ក្នុងសេចក្តីថ្លែងសារពិសេសរបស់នាយករដ្ឋមន្ត្រីបានឲ្យបន្ថែមថា សម្រាប់ពលរដ្ឋខ្មែរដែលមានសមាជិកគ្រួសារស្លាប់ដោយសារកូវីដ១៩ រដ្ឋាភិបាលនឹងជួយបង់ជំនួសថ្លៃប្រើប្រាស់ទឹកស្អាត និងអគ្គិសនីក្នុងកំរិតអប្បបរមាសមរម្យណាមួយ សម្រាប់រយៈពេល ៥ខែ ដោយរាប់ចាប់ពីពេលដែលអ្នកជំងឺកូវីដដែលជាសមាជិកគ្រួសារនោះទទួលមរណភាព។
ដោយឡែកសម្រាប់អ្នកមានសមាជិកគ្រួសារឆ្លង និងកំពុងសម្រាកព្យាបាលកូវីដ១៩រដ្ឋាភិបាលនឹងជួយបង់ ជំនួសថ្លៃប្រើប្រាស់ទឹកស្អាតនិងអគ្គិសនី ក្នុងកំរិតអប្បបរមាសមស្របណាមួយ សម្រាប់រយៈពេល ៣ខែ ដោយរាប់ចាប់ពីពេលដែលសមាជិកគ្រួសារនោះឆ្លងកូវីដ១៩។
លើសពីនេះ សម្រាប់ក្រុមគ្រួសារណាដែលត្រូវធ្វើចត្តាឡីស័ក ទាំងក្នុងនិងក្រៅតំបន់ដែលត្រូវអនុវត្តវិធានការណ៍បិទខ្ទប់ រដ្ឋនឹងផ្តល់ជាទឹកប្រាក់ឧបត្ថម្ភ ៣០ម៉ឺនរៀលក្នុងមួយគ្រួសារ ព្រមទាំងជួយចេញថ្លៃប្រើប្រាស់ទឹកភ្លើងរយៈពេល២ខែផងដែរ។ បន្ថែមពីលើនេះ គ្រួសារនីមួយៗក៏នឹងទទួលបាន អង្ករ២៥គីឡូក្រាម មីមួយកេះតូច និងត្រីខ២០កំប៉ុងផងដែរ។
សូមបញ្ជាក់ថា នៅក្នុងព្រឹកថ្ងៃទី ១០មេសានេះ រដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ចេញកញ្ចប់ថវិកា ៥ពាន់លានរៀលឬលើសពីនេះ សម្រាប់អាជ្ញាធររាជធានីភ្នំពេញប្រើប្រាស់ដើម្បីអនុវត្តវិធានការណ៍នានាដែលបានដាក់ចេញ៕