ការស្នើឡើងរបស់អង្គការសង្គមស៊ីវិលទាំងនោះ នៅចំពេលដែល ការឆ្លងរាលដាលកូវីដ-១៩ នៅមួយរយៈចុងក្រោយនេះ បានវិវត្តទៅរកស្ថានភាពកាន់តែយ៉ាប់យ៉ឺនកាន់តែខ្លាំងឡើងៗ ខណៈដែលផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចក៏មានកាន់តែច្រើនឡើងដែរ។
ជុំវិញទៅនឹងរឿងនេះ លោក បណ្ឌិត អុិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា និង ជាប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានប្រាប់ ក្រុមការងារខេមបូណូមីស តាមប្រព័ន្ធតេឡេក្រាមថា ការស្នើសុំរបស់អង្គការសង្គមស៊ីវិលនោះ គឺមិនអាចទៅរួចនោះទេ ដោយសារតែធនាគារក៏ជាកូនបំណុលដែរ។ កូនបំណុលនៅត្រង់ថា ធនាគារក៏ទទួលប្រាក់បញ្ញើពីអតិថិជន និង មានកាតាព្វកិច្ចសងការប្រាក់ទៅកាន់អតិថិជនដែរ។
ទោះយ៉ាងណា លោកបណ្ឌិត អុិន ចាន់នី បានបញ្ជាក់ថា ការរៀបចំឥណទានឡើងវិញ គឺជាដំណោះស្រាយមួយដ៏មានតុល្យភាព រវាងអតិថិជន ជាមួយនឹងធនាគារ ដែលកំពុងតែជួបការលំបាកខ្លាំង នៅអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ ។
ជាមួយគ្នានេះដែរ លោក គា បូរាណ ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឲ្យដឹងដែរ ការស្នើសុំផ្អាកការសងបំណុលនេះ នឹងអាចធ្វើឲ្យប៉ះពាល់ដល់វិស័យធនាគារ និង ហិរញ្ញវត្ថុទាំងមូល ហើយវាពិតជាលំបាកក្នុងការអនុវត្ត ដែលការស្នើសុំរបស់អង្គការសង្គមស៊ីវិលឲ្យផ្អាកការសងបំណុលយ៉ាងតិច៣ខែនោះ គឺមិនអាចធ្វើទៅរួចបានទេ។
ជុំវិញសំណើផ្អាកការសងប្រាក់កម្ចីពីសំណាក់អង្គការសង្គមស៊ីវិលនេះដែរ ក្រុមការងារខេមបូណូមីស ក៏បានព្យាយាមទាក់ទងទៅខាងធនាគារជាតិ នៃកម្ពុជាផងដែរ ប៉ុន្តែមិនមានការឆ្លើយតបនោះទេ។
បើទោះបីជាខាងធនាគារ និង មីក្រូហិរញ្ញវត្ថុ មិនអាចឲ្យអ្នកខ្ចីប្រាក់ផ្អាកការសងប្រាក់នៅអំឡុងពេលនេះក៏ដោយចុះ ប៉ុន្ដែ នៅថ្ងៃទី ០៧ មេសា ឆ្នាំ២០២១ ខាងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមធនាគារកម្ពុជា ក៏បានរួមគ្នា ដាក់ចេញនូវគោលការណ៍ចំនួន ៦ចំណុច ដែលបន្ថែមពីលើគោលការណ៍រៀបចំឥណទានឡើងវិញ ដែលបាននិងកំពុងអនុវត្ត ហើយវិធានការនេះ ក៏មានលក្ខខណ្ឌអនុគ្រោះច្រើនសម្រាប់អ្នកដែលរងគ្រោះជាក់ស្ដែង ដោយសារតែបញ្ហាកូវីដ-១៩ ផងដែរ។
គោលការណ៍ទាំង៦ចំណុចនោះ រួមមាន៖
ទី១. សម្រាប់អតិថិជនដែលឆ្លងជំងឺកូវីដ-១៩៖ លើកលែងការបង់ការប្រាក់ និងរាល់ការផាកពិន័យទាំងអស់ រយៈពេលយ៉ាងតិចមួយខែ ព្រមទាំងទទួលបានការរៀបចំឥណទានឡើងវិញដោយស្វ័យប្រវត្តិ (ប្រសិនបើអតិថិជនយល់ព្រម) រួមទាំងការពន្យារការបង់ប្រាក់ដើមរយៈពេលបីខែ។ រាល់អតិថិជនដែលឆ្លងជំងឺកូវីដ-១៩ ត្រូវបង្ហាញលទ្ធផលតេស្តវិជ្ជមានកូវីដ-១៩ ចេញដោយអាជ្ញាធរមានសមត្ថកិច្ច។
២. សម្រាប់អតិថិជនដែលជាប់ធ្វើចត្តាឡីស័ក៖ ផ្តល់ការរៀបចំឥណទានឡើងវិញដោយស្វ័យប្រវត្តិ (ប្រសិនបើអតិថិជនយល់ព្រម) រួមទាំងពន្យារការបង់ទាំងប្រាក់ដើម និងការប្រាក់រយៈពេល មួយខែ និងលើកលែងរាល់ការផាកពិន័យទាំងអស់។
៣. បន្តធ្វើការផ្តល់ជូនការរៀបចំឥណទានឡើងវិញឲ្យបានឆាប់រហ័ស និងបង្កលក្ខណៈងាយស្រួលសម្រាប់អតិថិជនដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩
៤. បញ្ចេញឥណទានសង្គ្រោះបន្ទាន់ ឬ បន្ថែម ដោយបន្ធូរបន្ថយលក្ខខណ្ឌ ព្រមទាំងកាត់បន្ថយអត្រាការប្រាក់ ដើម្បីជួយបន្ត និង ស្តារឡើងវិញនូវសេដ្ឋកិច្ចគ្រួសារ និង អាជីវកម្មមុន និងក្រោយពេលមានវិបត្តិ។
៥. ធ្វើការរៀបចំឥណទានឡើងវិញ ព្រមទាំងលើកលែងរាល់ការផាកពិន័យទាំងអស់ សម្រាប់អតិថិជនដែលទិញផ្ទះផ្ទាល់ខ្លួនទីមួយ សម្រាប់រស់នៅ (First Home Owner)។
ទី៦ចុងក្រោយនេះ គឺផ្តល់នូវការអនុគ្រោះសម្រាប់អតិថិជនដែលទទួលមរណភាពដោយជំងឺកូវីដ-១៩ តាមលទ្ធភាពជាក់ស្តែងរបស់គ្រឹះស្ថាននីមួយៗ។
សូមបញ្ជាក់ថា គិតត្រឹមដំណាច់ខែកុម្ភៈ ឆ្នាំ២០២១នេះ មានអតិថិជនប្រមាណ៣៤ម៉ឺននាក់ហើយ ទទួលបានការរៀបចំឥណទានឡើងវិញ ក្នុងទំហំឥណទានប្រមាណ ៤ពាន់លានដុល្លារអាមេរិក។ ចំពោះយន្តការនៃការរៀបចំឥណទានឡើងវិញ ភាគច្រើននៃអតិថិជនទាំងនោះ បានជ្រើសយកជម្រើសបង់តែការប្រាក់ក្នុងរយៈពេល ៣ទៅ៦ខែ ពន្យាររយៈពេលសងកម្ចី ឬផ្អាកបង់ទាំងការប្រាក់ និងប្រាក់ដើមរយៈពេល ៣ទៅ៦ខែ ក្នុងករណីដែលអតិថិជនរងផលប៉ះពាល់ខ្លាំង៕