មន្ត្រីហ្ស៊កដានីបាននិយាយថា ជនរងគ្រោះទាំង ៧នាក់នោះបាននិងកំពុងព្យាបាលជំងឺកូវីដ-១៩ ហើយពួកគេបានស្លាប់បាត់បង់ជីវិត បន្ទាប់ពីអត់មានខ្យល់អុកស៊ីសែនបញ្ចូលអស់រយៈពេលប្រហែល ១ម៉ោង នៅមន្ទីរពេទ្យមួយកន្លែងនៅភាគពាយ័ព្យរដ្ឋធានី Amman ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន New York Times ។
បញ្ហាខ្វះខ្យល់អុកស៊ីសែនសម្រាប់ការព្យាបាលសង្គ្រោះអ្នកជំងឺកូវីដ-១៩នេះ ហាក់កំពុងកើតមានឡើងនៅក្នុងបណ្ដាប្រទេសកាន់តែច្រើននៅជុំវិញពិភពលោក ក្នុងនោះរួមទាំងប្រទេសមិចស៊ិក, នីហ្ស៊េរីយ៉ា និងអេហ្ស៊ីប ដែលកង្វះអុកស៊ីសែននេះបានបណ្ដាលឲ្យចំនួនអ្នកស្លាប់ដោយសារកូវីដ-១៩មានការកើនឡើង ។
នៅប្រទេសមិចស៊ិក តម្លៃអុកស៊ីសែនបានហក់ឡើងខ្ពស់ ។ ការលក់អុកស៊ីសែនទាំងធុងៗបានកើនឡើងនៅក្នុងទីផ្សារងងឹត ហើយមានករណីក្រុមឧក្រិដ្ឋជនបានលួចធុងខ្យល់អុកស៊ីសែនពីមន្ទីរពេទ្យ ថែមទៀតផង ។
នៅប្រទេសអេហ្ស៊ីប ការស៊ើបអង្កេតមួយរបស់សារព័ត៌មាន New York Times បានរកឃើញថា មានអ្នកជំងឺកូវីដ-១៩ យ៉ាងហោច ៣នាក់ បានស្លាប់ដោយសារការកាត់ផ្ដាច់ខ្យល់អុកស៊ីសែននៅក្នុងមន្ទីរពេទ្យមួយដែលខ្វះខ្យល់អុកស៊ីសែន កាលពីដើមឆ្នាំនេះ ។
កាលពីខែមុន មនុស្សជាង ៥សែននាក់ដែលឆ្លងមេរោគកូវីដ-១៩ ត្រូវការអុកស៊ីសែនជារៀងរាល់ថ្ងៃ ។ នេះបើយោងតាមអង្គការសុខភាពពិភពលោក ដែលបានកំណត់ប្រទេសដល់ទៅ២០ប្រទេសដែលមានចំណូលទាបនិងមធ្យម ដែលត្រូវការអុកស៊ីសែនជាបន្ទាន់ ។
ហេតុការណ៍ស្លាប់អ្នកជំងឺកូវីដ-១៩ដោយសារខ្វះខ្យល់អុកស៊ីសែននៅប្រទេសហ្ស៊កដានី បាននាំឲ្យនាយករដ្ឋមន្ត្រីប្រទេសនេះចេញមុខមកប្រកាសពីការទទួលខុសត្រូវទាំងស្រុងរបស់រដ្ឋាភិបាលចំពោះការស្លាប់ទាំងនេះ និងបានបញ្ជាឲ្យមានការស៊ើបអង្កេត ។
ប្រទេសហ្ស៊កដានីមានប្រជាជន ១០លាននាក់ និងមានករណីស្លាប់ដោយសារកូវីដ-១៩ ចំនួនជាង ៥២០០នាក់ ។ កាលពីថ្ងៃសុក្រសប្ដាហ៍នេះ ប្រទេសហ៊្សកដានីបានទទួលវ៉ាក់សាំង AstraZeneca ជាលើកដំបូងបង្អស់បាន ១៤៤.០០០ដូស ៕ (ពី សារព័ត៌មាន New York Times)