យោងតាមសុន្ទរកថាជាភាសាខ្មែររបស់លោក Wang Wentiang នៅក្នុងពិធីប្រគល់លិខិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន, សិស្ស និស្សិត ជាច្រើនដែលក្រោយពីបានបញ្ចប់ការសិក្សា ត្រលប់មកកម្ពុជាវិញ បានដើរតួយ៉ាងសំខាន់ក្នុងស្ថាប័នរដ្ឋាភិបាល សកលវិទ្យាល័យ សហគ្រាស ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងកសាងប្រទេស។
លោក Wang Wentiang បាននិយាយដូច្នេះថា «ដើមឈើមិត្តភាពចិននិងកម្ពុជា ត្រូវការបែកមែកសាខាជានិរន្តរ៍ ដូច្នេះ ត្រូវការក្មួយៗដែលជាយុវជនស្រលាញ់មិត្តភាពចិននិងកម្ពុជា ចូលរួមថែទាំ ដាក់ជី និងស្រោចទឹក ថែរក្សា ជាច្រើនលើកច្រើនសា។»
លោក Wang Wentiang បាននិយាយបន្តថា «យុវសិស្ស ដែលមានវត្តមាននៅទីនេះ ប្រៀបដូចជាព្រះសុរិយា ដែលទើបតែរះ បង្កប់នូវអត្ថន័យលទ្ធភាព ឥតដែនកំណត់ ឱ្យតែខិតខំរៀនសូត្រតស៊ូពុះពារប្រាកដជាអាចបញ្ចេញកាំរស្មីភ្លឺចែងចាំងនាពេលអនាគត។»
ទំនាក់ទំនងកម្ពុជា ចិន បានឈានដល់ដំណាក់កាលមួយថ្មី ដែលថ្នាក់ដឹកនាំប្រទេសទាំងពីរ ហៅថា មិត្តភាពរឹងជាងដែកថែប។ ចំណងទាក់ទងនេះ បានជួយរុញកំណើនការវិនិយោគចិន ជនជាតិចិនមករស់នៅ និងរកស៊ីនៅកម្ពុជា និងភ្ញៀវទេសចរណ៍ចិនមកលេងស្រុកខ្មែររាប់លាននាក់ក្នុងមួយឆ្នាំៗ។
កម្ពុជានិងចិនបានប្រារព្ធពិធីអបអរសាទរខួបលើកទី៦០នៃទំនាក់ទំនងការទូតប្រទេសទាំងពីរ ហើយនាយករដ្ឋមន្រ្តីកម្ពុជា សម្តេច ហ៊ុន សែន បានទស្សនកិច្ចប្រទេសចិន កាលពីខែមេសា ឆ្នាំនេះ ខណៈដែលទីក្រុងប៉េកាំងបានប្រកាសថា នឹងជួយកម្ពុជាបន្ថែម បើសិនជាសហភាពអឺរ៉ុបដកការអនុគ្រោះផ្នែកពាណិជ្ជកម្មពីកម្ពុជា។
ស្ថានទូតសហរដ្ឋអាមេរិក កាលពីខែមេសាឆ្នាំនេះ បាននិយាយថា ទំនាក់ទំនងពាណិជ្ជកម្មកម្ពុជាជាមួយចិន បង្ហាញនូវអតុល្យភាព ដោយមានភាពលម្អៀងយ៉ាងខ្លាំងទៅលើប្រទេសចិន និងថា មានហេតុផលមួយចំនួនដែលត្រូវព្រួយបារម្ភ។
មន្រ្តីជាន់ខ្ពស់ស្ថានទូតសហរដ្ឋអាមេរិកក៏បានបញ្ជាក់ផងដែរថា កម្ពុជាគួរតែទទួលអត្ថប្រយោជន៍ជាច្រើនពីដៃគូផ្សេងទៀតជាច្រើនផងដែរ មិនមែនពឹងផ្អែកតែលើចិនដើម្បីអភិវឌ្ឍប្រទេសនោះទេ៕