ថ្លែងនៅឯពិធីពិនិត្យមើលការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល សម្តេចបានមានប្រសាសន៍ដូច្នេះថា៖ “នរណាមានសមត្ថភាពមកជំនួស ហ៊ុន សែន បច្ចុប្បន្ននេះ ឥឡូវនិយាយឲ្យពិត ចេញមុខមក។ ក្នុងតួអង្គនៃគណបក្សប្រជាជន អត់មាននរណាទេ មានតែពួកអ្នកឯងដែលចង់ធ្វើ ប៉ុន្តែ ប្រហែលជាអ្នកចាំជាតិក្រោយ។”
សម្តេចបានមានប្រសាសន៍បន្តថា៖ “នៅពេលដែល ហ៊ុន សែន មានវត្តមាននៅទីនេះ គណបក្សប្រជាជនមានវត្តមាននៅទីនេះ អ្នកឯងត្រូវរង់ចាំជាតិក្រោយ។ អ្នកឯងសម្លឹងមើល headquarters របស់គណបក្សប្រជាជន ទីស្នាក់ការរបស់គណបក្សប្រជាជន តាំងពីថ្នាក់កណ្តាលរហូតដល់ថ្នាក់ខេត្ត ធ្វើមិនមែនសម្រាប់២ឆ្នាំ ៣ឆ្នាំទេ ធ្វើសម្រាប់៥០ឆ្នាំ ១០០ឆ្នាំទៅមុខ អ្នកឯងត្រូវចាំ។”
សម្តេច ហ៊ុន សែន ក៏បានមានប្រសាសន៍ផងដែរ ថា គណបក្សកាន់អំណាចបានវិនិយោគទុនលើហេដ្ឋារចនាសម្ព័ន្ធ និងការបណ្តុះបណ្តាលធនធានមនុស្ស មិនមែនដូចការដឹកនាំបែប “កញ្ឆក់កណ្ដៀត” របស់គណបក្សផ្សេងនោះទេ។
ទីស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា ឬគេហៅកាត់ថា "គ-៨៥" ដែលស្ថិតនៅតាមបណ្ដោយមហាវិថី ព្រះនរោត្តម នៅក្នុងខណ្ឌចម្ការមន ត្រូវបានសាងសង់អស់ទឹកប្រាក់ជាង ៣០លានដុល្លារ។ នេះបើយោងតាមលោក សុខ ឥសាន អ្នកនាំពាក្យគណបក្ស៕