
លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិកប្រធានក្រុមប្រឹក្សា និងជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន MJQE បានឲ្យដឹងថា សៀវភៅដែលមានចំណងជើងថា ភ្នំដងរ៉ែក ទីពុំអាចភ្លេច គឺជាអ្វីដែលលោកចង់ ចែករំលែកដល់សាធារណៈជន ឲ្យបានដឹងពីបទពិសោធន៍ជីវិតដ៏សែនកម្សត់ តស៊ូ ព្យាយាមពុះពារ ជំនះ គ្រប់ឧសគ្គសព្វបែបយ៉ាង ទម្រាំមានថ្ងៃនេះ ។

ចំនែកសៀវភៅ ១០៨ ចក្ខុវិស័យ គួច ម៉េងលី វិញ គឺលោកឧកញ៉ា ចង់បង្ហាញពីយុទ្ធសាស្ត្រធ្វើជំនួញ វិធីសាស្ត្រលើកទឹកចិត្ត បណ្ដុះឲ្យមានភាពក្លាហាន ឲ្យមានការទទូចព្យាយាម ម្ចាស់ការ ពិសេសបណ្ដុះឲ្យមានវប្បធម៌ចែករំលែក រួមនឹងទស្សនៈជីវិតដែលកើតចេញពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់លោកឧកញ៉ាផ្ទាល់ ។

ក្រៅពីអាជីពជាអ្នកជំនួញក្នុងវិស័យអប់រំហើយ លោកឧកញ៉ា គួច ម៉េងលី ក៏ជាវេជ្ជបណ្ឌិតមួយរូប ដែលបានបញ្ចប់ការសិក្សានៅសហរដ្ឋអាមេរិកផងដែរ។ ក្រោយពីពេលទំនេរពីការងារអាជីវកម្មហើយ លោកឧកញ៉ា តែងតែចំណាយពេលវេលាក្នុងការនិពន្ធសៀវភៅ ដែលនិយាយពីការចែករំលែកបទពិសោធន៍ជីវិតលើអាជីវកម្ម ការអប់រំផ្នែកស្មារតី ការលើកទឹកចិត្តមនុស្សពេលបរាជ័យ ការមានវប្បធម៌ចែករំលែកឲ្យគ្នា ព្រមទាំងការបណ្តុះគំនិតឲ្យស្រលាញ់ជាតិមាតុភូមិជាដើម៕