សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ក្នុងអំឡុងពេលមានវិបត្តិនៃមេរោគកូវីដ១៩ កើតឡើង ដែលឈានដល់ការសម្រេចព្យួរការងារនេះ សម្តេចលើកជាសំណើ ៣ចំណុច ដល់ក្រសួង ស្ថាប័ន គ្រឹះស្ថាន និងអង្គភាពពាក់ព័ន្ធ ឲ្យប្រកាន់នូវ ការយោគយល់ចំពោះ កម្មករនិយោជិត ក្នុងដំណាក់កាលដ៏លំបាកនេះ ដោយម្ចាស់រោងចក្រ សហគ្រាសនានា កុំឆ្លៀតឱកាសលុបកិច្ចសន្យាការងារជាមួយកម្មករ ក្នុងអំឡុងពេលលំបាកនេះ។
សម្តេចបន្តថា ចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ គួរតែពន្យារពេល ការសង ឬមិនយកការប្រាក់ សម្រាប់កម្មករ ដែលត្រូវបានព្យួរការងារ ព្រោះអ្នកទទួលរងផលប៉ះពាល់នេះ មិនដល់ ២០ពាន់នាក់នោះទេ។
លើសពីនេះទៅទៀត ម្ចាស់បុរី ឬម្ចាស់ផ្ទះ លក់បង់រំលួសឲ្យ កម្មការនិយោជិត ឬអ្នកធ្វើការនៅតាមសណ្ឋាគារនានា ដែលត្រូវព្យួរការងារដូចគ្នា សូមមេត្តាយោគយល់ ពន្យារពេលសង ឬបង់រំលួសនេះផង។
ជាចុងក្រោយ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ប្រទេសចិន បាននិងកំពុងរៀបចំនាវា ៧គ្រឿង ដើម្បីដឹកវត្ថុធាតុដើម យកមកផ្គត់ផ្គង់ដល់ រោងចក្រ សហគ្រាសនៅកម្ពុជាហើយ ដែលក្នុងចំណោមនោះ ៥គ្រឿងចូលចតនៅកំពង់ផែព្រះសីហនុ និង ២គ្រឿងទៀត ចូលចតនៅកំពង់ផែហូជីមិញ ប្រទេសវៀតណាម ដែលងាយស្រួលក្នុងការដឹកបន្ត ចូលមកតំបន់សេដ្ឋកិច្ចពិសេសខេត្តស្វាយរៀង។ការដឹកជញ្ជូននេះ មិនត្រឹមតែធ្វើក្នុងខែមីនាប៉ុណ្ណោះទេ គឺដឹកជញ្ជូនរហូតដល់ខែឧសភា ពោលគឺ រហូតដល់សភាពការណ៍ធូរស្បើយឡើងវិញ ដែលជាសញ្ញាវិជ្ជមាន សម្រាប់ចង្វាក់ផលិតកម្មនៅតាម រោងចក្រ សហគ្រាសនានារបស់កម្ពុជា៕