បុរសវ័យ ២២ឆ្នាំ Tran Tuan Minh ជាម្ចាស់ភោជនីយដ្ឋាន NightFall ក្នុងទីក្រុងហូជីមិញ កំពុងស្ថិតក្រោមការស៊ើបអង្កេតព្រហ្មទណ្ឌ ពីបទប្រើប្រាស់បណ្ដាញកុំព្យូទ័រ បណ្ដាញទូរគមនាគមន៍ អ៊ិនថឹណិត និងឧបករណ៍ឌីជីថល ដើម្បីកិបកេងប្រវ័ញ្ចទ្រព្យសម្បត្តិអ្នកដទៃ។
សារព័ត៌មាន VN Express ផ្សាយថា ការចាប់ខ្លួនម្ចាស់ភោជនីយដ្ឋាននេះ បានក្លាយជាចំណងជើងព័ត៌មានលេចធ្លោជាងគេ នៅលើសារព័ត៌មានធំៗ ក្នុងប្រទេសវៀតណាម។
គួររំឭកថា កាលពីខែសីហា ឆ្នាំ២០១៦ ទេសចរណ៍អូស្ត្រាលី ឈ្មោះ John David Caracciolo អាយុ ៤៥ឆ្នាំ បានចូលទទួលទានអាហារពេលល្ងាចនៅភោជនីយដ្ឋាន NightFall ហើយបង់ប្រាក់ដោយប្រើប័ណ្ណឥណទាន (credit card)។ នៅពេលឲ្យកាតឥណទានទៅបុគ្គលិកភោជនីយដ្ឋានយកទៅឆូតដើម្បីបង់លុយ បុគ្គលិកប្រាប់វិញថា មានបញ្ហាបច្ចេកទេស ហើយគាត់ត្រូវប្រើកាតមួយផ្សេងទៀត។
ជាច្រើនថ្ងៃបន្ទាប់ពីទេសចររូបនេះត្រលប់មកដល់ប្រទេសវិញ ក៏ឆែកដឹងថា លោកត្រូវគិតលុយអស់ ៣ម៉ឺន ៣៦០ដុល្លារ សម្រាប់អាហារពេលល្ងាចមួយពេល។ អ្នកទេសចររូបនេះក៏បានពឹងពាក់មិត្តភក្ដិនៅក្នុងប្រទេសវៀតណាម ឲ្យដាក់ពាក្យបណ្ដឹង។
នគរបាលបានស៊ើបអង្កេតឃើញថា អាហារពេលល្ងាចមួយពេលនោះអស់តម្លៃមិនដល់ ១០០០ដុល្លារផងទេ ប៉ុន្តែ ម្ចាស់ភោជនីយដ្ឋានប្រើបុគ្គលិកឲ្យឆូតកាតឥណទានជាច្រើនដង រួចហើយក៏ទៅដកយកលុយពីធនាគារ។
បន្ទាប់ពីមានបណ្ដឹង បុរសជាម្ចាស់ភោជនីយដ្ឋានក៏បានសងលុយវិញកាលពីខែធ្នូ ជាថ្នូរនឹងការដកពាក្យបណ្ដឹងវិញពីសំណាក់អ្នកទេសចរអូស្ត្រាលីនោះ។ ប៉ុន្តែ នគរបាលនៅតែបន្តនីតិវិធីព្រហ្មទណ្ឌលើករណីនេះ ដោយអះអាងថា វាជាបទល្មើសកម្រិតធ្ងន់ និងធ្វើឲ្យខូចមុខមាត់ប្រទេសជាតិ។
ប្រសិនបើលោកអ្នកនាងមិត្តអ្នកអាន ធ្លាប់ជួបប្រទះរឿងបែបនេះ សូមជួយផ្តល់យោបល់ និងចែករំលែកទាំងអស់គ្នា ដើម្បីបំបាត់អំពើបែបនេះ!!!៕