បើតាមក្រសួងសុខាភិបាល នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ បានបញ្ជាក់ថា ដើម្បីការពារកុំឱ្យមានការស្ទុះងើបឡើងវិញនិងការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ចូលទៅក្នុងសហគមន៍ និងដើម្បីបន្តនិរន្តរ៍ភាពដំណើរការប្រទេសជាបន្តទៅមុខប្រកបដោយសុវត្ថិភាព និងភាពរីករាយក្នុងគន្លងប្រក្រតីភាពថ្មី។ក្រសួងសុខាភិបាល បានធ្វើការក្រើនរំលឹក និងអំពាវនាវសារជាថ្មី ដល់សាធារណជន បងប្អូនប្រជាពលរដ្ឋ បន្តចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ នៅក្នុងគ្រួសារ និងសហគមន៍ទាំងអស់គ្នា ដោយបន្តអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានូវវិធានការ «៣ការពារ និង៣កុំ» ដែលបានដាក់ចេញឱ្យអនុវត្តតាំងពីពាក់កណ្ដាល ខែធ្នូ ឆ្នាំ២០២០មកប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយផ្តើមចេញពីបុគ្គលផ្ទាល់ខ្លួនម្នាក់ៗសមាជិកគ្រួសារ សហគម និងសង្គមទាំងមូល និងបន្តទៅចាក់វ៉ាក់សាំងទាំងដូសមូលដ្ឋាន ដូសជម្រុញទី៣ ទី៤ ទី៥ និងដូសជម្រុញនានា ដើម្បីបញ្ចៀសនូវការរីករាលដាលដ៏ធ្ងន់ធ្ងរទៅក្នុងសហគមន៍ ទៅក្នុងគ្រួសារ និងស្ថាប័ននានា ដែលអាចកើតមានជាយថាហេតុ។
ស្របពេលប្រទេសកម្ពុជាបានឈានចូលជាបណ្តើរៗ ដល់ពេលដែលអាកាសធាតុត្រជាក់នៃរដូវរងារបាននិងកំពុងមកដល់ ដូច្នេះដើម្បីការពារសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារឲ្យបានល្អ និងចៀសផុតពីជំងឺដង្កាត់ដែលអាចកើតមានជាយថាហេតុបណ្តាលមកពីអាកាសធាតុចុះត្រជាក់នេះ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើការណែនាំដល់ប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសប្រជាជនដែលរស់នៅក្នុងតំបន់ដែលមានអាកាសធាតុចុះត្រជាក់ខ្លាំងថា ក្នុងចំណោមជំងឺតាមរដូវកាល ដែលជួបប្រទះញឹកញាប់ក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់ នៅចន្លោះពីខែធ្នូ ដល់ខែមករានៃឆ្នាំ គឺភាគច្រើនមានដូចជា ជំងឺផ្លូវដង្ហើមដែលមិនត្រូវនឹងអាកាសធាតុត្រជាក់ ឬជាប្រភេទអាល់លែកហ្ស៊ី និងជំងឺផ្លូវដង្ហើមបណ្តាលមកពីវីរុស និងមេរោគស្ត្រិបតូកូក ដែលបង្កឲ្យមានរោគសញ្ញាដូចជា គ្រុនផ្តាសាយ ហូរសំបោររលាកបំពង់ក ក្អក និង រលាកក្រពះពោះវៀនដោយពពួកវីរុសជាដើម។
ឯកឧត្តមសាស្ត្រាចារ្យ បន្ថែមថា វិធានការសាមញ្ញមួយចំនួនដែលអាចអនុវត្តដើម្បីថែរក្សាខ្លួនអ្នក និងក្រុមគ្រួសារ ជាពិសេសមនុស្សចាស់ជរា ទារកនិងកុមារ គឺត្រូវស្លៀកពាក់អាវក្រាស់ៗ រុំកនឹងកន្សែង ពាក់មួក និងស្រោមដៃរងារ ដើម្បីការពារកុំឲ្យធាតុត្រជាក់ប៉ះខ្លួនប្រាណដោយចំហរ ធ្វើយ៉ាងណាឲ្យមានការរក្សាកំដៅក្នុងខ្លួនជាធម្មតា។
សូមជម្រាបថា ក្រសួងសុខាភិបាលលើកទឹកចិត្តដល់បុគ្គលម្នាក់ៗ ឱ្យអនុវត្តធ្វើតេស្តរហ័សរកជំងឺកូវីដ-១៩ដោយខ្លួនឯង ក្នុងករណីមានរោគសញ្ញាណាមួយដែលសង្ស័យ ដើម្បីចៀសវាងការចម្លងទៅកាន់បុគ្គលដទៃទៀត ដែលអាចបង្ក ឱ្យមានការចម្លងទ្រង់ទ្រាយធំនៅក្នុងសហគមន៍។ ប្រសិនបើមានលទ្ធផលវិជ្ជមាន ត្រូវនៅដាច់ពីក្រុមគ្រួសារ ថែទាំ និងព្យាបាលដោយខ្លួនឯងនៅផ្ទះក្នុងករណីស្រាល តែបើមានរោគសញ្ញាវិវត្តន៍ទៅធ្ងន់ធ្ងរត្រូវទៅស្វែងរកការព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋឱ្យបានឆាប់រហ័ស៕