គិតមកទល់នឹងម៉ោង ១២ រសៀលថ្ងៃទី
២៩ ខែវិច្ឆិកាឆ្នាំ ២០២០ មានអាជីវកម្មចំនួន ៣ ទីតាំងហើយ ត្រូវបានរាជរដ្ឋាភិបាលប្រកាសផ្អាកដំណើរការបណ្ដោះអាសន្ន
ដោយសារតែទីតាំងទីនោះ ត្រូវបានជាប់ពាក់ព័ន្ធនឹងស្ត្រីដែលបានឆ្លងកូវីដ-១៩ ដែលបានរកឃើញដំបូងគេនៅយប់ថ្ងៃទី ២៨ ខែវិច្ឆិកា។ ទីតាំងអាជីវកម្មដែលបានផ្អាកដំណើរការបណ្ដោះអាសន្នទាំងនោះ
រួមមាន៖
ទី១, ផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ ឬ អ៊ីអន ១ ត្រូវបានក្រសួងសុខាភិបាលបានប្រកាសឲ្យផ្អាកដំណើរការជាបណ្ដោះអាសន្ននៅថ្ងៃយប់ថ្ងៃទី ២៨ ខែវិច្ឆិកា រហូតដល់មានការជូនដំណឹងជាថ្មី។ ការផ្អាកដំណើរការផ្សារទំនើបមួយនេះ គឺធ្វើឡើងក្រោយពីបានដឹងលទ្ធផលវិជ្ជមានកូវីដ-១៩ របស់ស្ត្រីម្នាក់ ហើយស្ត្រីនោះ បានធ្វើដំណើរទៅផ្សារទំនើបមួយនេះ កាលពីថ្ងៃសៅរ៍ ទី ២១ វិច្ឆិកា ដើម្បីទិញទំនិញ និងទទួលទានអាហារ។
ទី២, សណ្ឋាគារភ្នំពេញ នៅព្រឹកថ្ងៃទី ២៩ ខែវិច្ឆិកា ត្រូវបានក្រសួងសុខាភិបាលសម្រេចផ្អាកដំណើរការរយៈពេល ២ថ្ងៃ ដើម្បីស្រាវជ្រាវរកអ្នកប៉ះពាល់ និងយកសំណាកមកធ្វើតេស្ដ បន្ទាប់ពីក្រសួង បានស្រាវជ្រាវទៅឃើញថា នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២០ អ្នកជំងឺកូវីដ-១៩ បានទៅហាត់ប្រាណ និងងូតទឹកនៅសណ្ឋាគារភ្នំពេញ។
ទី៣, សាលារៀនអន្តរទ្វីបអាមេរិកាំង សាខាចាក់អង្រែ នៅថ្ងៃទី ២៩ ខែវិច្ឆិកា ក៏ត្រូវបានក្រសួងអប់រំសម្រេចឲ្យផ្អាកដំណើរការរយៈពេល ២ សប្ដាហ៍ផងដែរ ប៉ុន្ដែគ្រឹះស្ថានសិក្សានេះ ត្រូវបន្ដដំណើរការបង្រៀន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិក។
សម្តេច ហ៊ុន សែន បានមានប្រសាសន៍កាលពីយប់ថ្ងៃទី ២៨ ខែវិច្ឆិកាថា «នៅថ្ងៃនេះ (ថ្ងៃទី ២៨ ខែវិច្ឆិកា) យើងបានរកឃើញករណីមួយ ទៅលើភរិយារបស់អគ្គនាយកពន្ធធនាគារ ដែលមានការកើតនូវកូវីដ-១៩។ នេះជាករណីដំបូងបំផុត ដែលយើងអាចចាត់ទុកថា ជាការឆ្លងក្នុងសហគមន៍ ហើយមានការពាក់ព័ន្ធជាមួយនឹងទីក្រុងភ្នំពេញ ខេត្តសៀមរាប ហើយនឹងអាចឈានទៅដល់ខេត្តបន្ទាយមានជ័យខេត្តមណ្ឌលគិរី»។
សូមបញ្ជាក់ថា បច្ចុប្បន្ន ក្រសួងសុខាភិបាលកម្ពុជា កំពុងដុតដៃដុតជើងស្រាវជ្រាវអ្នកដែលពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩ ទាំង ៧នាក់ដែលទើបរកឃើញថ្មីនេះ ដើម្បីយកមកពិនិត្យសំណាក និងធ្វើចត្តាឡីស័ក។ ក្នុងនោះដែរ គេសង្កេតឃើញថា ថ្នាក់ដឹកនាំកំពូលរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចជា សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម បិន ឈិន ដ្ឋមន្រ្តីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុតិ្ដធម៌ និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត នៅក្នុងក្រសួងមហាផ្ទៃ ក៏កំពុងត្រូវបានធ្វើតេស្ដរកកូវីដ-១៩ និងដាក់ឲ្យធ្វើចត្តាឡីស័កផងដែរ៕