តែយ៉ាងណាអ្នកជំនាញក្នុងទីផ្សារជួញដូរមាសនៅកម្ពុជាព្យាករថា ហាងឆេងមាសនៅកម្ពុជានឹងបន្តឡើងថ្លៃរហូតដល់អំឡុងខែមេសា ឆ្នាំ២០២៤ ដោយសារការធ្លាក់ថ្លៃលុយដុល្លារ ក្រោយមានការរំពឹងថា ធនាគារកណ្តាលអាម៉េរិកនឹងកាត់បន្ថយអត្រាការប្រាក់នៅឆ្នាំនេះ គួបផ្សំបញ្ហាសង្រ្គាមរវាងរុស្ស៊ី-អ៊ុយក្រែន និងសង្រ្គាមរវាងក្រុមហាម៉ាស-អ៊ីស្រាអែល បន្តអូសបន្លាយ។
ស្របពេលតម្លៃមាសនៅប្រទេសវៀតណាម បានហក់ឡើងលើស៣ពាន់ដុល្លារក្នុងមួយតម្លឹង និងតម្លៃមាសនៅប្រទេសថៃ ដែលជាប្រទេសភូមិផងជាមួយកម្ពុជាត្រូវបានរំពឹងនឹងហក់ឡើងលើស៣ពាន់ដុល្លារក្នុងមួយតម្លឹងនៅឆ្នាំនេះ តម្លៃមាសនៅកម្ពុជានៅមួយរយៈចុងក្រោយនេះ ពុំមានការប្រែប្រួលខ្លាំងគួរឱ្យកត់សម្គាល់នោះទេ។ ជាក់ស្តែងបើតាមម្ចាស់ហាងមាសពេជ្រ ទីមង្គល មានមូលដ្ឋាននៅភ្នំពេញ គិតត្រឹមថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ ហាងឆេងមាសនៅកម្ពុជា លក់ចេញជិត២ពាន់៥០០ដុល្លារក្នុងមួយតម្លឹងតែប៉ុណ្ណោះ។ បើតាមការគូសបញ្ចាក់ពីម្ចាស់ហាងមាសពេជ្ររូបនេះ ហាងឆេងមាសនៅកម្ពុជាមានការប្រែប្រួលឡើង ឬចុះ គឺវាអាស្រ័យលើទីផ្សារមាសអន្តរជាតិ។
ពាក់ព័ន្ធនឹងស្ថានភាពតម្លៃមាសនេះ លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុន ភីភី លីង ស៊ីឃ្យួរឹធី កត់សម្គាល់ឃើញថា ទីផ្សារមាសលើពិភពលោកមានការប្រែប្រួលជាបន្តបន្ទាប់ ក្រោយធានាគារកណ្ដាលសហរដ្ឋអាម៉េរិកកាលពីពេលថ្មីៗបានប្រកាសពីការមិនដំឡើងអត្រាការប្រាក់ ដែលធ្វើឱ្យវិនិយោគិនរំពឹងថា តម្លៃលុយដុល្លារអាចនឹងធ្លាក់ចុះនៅឆ្នាំនេះ។ បើតាមអ្នកជំនាញរូបនេះ ប្រសិនបើប្រាក់ដុល្លារក្នុងឆ្នាំ២០២៤ មានការធ្លាក់ចុះ ហើយកត្តាភូមិសាស្រ្តនយោបាយ ដូចជា សង្រ្គាមរវាងរុស្ស៊ី-អ៊ុយក្រែន សង្រ្គាមរវាងក្រុមហាម៉ាស-អ៊សីស្រាអែល នៅបន្តអូសបន្លាយនោះ វានឹងធ្វើឱ្យតម្លៃមាសកាន់តែបន្តឡើងថ្លៃ។ ទន្ទឹមគ្នានេះ អ្នកជំនាញរូបនេះបានព្រមានថា បញ្ហានេះវាអាចនឹងធ្វើឱ្យអាជីវករទិញលក់មាសអាចប្រឈមមុខនឹងហានិភ័យមួយចំនួន ប្រសិនបើពួកគេគ្មានការគិតគូរ និងប្រយ័ត្នប្រយែងខ្ពស់ក្នុងការទិញលក់មាសនៅក្នុងអំឡុងពេលនេះ។
ជុំវិញបញ្ហានេះដែរ ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា កត់សម្គាល់ឃើញថា ក្រោយទីផ្សារអចលនទ្រព្យ និងការវិនិយោគជួបបញ្ហាធ្លាក់ចុះ បានធ្វើឱ្យមានការផ្លាស់ប្ដូរពីរបៀបទុកដាក់ថវិកា និងការពង្រីកថវិកា។ ជាក់ស្ដែងក្នុងស្ថានភាពសេដ្ឋកិច្ចស្ថិតក្នុងភាពមិនច្បាស់លាស់ដូចបច្ចុប្បន្ន ការវិនិយោគលើទីផ្សារមាសបានក្លាយជាផ្នែកមួយនៃការពង្រីកថវិកា។ នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តម ហុង សុហួរ ដែលបានបន្ថែមថា នៅពេលមាសបន្តឡើងថ្លៃនោះវាទាញទម្លាក់ការវិនិយោគលើវិស័យផ្សេងៗមួយចំនួន។
បើតាមការរំពឹងទុករបស់លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ នៃក្រុមហ៊ុន ភីភី លីង ស៊ីឃ្យួរឹធី តម្លៃមាសនឹងបន្តឡើងថ្លៃរហូតដល់អំឡុងខែមេសា ឆ្នាំ២០២៤ បន្ទាប់មកទើបអាចមានការប្រែប្រួលធ្លាក់ចុះខ្លះៗមកវិញ៕