បញ្ហាកូវីដ-១៩​នៅកម្ពុជា

ក្រសួងសុខាភិបាល៖ គ្មានការលើកទឹកចិត្តឲ្យមានការរៀបមង្គលការ នៅអំឡុងពេលនេះទេ!


មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាលកម្ពុជា បានអះអាងប្រាប់ខេបូណូមីស នៅថ្ងៃទី ៨ ខែឧសភានេះថា ក្រសួងមិនបានលើកទឹកចិត្ត ឲ្យប្រជាពលរដ្ឋទាំងនៅរាជធានីភ្នំពេញ ឬតាមបណ្ដាខេត្តក្រុងនានា រៀបពិធីមង្គលការ នៅអំឡុងពេលនេះទេ បើទោះបីជាការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩ ហាក់មានភាពធូរស្បើយជាងមុនក៏ដោយចុះ។
លោក លី សូវ៉ាន់ អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល (រូបភាព៖ គេហទំព័រ​ក្រសួងព័ត៌មាន)
ដោយ

អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល លោក វេជ្ជបណ្ឌិត លី សូវ៉ាន់ បាន​បញ្ជាក់នៅថ្ងៃទី ៨ ខែឧសភានេះថា ក្រសួងសុខាភិបាលមិនបានលើកទឹកចិត្ត ឲ្យ​ប្រជាពលរដ្ឋ​រៀបចំ​​ពិធីរៀប​មង្គលការ​នៅអំឡុង​ពេលនេះ​នោះទេ។ លោកគូសបញ្ជាក់ទៀតថា ពិធីរៀបមង្គលការនេះ គួរតែពន្យារពេលសិនទើបជារឿងល្អ​។ ការដែល​មិនលើកទឹកចិត្ត​​ឲ្យ​ប្រជាពលរដ្ឋ​ប្រារព្ធ ឬចូលរួម​ក្នុង​កម្មវិធីជួបជុំនេះ គឺដោយសារតែក្រសួង​បារម្ភ​ខ្លាច​នូវករណីឆ្លង​នាំចូល​ថ្មី ដែលអាចជារលក​ទី២ កើតឡើងជាយថាហេតុ។ នេះបើតាមការអះអាង​របស់លោក លី សូវ៉ាន់។

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​រូបនេះ បានបញ្ជាក់ទៀតថា ការប្រារព្ធពិធី​ជួបជុំ ដូចជា​ពិធីជុបលៀង ឬពិធីមង្គលការ​ នៅអំឡុងពេលនេះ សូម​ពន្យារពេលសិនទៅ ព្រោះថា បើនៅតែធ្វើ​ទៀត ក៏មិនចំណេញដែរ ដោយសារតែ​ ការជួបជុំ​តម្រូវ​ឲ្យមានការ​រក្សា​គម្លាត​ពីគ្នា ដូចជា​តុទទួលភ្ញៀវ​ដែលធ្លាប់​ដាក់បានមនុស្ស​១០នាក់ តម្រូវ​ឲ្យ​ដាក់តែ៥នាក់ ដើម្បីរក្សាគម្លាត ណាមួយទៀតនោះ ការប្រារព្ធពិធី​ជួបជុំ​នៅអំឡុងពេលនេះ​ក៏មិនប្រាកដ​ថា​មានអ្នកចូលរួមនោះដែរ។ ដូច្នេះ ការប្រារព្ធពិធីជុបលៀង និងមង្គលការនាពេលនេះ អាចនឹង​ខាតបង់ប្រាក់ចោល​ទៅវិញទេ។

លោក បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំគិតថាអញ្ចេះ បើសិនជាយើង​បើក (អនុញ្ញាត​ឲ្យ​រៀបចំពិធីមង្គលការ) ក៏អត់ល្អដែរ ព្រោះនាំតែគាត់​ខាតទេ​ ព្រោះគ្មាននរណា​មកចូលរួម​ ហើយបើចង់បើក​ យើង​មិនអាចអង្គុយជិតគ្នាបានទេ! រាល់ដង​យើងធ្លាប់​ដាក់​១០នាក់ (ភ្ញៀវអង្គុយហូបការ) ១តុអីចឹងទៅណា តែឥឡូវ​​ឲ្យ​នៅ៥នាក់ អញ្ចឹង​នាំតែខាតបងទេ អញ្ចឹងយកល្អ ខ្ញុំសុំឲ្យ​​ពន្យារមក! ហើយខ្ញុំក៏សំណូមពរ​ដល់អាជ្ញាធរ​ដែនដី ធ្វើការងារ​ហ្នឹង កុំឲ្យមានការពេលហ្នឹង! ឲ្យគាត់ពន្យារពេលសិនទៅ ក្នុងពេល​មានមេរោគរាតត្បាត​ហ្នឹង កុំឲ្យមានការរីករាលដាលហ្នឹងបាទ!»។

លោក លី សូវ៉ាន់​ សង្កត់ធ្ងន់ទៀតថា «ទី១ ខាតបង់ថវិកា, ទី២​គ្មាននរណាចូលរួមទេ! ហើយទី៣ ត្រូវអនុវត្ត​តាម​គម្លាត​បុគ្គលនោះ ដូច្នេះ ធ្វើឲ្យគាត់ខាតបង់! ចឹងកុំឲ្យមានការរៀបការ ឬជួបជុំគ្នាអី»។

លោក អ៊ឹង គៀន អ្នកគ្រប់គ្រង​មជ្ឈមណ្ឌល​ពិព័រណ៌​កោះពេជ្រ​ បាន​អះអាងដែរថា តាំងពីពាក់កណ្ដាលខែ​មីនាមកទល់ពេលនេះ ខាង​មជ្ឈមណ្ឌល​របស់លោក មិនទាន់​មាន​ការប្រារព្ធ​កម្មវិធី​អ្វីនោះទេ គឺនៅ​បន្ដផ្អាកដំណើរការ និងកំពុងរង់ចាំមើល​គោលការណ៍ ក៏ដូចជាវិធានការថ្មី​ពីក្រសួង​សុខាភិបាលដែរ។ 

ជាមួយគ្នានេះ ​លោក ទូច រដ្ឋា អ្នកគ្រប់គ្រង​ទូទៅអាជីវកម្ម​រៀបចំកម្មវិធី និងចុងភៅ សេងហុងហេង បាន​លើកឡើងថា តាំងពីមាន​កូវីដ-១៩នេះ ការប្រារព្ធ​ពីធីរៀបមង្គលការ​ គឺពិតជា​ស្ងប់ស្ងាត់​មែន ប៉ុន្ដែលោកថា សម្រាប់​អាជីវកម្ម​របស់លោក បើទោះបីជា​ស្ងាត់​កម្មវិធីរៀបមង្គលការមែន តែ​លោកនៅ​ទទួលបាន​កម្មវិធី​ខ្លះៗដែរ ដូចជា​ខួបកំណើត និងពិធី​បុណ្យនានាជាដើម។

សូមរម្លឹកថា ក្នុងរយៈពេល​ប្រមាណជា ៣សប្ដាហ៍ជាប់គ្នានេះ កម្ពុជា​មិនបានរកឃើញ​ករណីឆ្លងកូវីដ-១៩​ថ្មីនោះទេ ដែលបាននាំឲ្យ​ករណី​ឆ្លង​កូវីដ-១៩​សរុប​នៅរក្សាតួលេខដដែល គឺចំនួន ១២២នាក់ ក្នុងនោះ អ្នកដែលត្រូវបានព្យាបាលសះស្បើយ​មានចំនួន ១២០នាក់ ខណៈដែល​អ្នកកំពុងសម្រាកព្យាបាល​នៅសល់តែ ២នាក់ប៉ុណ្ណោះ។

សូមបញ្ជាក់ថា ថ្មីៗនេះ បើយើង​ក្រឡេក​ទៅមើល​ប្រទេស​ជិត​ខាងរបស់កម្ពុជាយើង ដូចជា​វៀតណាម​ជាដើមនោះ ឃើញថា​បាន​បន្ធូរបន្ថយ​វិធានការ​ទប់ស្កាត់​ការឆ្លង​មេរោគកូវីដ-១៩ជាងមុន ដោយបាន​​អនុញ្ញាត​ឲ្យសិស្សចូលរៀន​នៅសាលា​ឡើងវិញ ខណៈដែល​នៅប្រទេសថៃ ក៏មានការអនុញ្ញាត​ឲ្យ​​បើក​អាជីវកម្ម​មួយចំនួនឡើងវិញផងដែរ៕

None



អត្ថបទបន្ទាប់


GMAC អំពាវនាវឲ្យម្ចាស់អគារទាំងអស់ ចុះថ្លៃឈ្នួល៣០%យ៉ាងតិច ដល់រោងចក្រកាត់ដេរ

នៅថ្ងៃទី ៨ ខែឧសភានេះ សមាគមរោងចក្រកាត់ដេរកម្ពុជា បានចេញលិខិតអំពាវនាវដល់ម្ចាស់ អគារនានា ដែលកំពុងជួលអគារឲ្យរោងចក្រកាត់ដេរសម្លៀកបំព…

អាជ្ញាធរខេត្តកំពត៖ ក្នុងមេសាឆ្នាំ២០២០ ខេត្តកំពតបាត់ភ្ញៀវទេសចរជាង៣០ម៉ឺននាក់ ស្មើនឹងជាង៩០% ធៀបនឹងឆ្នាំមុន

នៅក្នុងរយៈពេលត្រីមាសទី១ ដើមឆ្នាំ២០២០នេះ ខេត្តកំពតទទួលបានភ្ញៀវទេសចរចំនួនជាង៥៣ម៉ឺននាក់ មានការកើនឡើងជាង១៣% ធៀបនឹងឆ្នាំ២០១៩ ដែលមានប្រមា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ