វិស័យការងារ

បងធំអាស៊ានឥណ្ឌូនេស៊ី គ្រោងបញ្ជូនពលរដ្ឋយ៉ាងតិចជាង៤សែននាក់ឱ្យទៅធ្វើការនៅក្រៅប្រទេសក្នុងឆ្នាំ២០២៥ នេះ


ឥណ្ឌូនេស៊ី ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតនៅអាស៊ាន ជាមួយប្រជាជនសរុបប្រមាណ២៨០លាននាក់ គ្រោងបញ្ជូនពលរដ្ឋរបស់ខ្លួនយ៉ាងតិចជាង៤សែននាក់ ឱ្យទៅធ្វើការជាពលករនៅក្រៅប្រទេសក្នុងឆ្នាំ២០២៥ ដោយរំពឹងថា ពលករទាំងនោះនឹងអាចរកប្រាក់ចំណូលសរុបបានរហូតដល់ទៅជាង១៨ពាន់លានដុល្លារអាម៉េរិក និងជួយជំរុញកំណើនសដ្ឋកិច្ចជាតិ បានក្នុងរង្វង់០,៥២% ក្នុងមួយឆ្នាំៗ។ នេះបើយោងតាមការចុះផ្សាយរបស់សារព៌ត៌មាន VN Express។
វិស័យការងារ
ដោយ

រដ្ឋមន្ត្រីទទួលបន្ទុកការពារសិទ្ធិពលករទេសន្តរប្រវេសន៍ឥណ្ឌូនេស៊ី លោក អាប់ឌុល កាឌា កាឌីង (Abdul Kadir Karding) បានទម្លាយឱ្យដឹងថា ប្រទេសឥណ្ឌូនេស៊ី គ្រោងបញ្ជូនពលរដ្ឋយ៉ាងតិច៤២ម៉ឺន៥ពាន់នាក់ ឱ្យទៅធ្វើការជាពលករនៅក្រៅប្រទេសក្នុងឆ្នាំ២០២៥ នេះ ដោយរំពឹងថា ពលករទាំងនោះនឹងអាចរកប្រាក់ចំណូលសរុបបានរហូតដល់ទៅជាង១៨ពាន់លានដុល្លារអាម៉េរិក និងជួយជំរុញកំណើនសដ្ឋកិច្ចជាតិ បាន០,៥២% ក្នុងមួយឆ្នាំៗ។

ទិន្នន័យផ្លូវការបង្ហាញថា កាលពីអំឡុងឆ្នាំ២០២៤ កន្លងទៅ ប្រទេសឥណ្ឌូនេស៊ី បានបញ្ជូនពលរដ្ឋចំនួន២៩ម៉ឺន៧ពាន់នាក់ ឱ្យទៅធ្វើការជាពលករនៅក្រៅប្រទេស ដោយពលករទាំងនោះរកប្រាក់ចំណូលសរុបបានប្រមាណជាង១៥ពាន់លានដុល្លារអាម៉េរិក និងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ បានក្នុងរង្វង់០,៣៦%។

កម្មវិធីបញ្ជូនពលករទៅក្រៅប្រទេសនេះ ក៏បានជួយកាត់បន្ថយអត្រាគ្មានការងារធ្វើនៅក្នុងស្រុកបានរហូតដល់ទៅជិត៤% ផងដែរ ដែលបានផ្តល់អត្ថប្រយោជន៍ដល់ពលករចំនួនជាង៧លាននាក់។

ទោះជាយ៉ាងនេះក្ដី ក៏ចំនួនពលករដែលឥណ្ឌូនេស៊ី បានបញ្ជូនឱ្យទៅធ្វើការនៅក្រៅប្រទេសនៅតែមិនអាចបំពេញគ្រប់តម្រូវការ ខណៈដែលទីផ្សារការងារទូទាំងពិភពលោកកំពុងត្រូវការពលករបរទេសបន្ថែមរហូតដល់ទៅ១,៣លានលាននាក់។ ហើយដើម្បីឆក់យកឱកាសដ៏ល្អនេះ រដ្ឋាភិបាលឥណ្ឌូនេស៊ី បានដំឡើងគោលដៅបញ្ជូនពលករឆ្នាំ២០២៥ របស់ខ្លួន និងកំពុងប្រឹងប្រែងគ្រប់មធ្យោបាយដើម្បីទាញយកឱកាសការងារនៅក្រៅប្រទេសឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ចជាតិបន្ថែមទៀត។

រដ្ឋាភិបាលឥណ្ឌូនេស៊ី បានដាក់ចេញយុទ្ធសាស្ត្រសំខាន់ៗរួមមាន ការពង្រឹងជំនាញភាសាបរទេសរបស់ពលករ ដោយផ្តោតលើការបណ្ដុះបណ្ដាលភាសាអង់គ្លេស ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ពួកគេ។ លើសពីនេះ ពលករដែលនឹងចេញទៅធ្វើការនៅក្រៅប្រទេសនាពេលអនាគតនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ពីជំនាញ ការបណ្តុះបណ្តាលផ្នែកសុវត្ថិភាព និងកម្មវិធីត្រៀមលក្ខណៈផ្សេងៗទៀតផងដែរ។

សូមបញ្ជាក់ថា បច្ចុប្បន្ន ប្រជាជនឥណ្ឌូនេស៊ីសរុបប្រមាណ៥លាននាក់ កំពុងធ្វើការនៅជាង១០០ប្រទេសទូទាំងពិភពលោក ជាពិសេសធ្វើការនៅប្រទេសម៉ាឡេស៊ី អារ៉ាប៊ីសាអូឌីត និងប្រទេសកូរ៉េខាងត្បូង៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


សមាគមអ្នកចិញ្ចឹមសត្វ រំពឹងតម្លៃជ្រូករស់នឹងហក់ឡើងនៅក្នុងឱកាសបុណ្យចូលឆ្នាំចិន

តម្រូវការសាច់ជ្រូក មាន់ ទា តែងតែមានការកើនឡើងរៀងរាល់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ម្តងៗ ដែលកត្តានេះបានជំរុញឱ្យប្រធានសមាគមអ្នកចិញ្ចឹមសត្វ…

តើមានកត្តាអ្វីជំរុញឱ្យអង្គការសហប្រជាជាតិ ព្យាករថា សេដ្ឋកិច្ចពិភពលោកនឹងនៅតែរក្សាបានកំណើនក្នុងរង្វង់២,៨% នៅឆ្នាំ២០២៥ នេះ?

តាមរយៈរបាយការណ៍មួយរបស់ខ្លួន ដែលចេញផ្សាយកាលពីថ្ងៃទី៩ ខែមករា អង្គការសហប្រជាជាតិ (UN) បានព្យាករថា សេដ្ឋកិច្ចរបស់ពិភពលោកទាំងមូលនឹងនៅតែរក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ