ស្ថាបនិកក្រុមហ៊ុន Huawei លោក រ៉េន សេងហ្វៃ (Ren Zhengfei) បានលើកឡើងថា បើទោះបីជា អាមេរិក កំពុងតែជំរុញឲ្យប្រទេសដទៃ ឈប់ប្រើប្រាស់បណ្តាញបច្ចេកវិទ្យារបស់ក្រុមហ៊ុន Huawei ក៏ដោយ ក៏គ្មានផ្លូវណា ដែលអាមេរិក អាចហាមឃាត់ក្រុមហ៊ុន Huawei បានឡើយ ពីព្រោះ ពិភពលោក មិនបោះបង់ចោល ក្រុមហ៊ុន Huawei ដោយសារតែក្រុមហ៊ុន មានបច្ចេកវិទ្យាឈានមុខគេនោះទេ ហើយបញ្ហានេះ នឹងត្រូវបានដោះស្រាយ។
កាលពីសប្តាហ៍មុន លោក ម៉ៃ ផុមផែ (Mike Pompeo) រដ្ឋមន្រ្តីការបរទេសអាមេរិក បានព្រមាន ប្រទេសដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក ឲ្យប្រឆាំងនឹង បច្ចេកវិទ្យា Huawei ដែលជាលទ្ធផល ប្រទេសអូស្រ្តាលី ប្រទេសញូវហ្សេលែន និងអាមេរិក បានប្រកាសហាមឃាត់ ក្រុមហ៊ុន Huawei មិនឲ្យផ្គត់ផ្គង់សម្ភារ សម្រាប់បច្ចេកវិទ្យា 5G នៅក្នុងប្រទេសរបស់ខ្លួន ខណៈដែរ ប្រទេសកាណាដា កំពុងតែត្រួតពិនិត្យលើ សុវត្ថិភាពបច្ចេកវិទ្យានេះ។
យ៉ាងណាមិញ ចក្រភពអង់គ្លេស បាននិងកំពុងត្រួតពិនិត្យលើបច្ចេកវិទ្យានេះ នឹងរង់ចាំសេចក្តីសម្រេច ក្នុងខែមីនា ឬខែមេសា ខាងមុខនេះ ថាតើពួកគេអាចប្រើប្រាស់បច្ចេកវិទ្យានេះ បានដែរឬទេ?
លោក រ៉េន សេងហ្វៃ បានបញ្ជាក់ថា ក្រុមហ៊ុន Huawei នឹងមិនដកការវិនិយោគចេញពី ចក្រភពអង់គ្លេសនោះទេ ព្រោះលោក ជឿជាក់លើការសម្រេចរបស់ ចក្រភពអង់គ្លេស ហើយក្រុមហ៊ុន Huawei មានតែផ្ទេរការវិនិយោគពី អាមេរិក ទៅចក្រភពអង់គ្លេសវិញ ព្រោះ អាមេរិក មិនមានភាពជឿជាក់លើ Huawei ទេ។
លោកបញ្ជាក់យ៉ាងច្បាស់ថា អាមេរិក មិនមែនតំណាងឲ្យពិភពលោកទាំងមូលនោះទេ បើទោះបីជាអាមេរិក ប្រមូលគ្នីគ្នាបិទទីផ្សារតំបន់ភាគខាងលិច ក្រុមហ៊ុន Huawei នៅតែមានទីផ្សារតំបន់ភាគខាងកើត បើបិទទីផ្សារខាងជើង ក៏នៅតែមានភាគខាងត្បូង។
សហរដ្ឋអាមេរិក សម្តែងការមិនពេញចិត្តជាខ្លាំងចំពោះរឿងនេះ ក្រោយពេលដែល ក្រុមហ៊ុន Huawei បានប្រកាសលក់ ស្មាតហ្វូនរបស់ខ្លួន ដែលបំពាក់ដោយបច្ចេកវិទ្យា 5G និងអាចបត់បែនបាន ក្នុងតម្លៃប្រមាណ ២.៦០០ដុល្លារអាមេរិក នៅលើទីផ្សារប្រទេសអេស្ប៉ាញ។
គួរជម្រាបដែរថា ក្រុមហ៊ុន Huawei ដែលក្រុមហ៊ុនទូរស័ព្ទធំជាងគេលំដាប់ទី ២ លើសកលលោក កំពុងដំណើរការអាជីវកម្មរបស់ខ្លួន នៅក្នុងប្រទេសចំនួន ១៧០ប្រទេសជុំវិញសកលលោក ដោយប្រតិបត្តិការ និងការគ្រប់គ្រងរបស់ក្រុមហ៊ុន គឺស្របទៅតាមច្បាប់ និងបទបញ្ញត្តិរបស់ប្រទេសនីមួយៗ៕