អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ហ័រ ឈុនយីង បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថ្ងៃទី៣០កញ្ញាថា ប្រទេសចិនរីករាយនឹងធ្វើការងារជាមួយរដ្ឋាភិបាលថ្មីរបស់ជប៉ុន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យនានា និងឈានទៅជំរុញការអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព នៃទំនាក់ទំនងចិន-ជប៉ុន។
យ៉ាងណាមិញ មន្ត្រីជាន់ខ្ពស់ក្រុងប៉េកាំងបានទាញសញ្ញាប្រុងប្រយ័ត្នថា ខ្លួននឹងបន្តឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ និងដោយប្រុងប្រយ័ត្នជុំវិញសកម្មភាព និងគោលជំហររបស់រដ្ឋាភិបាលថ្មីរបស់ជៃប៉ុន ក្រោមការដឹកនាំដោយអតីតរដ្ឋមន្ត្រីការបរទេសរូបនេះ។
ការលើកឡើងរបស់ចិនបែបនេះ ដោយសារតែកន្លងមក លោក គីហ្សីដា ក្នុងតំណែងជារដ្ឋមន្ត្រីការបរទេស រមែងមាននិន្នាការប្រើប្រាស់កម្លាំង ជាជាងការពិភាក្សាឬរកដំណោះស្រាយដោយសន្តិវិធី នៅក្នុងទំនាក់ទំនងការបរទេស ជាមួយប្រទេសជិតខាងនិយាយជារួម និង សំដៅដល់ប្រទេសចិន និយាយដោយឡែក។
ជាក់ស្តែង អំឡុងពេលធ្វើយុទ្ធនាការឃោសនារកសម្លេងឆ្នោត លោកលោក គីហ្សីដា ដែលទើបតែជាប់ម្សិលមិញនេះបាននិយាយថាការប្រឆាំងនឹងប្រទេសចិន គឺជាអាទិភាពរបស់លោក ប្រសិនបើលោកជាប់ឆ្នោតជានាយករដ្ឋមន្ត្រី ហើយលោក គីហ្សីដា បានបន្តឲ្យដឹងទៀតថា ជប៉ុនគួរតែធ្វើការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិកនិងប្រទេសដែលមានគំនិតដូចគ្នា ដើម្បីប្រឆាំងនឹងឥទ្ធិពលដែលកំពុងកើនឡើងរបស់ចិន។
អ្នកនយោបាយជើងចាស់ វ័យ៦៤ឆ្នាំរូបនេះ ថែមទាំងចង់ស្នើឲ្យមានតំណែងមន្ត្រីជាទីប្រឹក្សាពិសេសរបស់នាយករដ្ឋមន្ត្រី ដើម្បីដោះស្រាយបញ្ហាការចោទប្រកាន់ពីការរំលោភសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំង ប្រទេសចិន និងនៅហុងកុង ជាពិសេសលោក គីហ្សីដា បានបង្ហើបពីការ ចង់បង្កើនថវិកាយោធាបន្ថែមទៀតផងដែរ។
សូមរំឭកថា នៅក្នុងការបោះឆ្នោតនាថ្ងៃពុធទី២៩កញ្ញា លោកហ្វូមីអូ គីហ្សីដា បានយកឈ្នះទៅលើបេក្ខភាពប្រកួតប្រជែងរបស់លោក៣រូបផ្សេងទៀត ចាប់តាំងពីការបោះឆ្នោតជុំទីមួយឯណោះ។ លោកនឹងត្រូវមកបន្តដំណែងពីលោក យ៉ូស្ហ៊ីហ៊ីដេ ស៊ូហ្កា ដែលបានចប់អាណត្តិ និងក្រោយពីលោកប្រកាសជំហរមិនបន្តឈរឈ្មោះជានាយករដ្ឋមន្ត្រីតទៅទៀត។ ការតែងតាំងជានាយករដ្ឋមន្ត្រីជាផ្លូវការ នឹងធ្វើឡើងក្នុងសម័យប្រជុំពេញអង្គរដ្ឋសភាជាតិជប៉ុន ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី ៤ ខែតុលាខាងមុខនេះ៕