បន្ទាប់ពីស្ងប់ស្ងាត់បាត់មុខអស់មួយរយៈពេល ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Huawei លោក Ren Zhengfei បាននិយាយទៅកាន់ក្រុមអ្នកវិទ្យាសាស្ត្រ និងអ្នកស្រាវជ្រាវថា ក្រុមហ៊ុនខ្លួននឹងបន្តអភិវឌ្ឍបច្ចេវិទ្យាទាំង 5G និង 6G និងបញ្ញាសិប្បនិម្មិតរបស់ខ្លួន ដើម្បីទទួលបានការនាំមុខក្នុងបច្ចេកវិទ្យាជំនាន់ក្រោយៗ។ ដោយក្នុងនោះ ការស្រាវជ្រាវបច្ចេកវិទ្យាជំនាន់ក្រោយរបស់ Huawei ទៅលើបច្ចេកវិទ្យា 6G គឺមានបំណងដណ្តើមយកកម្មសិទ្ធិបញ្ញាបច្ចេកវិទ្យា 6G សម្រាប់ការប្រើប្រាស់នៅទូទាំងពិភពលោក។
គួរជ្រាបថា ក្រុមហ៊ុន Huawei កន្លងមកបានទទួលនូវកម្មសិទ្ធិបញ្ញាដែលមានលក្ខណៈស្តង់ដារ (SEPs) ច្រើនបំផុតសម្រាប់បច្ចេកវិទ្យា 5G ដែលគ្របដណ្តប់លើបច្ចេកវិទ្យា សម្រាប់ការប្រើប្រាស់នៅក្នុងស្តង់ដារឧស្សាហកម្ម។
ដូចនេះហើយ ក្រុមហ៊ុន Huawei សន្យាថា 6G នឹងបើកផ្លូវឆ្ពោះទៅកាន់កម្មវិធីនាថ្ងៃអនាគតកាន់តែច្រើន រួមទាំងវិស័យស្រាវជ្រាវអវកាស និងវិទ្យាសាស្ត្រផែនដី។ ទន្ទឹមនេះ ប្រទេសចិនក៏បានផ្តល់អាទិភាពដល់បច្ចេកវិទ្យា 6G ក្នុងនាមជាវិស័យស្រាវជ្រាវសំខាន់មួយរបស់ខ្លួន ខណៈសហរដ្ឋអាមេរិក និងជប៉ុនកំពុងចាយលុយចូលទៅក្នុងការអភិវឌ្ឍ 6G រួមទាំងការប្រើប្រាស់បច្ចេកវិទ្យាផ្កាយរណបនេះយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ។
សូមរំឮកថាបច្ចេកវិទ្យា 5G បានក្លាយជាចំណុចប្រកួតប្រជែងរវាងប្រទេសធំៗ ក្នុងពិភពលោក។ ក្នុងនោះ ជប៉ុន និងអាមេរិកក៏ស្ថិតនៅពីក្រោយចិនទាក់ទងនឹងការអភិវឌ្ឍ និងការដាក់ពង្រាយប្រព័ន្ធបច្ចេកវិទ្យា 5Gនេះ ដែលវាបានក្លាយមេរៀនមួយសម្រាប់ប្រទេសដែលមានបច្ចេកវិទ្យាជឿនលឿនទាំងពីរនេះ ដើម្បីជំរុញធ្វើយ៉ាងណាត្រូវតែអភិវឌ្ឍបច្ចេកវិទ្យា 6G ឲ្យបានខ្លាំងក្លាជាងប្រទេសចិន ក៏ប៉ុន្ដែ គេមិនទាន់ដឹងថា តើគោលដៅនេះ អាចសម្រេចបាន ឬក៏យ៉ាងណានៅឡើយទេ។
គួរជម្រាបថា កាលពីឆ្នាំ ២០១៩ សហរដ្ឋអាមេរិក បានចោទប្រកាន់ក្រុមហ៊ុន Huawei នេះថាបាន គំរាមកំហែងដល់សន្ដិសុខជាតិរបស់អាមេរិក និងបានដាក់ក្រុមហ៊ុននេះចូលក្នុងបញ្ជីខ្មៅរបស់អាមេរិក និងហាមក្រុមហ៊ុនអាមេរិកនានាមិនឲ្យរកស៊ីជាមួយក្រុមហ៊ុននេះផងដែរ។
យ៉ាងណាមិញ ក្រុមហ៊ុនយក្សចិន Huawei ក៏បានរាយការណ៍ពីការធ្លាក់ចុះប្រាក់ចំណូលដ៏ធំបំផុតមិនធ្លាប់មាននៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២១ ដែលភាគច្រើនបណ្តាលមកពីអាជីវកម្មស្មាតហ្វូនមិនសូវមានទីផ្សារល្អ។ ជាក់ស្ដែង នៅពាក់ណ្ដាលឆ្នាំ ២០២១ ប្រាក់ចំណូលពីការលក់របស់ក្រុមហ៊ុន Huawei បានដាំក្បាលចុះ ២៩ ភាគរយ ប៉ុន្តែប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុននេះបានកើនឡើង ៩,៨ ភាគរយ បើប្រៀបធៀបទៅនឹងកំណើន ៩,២ ភាគរយ កាលពីឆ្នាំមុន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Global Time៕
អត្ថបទ៖ ស៊ើង និមល់