នៅក្នុងឱកាសប្រារព្វទិវា ASEM Day កាលពីពេលថ្មីៗនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសម្តែងនូវការសោកស្តាយ ក៏ព្រោះតែព្រឹត្តិការណ៍និងសន្និសិទផ្លូវការជាច្រើននៅក្រៅប្រទេស ត្រូវលុបចោលនិងពន្យាពេលទៅវិញ ដោយសារតែជំងឺ Covid-19។
ឯកឧត្តមថា «ក្នុងពេលដែលពិភពលោកកំពុងទប់ស្កាត់ការរីករាលដាល នៃជំងឺCovid-19នោះ មានព្រឹត្តិការណ៍ផ្លូវការ និងសន្និសិទជាច្រើន ដែលបានគ្រោងទុកជាមុនអស់ជាច្រើនខែ នៅតាមតំបន់នានាទូទាំងពិភពលោក ត្រូវបានលុបចោលឬពន្យាពេល ដោយសារការភ័យខ្លាចរីករាលដាលនៃជំងឺនេះ ។ ជាពិសេស គឺកិច្ចប្រជុំកំពូល អាស៊ាន អាមេរិក និងកិច្ចប្រជុំចង្អៀតឧត្តមមន្ត្រីអាស៊ី-អឺរ៉ុប ក៏ត្រូវបានលើកពេលផងដែរ» ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ កម្ពុជាមានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន១២ នាក់ហើយ ដោយក្នុងនោះ មាន០២នាក់ជាជនជាតិខ្មែរ និង ០២នាក់ទៀតជាជនជាតិខ្មែរឥស្លាម និង០៧នាក់ជាជនបរទេស។ នៅក្នុងនោះ គ្រាន់តែថ្ងៃទី១៥ ខែមីនា ១ថ្ងៃ មានអ្នកឆ្លងដល់ទៅ០៥នាក់ ដោយក្នុងនោះករណីឆ្លងរកឃើញនៅពេលថ្ងៃ០១ករណី លើបុរសជនជាតិបារាំង០១នាក់ និងរកឃើញនៅពេលយប់០៤ករណីទៀត លើបុរសជនជាតិខ្មែរដែលមកពីប្រទេសបារាំងម្នាក់ បុរសជនជាតិខ្មែរឥស្លាម០២នាក់ និងកូនរបស់បុរសជនជាតិបារាំង ដែលបានឆ្លងពីថ្ងៃរសៀលនោះម្នាក់ មានអាយុ០៤ខែ។
មកដល់ពេលនេះ ករណីឆ្លងសរុបទូទាំងប្រទេស១២ករណី ដោយ១១ករណីនាំចូលពីប្រទេសក្រៅ និង១ករណីប៉ះផ្ទាល់ជាមួយអ្នកជំងឺជនជាតិជប៉ុន ពួកគាត់ខ្លះមានសញ្ញាតិចតួចនិងបុគ្គលផ្សេងទៀតគ្រាន់តែផ្ទុកមេរោគCOVID-19 គ្មានរោគសញ្ញាគួឱ្យកត់សំគាល់ មានន័យថាមានសុខភាល្អនៅឡើយហើយក៏ពុំទាន់រកឃើញភ័ស្តុតាងបញ្ជាក់ថាមានការចំលងជំងឺនៅក្នុងសហគមន៍ឡើយដែរ។ នេះបើតាមបញ្ជាក់ពីនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល៕