ប្រទេសប៉ាគីស្ថានមានអ្នកស្លាប់ជាមធ្យមជាង១០០នាក់
ដោយការរាលដាលនៃកូវីដ-១៩កាន់តែច្រើនឡើងៗ ប៉ាគីស្ថានបានសម្រេចបិទខ្ទប់ប្រទេសសម្រាប់រយៈពេល១០ថ្ងៃ រាប់ចាប់ពីថ្ងៃទី៨ ឧសភា ដល់ថ្ងៃទី១៧ឧសភា។ ពុំមានការអនុញ្ញាតឲ្យធ្វើដំណើរ នោះទេ បើសិនមិនមានករណីចាំបាច់អំឡុងការបិទខ្ទប់។
ទោះបីប៉ាគីស្ថាន មិនមានអ្នកឆ្លងច្រើនប៉ុន្មាន បើធៀបនឹងឥណ្ឌា ប៉ុន្តែតួលេខបច្ចុប្បន្នកំពុងធ្វើឲ្យរដ្ឋាភិបាលប៉ាគីស្ថានឈឺក្បាល និងព្រួយបារម្ភពីមេរោគបំប្លែងថ្មី ដែលបានរកឃើញនៅឥណ្ឌានេះជាខ្លាំង។
គួរជម្រាបថា ប៉ាគីស្ថានមានអ្នកស្លាប់ជាមធ្យមជិត ១០០នាក់ក្នុងមួយថ្ងៃ ខណៈអ្នកឆ្លងប្រចាំថ្ងៃមានក្បែរ២ម៉ឺននាក់ ដែលធ្វើឲ្យអ្នកឆ្លងសរុបគិតមកដល់ពេលនេះ មានជិត៩០ម៉ឺននាក់ហើយ ចំណែកអ្នកស្លាប់វិញមានជិត ២០ម៉ឺននាក់។
នេប៉ាល់កើនឡើអ្នកឆ្លងកាន់តែច្រើន និងកំពុងខ្វះបំពង់អុកស៊ីហ្សែន
បច្ចុប្បន្នគេសង្កេតឃើញ ប្រទេសនេប៉ាល់ក៏កំពុងដើរអូសជើងក្នុងវិបត្តិកូវីដ-១៩ ដូចប្រទេសក្នុងតំបន់មួយចំនួនទៀតផងដែរ។ មិនខុសពីឥណ្ឌាប៉ុន្មាននោះទេ ពេលនេះនេប៉ាល់កំពុងខ្វះខាតបំពង់អុកស៊ីហ្សែនជាច្រើន។ ខ្វះខាតដល់ថ្នាក់ អាជ្ញារធរនេប៉ាល់បានស្នើសុំអ្នកឡើងភ្នំអេវើរេស (Everest) មេត្តាកុំបោះចោលបំពុងនៅលើភ្នំពេលគេប្រើរួច។ អាជ្ញាធរបានស្នើឲ្យពួកគេជួយយកបំពង់ទាំងនោះ ចុះមកក្រោមវិញ ដើម្បីអាចឲ្យមន្ទីរពេទ្យប្រើប្រាស់សម្រាប់ផលិតអុកស៊ីហ្សែនស្តុកទុកថ្មី។ នេះបើតាមការរាយការណ៍របស់ព័ត៌មានសម្លេងសហរដ្ឋអាមេរិក VOA អន្តរជាតិ។
មន្ត្រីសុខាភិបាលនេប៉ាល់ឲ្យ VOA ដឹងថា សម្រាប់ពេលនេះ ពួកគេត្រូវការបំពុងអុកស៊ីហ្សែនយ៉ាងហោចណាស់ ២ម៉ឺន៥ពាន់បំពង់ សម្រាប់អ្នកជំងឺកូវីដ-១៩។
បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters ចាប់តាំងពីខែឧសភាមក នេប៉ាល់មានអ្នកឆ្លងជាមធ្យមក្នុងមួយថ្ងៃ ៨ពាន់នាក់ ដែលចំនួននេះកើនឡើង ៣០ដង ធៀបនឹងដើមខែមេសា។
គួរជម្រាបថា អ្នកឆ្លងកូវីដ-១៩នៅនេប៉ាល់សរុបមានជិត ៤០ម៉ឺននាក់ ខណៈអ្នកស្លាប់សរុបមានជិត ៤ពាន់នាក់។
បង់ក្លាដេសកំពុងប្រឈមការឆ្លងខ្ពស់ ក្រោយពលរដ្ឋសម្រុកទៅលេងស្រុកកំណើត
បង់ក្លាដេស ក៏ជាប្រទេសមានអ្នកកាន់សាសនាម៊ូស្លីមច្រើនណាស់ដែរ ហើយនៅសប្តាហ៍នេះ ពលរដ្ឋប្រទេសនេះ បានសម្រុកចាកចេញពីទីក្រុងទៅលេងស្រុកកំណើតរបស់ខ្លួន ក្នុងថ្ងៃសម្រាកអបអរបុណ្យសាសនាម៊ូស្លីម ដែលគេហៅថា អ៊ីត(Eid)។
តាមរយៈរូបភាពពីទីភ្នាក់ងារ Reuters គេឃើញមានពលរដ្ឋបង់ក្លាដេសរាប់ពាន់នាក់ មកប្រជុំគ្នាយ៉ាងកកកុញ ដើម្បីរង់ចាំឆ្លងសាឡងធំៗ ក្នុងគោលដៅធ្វើដំណើរទៅស្រុកកំណើត។
រដ្ឋមន្ត្រីសុខាភិបាល បង់ក្លាដេសបានព្រមានថា ពួកគេនឹងពាំនាំយកមេរោគកូវីដ-១៩ ទៅដល់អ្នកផ្ទះពួកគេជាក់ជាមិនខាន។ មន្ត្រីជាន់ខ្ពស់រូបនេះ ព្រមានចំៗទៀតថា មិនយូរមិនឆាប់នោះទេបង់ក្លាដេសប្រាកដជាធ្លាក់ក្នុងមហន្តរាយដូចឥណ្ឌា និងនេប៉ាល់ បើសិនជាពលរដ្ឋមិនមានការការពារខ្លួន និងបន្ដចេញធ្វើដំណើរប្រមូលផ្ដុំគ្នាខ្នាន់ខ្នាប់យ៉ាងដូច្នេះ។
អាជ្ញាធរបង់ក្លាដេសនៅតាមព្រំដែនជាមួយឥណ្ឌា ក៏បានបង្កើនការយាមកាម ពីការឆ្លងដែនខុសច្បាប់ ដើម្បីបញ្ជៀសពីការចម្លងមេរោគកូវីដពីឥណ្ឌាចូលមកបង់ក្លាដេសផងដែរ។ ទោះយ៉ាងណាក៏ដោយ មេរោគដែលបំប្លែងខ្លួនដ៏កាចសាហាវនោះ បានបង្ហាញខ្លួននៅបង់ក្លាដេសរួចហើយ។
គិតមកទល់ថ្ងៃទី ១១ ខែឧសភានេះ បង់ក្លាដេសមានអ្នកឆ្លងកូវីដ-១៩សរុបជាង ៧៧ម៉ឺននាក់ ខណៈអ្នកស្លាប់មាន ១ម៉ឺន២ពាន់នាក់ហើយ។
សូមបញ្ជាក់ថា អង្គការសុខភាពពិភពលោក នៅថ្ងៃច័ន្ទដើមសប្តាហ៍នេះ បានទាញសញ្ញាអាក្រក់ថា មេរោគបំប្លែងខ្លួននៅឥណ្ឌា កំពុងក្លាយជាក្តីបារម្ភរបស់ប្រទេសក្នុងតំបន់ និងពិភពលោកទាំងមូលហើយ ខណៈដែលប្រទេសជាច្រើន ជាពិសេសប្រទេសក្នុងតំបន់អាស៊ីរួមមានថៃ សិង្ហបុរី កម្ពុជា និងអូស្ត្រាលីផងនោះ បានផ្តើមផ្អាកជើងហោះហើរជាមួយប្រទេសឥណ្ឌា ស្របពេលដែលមួយចំនួនទៀតផ្អាកទាំងជើងហោះហើរជាមួយប្រទេសក្បែរខាងឥណ្ឌាផងដែរដូចជា នេប៉ាល់ បង់ក្លាដេស ប៉ាគីស្ថានជាដើម៕