក​ទល់​ពេល​នេះ គេ​លែង​រាប់​បញ្ចូល​ជា​បញ្ហា​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ហើយ ព្រោះ​បច្ចុប្បន្ន​មាន​គម្រោង​អគារ​ខ្ពស់​រាប់​សិប​គម្រោង​ត្រូវ​បាន​បំពេញ​បេសកកម្ម​របស់​ខ្លួន​ទទួល​បាន​ជោគជ័យ។ 

ដូច្នេះ ការ​សាងសង់ ឬ​មិន​សាងសង់​ឡើង​វិញ​គឺ​ជា​រឿង​ផ្ទៃ​ក្នុង​របស់​ម្ចាស់​គម្រោង​ប៉ុណ្ណោះ មិនមែន​បណ្ដាល​មក​ពី​បញ្ហា​ទីផ្សារ​នោះ​ឡើយ។ ហើយ​គម្រោង​នេះ​ក៏​មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​វិស័យ​អចលន​ទ្រព្យ ការ​វិនិយោគ​ខុនដូ និង​អគារពាណិជ្ជកម្ម​ផ្សេង​ទៀត​នោះ​ដែរ។ 

សូម​​បញ្ជាក់​​ដែរ​​ថា អគារ Gold Tower 42 ធ្លាប់​ជា​គម្រោង​អគារ​ខ្ពស់​ជាង​គេ​នៅ​កម្ពុជា ដែល​​បាន​ចាប់​ផ្ដើម​ដំណើរការ​សាងសង់ កាល​ពី​ខែ​មីនា ឆ្នាំ​២០០៨ តែ​ត្រូវ​ផ្អាក​វិញ នៅ​ឆ្នាំ​២០០៩ បន្ទាប់​ពី​ជួប​វិបត្តិ​ហិរញ្ញវត្ថុ៕

None



អត្ថបទបន្ទាប់


សហគ្រិន​ស្ត្រី​កម្ពុជា​៧​រូប ត្រៀម​ខ្លួន​រួច​ស្រេច​ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​លំដាប់​ពិភព​លោក​នៅចុងខែនេះ

នៅ​ប្រមាណ​តែ​១​សប្ដាហ៍​ទៀត​ប៉ុណ្ណោះ កិច្ច​ប្រជុំកំពូល​សហគ្រិនភាព​ពិភពលោក នៅទី​ក្រុង Hyderabad ប្រទេស​ឥណ្ឌា​នឹង​ត្រូវ​បាន​ចាប់​ផ្ដើម​ឡើង…

មន្រ្តី​រាជការ​សាទរ​ការ​ដំឡើង​បៀវត្សរ៍​​ឆ្នាំ​២០១៨ តែ​ស្នើ​ឲ្យ​ទប់​ស្កាត់​ទំនិញ​ឡើង​ថ្លៃ

រដ្ឋាភិបាល​បាន​អនុម័ត​ថវិកា​ជាតិ​សម្រាប់​ឆ្នាំ​២០១៨ មាន​ចំនួន ២៣.៤២៨.២៩៨​លាន​រៀល។ ហើយនៅ​ឆ្នាំ​២០១៨​នេះ មន្រ្តី​រាជការ​នឹង​ត្រូវ​បាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ