ប៉ុន្តែ ទោះបីប្រទេសកាន់តែច្រើនឡើងបានផ្អាកការចាក់វ៉ាក់សាំង AstraZeneca របស់អង់គ្លេសនេះក្ដី ប្រទេសជាច្រើនផ្សេងទៀត បានការពារការសម្រេចចិត្តរបស់ខ្លួនក្នុងការប្រើវ៉ាក់សាំងប្រភេទនេះ និងនៅតែបន្តការចាក់វ៉ាក់សាំងប្រភេទនេះដដែល ។
នៅអឺរ៉ុប ក្រៅពីប្រទេសដាណាម៉ាក មានប្រទេសចំនួន ៧ទៀត ក៏បានផ្អាកការប្រើវ៉ាក់សាំង AstraZeneca ដែរ រួមមាន ប្រទេសន័រវ៉េ, អ៊ីស្លង់, ប៊ុលហ្គារី, លុច្សហ្សំបួ, អេស្តូនី, លីទុយអានី, និងឡាត់វី ។
កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ និយតករឱសថរបស់អឺរ៉ុប គឺទីភ្នាក់ងារឱសថអឺរ៉ុប បានបញ្ជាក់ថា ពុំមានភ័ស្តុតាងបញ្ជាក់ថា វ៉ាក់សាំង AstraZeneca បង្កឲ្យកកឈាមនៅក្នុងសរសៃឈាមនោះទេ និងថា ខ្លួនជឿជាក់ថា ផលប្រយោជន៍របស់វ៉ាក់សាំងនេះមានច្រើនជាងហានិភ័យ ។
គិតត្រឹមថ្ងៃពុធ មនុស្សប្រហែល ៥លាននាក់នៅអឺរ៉ុបបានទទួលការចាក់វ៉ាក់សាំង AstraZeneca ហើយក្នុងតួលេខនេះ មានករណីដែលគេហៅថា កំណកឈាមនៅក្នុងសរសៃ ចំនួន ៣០ករណីប៉ុណ្ណោះ ដែលត្រូវបានគេរាយការណ៍ ។
ហេតុអ្វីប្រទេសនានាផ្អាកការចាក់វ៉ាក់សាំង AstraZeneca ?
នៅថ្ងៃសុក្រនេះ ក្រសួងសុខាភិបាលថៃបានប្រកាសផ្អាកបណ្ដោះអាសន្ននូវការចាក់វ៉ាក់សាំង AstraZeneca ដោយពណ៌នាថា វ៉ាក់សាំងនេះល្អ ប៉ុន្តែ ខ្លួនចង់ផ្អាកសិនដើម្បីធ្វើការស៊ើបអង្កេតលើបញ្ហាសុវត្ថិភាព ។
ការសម្រេចបែបនេះរបស់ប្រទេសថៃ គឺនៅក្រោយពេលដែលអាជ្ញាធរសុខាភិបាលដាណាម៉ាកប្រកាសផ្អាកការចាក់វ៉ាក់សាំង AstraZeneca ដែរ ។ អាជ្ញាធរដាណាម៉ាកបាននិយាយថា ខ្លួនមិនមែនបោះបង់ចោលវ៉ាក់សាំងប្រភេទនេះតែម្ដងនោះទេ ប៉ុន្តែថា គ្រាន់តែផ្អាកសិនប៉ុណ្ណោះ ។
ប៉ុន្តែទោះជាយ៉ាងនេះក្ដី ប្រទេសមានប្រាក់ចំណូលខ្ពស់ជាច្រើនបានសម្រេចចិត្តបន្តយុទ្ធនាការចាក់វ៉ាក់សាំង Oxford-AstraZeneca ដដែល នៅបន្ទាប់ពីមានសេចក្ដីរាយការណ៍អំពីបញ្ហាបារម្ភពីសុវត្ថិភាព ។
ចក្រភពអង់គ្លេស, បារាំង, អូស្ត្រាលី, កាណាដា និងមិចស៊ិក ស្ថិតក្នុងចំណោមប្រទេសដែលបានខិតខំធានាអះអាងចំពោះពលរដ្ឋរបស់ខ្លួនអំពីផលប្រយោជន៍នៃវ៉ាក់សាំង AstraZeneca និងបាននិយាយថា គេនឹងបន្តការវ៉ាក់សាំងនេះដដែល ។
អ្នកនាំពាក្យក្រុមហ៊ុន AstraZeneca បាននិយាយថា ការវិភាគទៅលើទិន្នន័យសុវត្ថិភាពនៃកំណត់ត្រាចំនួនជាង ១០លានកំណត់ត្រា ពុំបានបង្ហាញភ័ស្តុតាងអំពីការកើនឡើងនៃហានិភ័យកំណកឈាមនៅក្នុងសរសៃនោះទេ ។ តាមពិតទៅ ករណីកំណកឈាមដែលបានសង្កេតឃើញនៅក្នុងចំណោមប្រជាជនដែលចាក់វ៉ាក់សាំង AstraZeneca គឺមានចំនួនទាបជាងអត្រាកំណកឈាមនៅក្នុងសរសៃ នៅក្នុងចំណោមប្រជាជនទូទៅ ទៅទៀត ។
តើអ្នកជំនាញគេនិយាយអ្វីខ្លះ ?
គណៈកម្មាធិការសុវត្ថិភាពនៃនិយតករឱសថអឺរ៉ុប កំពុងធ្វើការស៊ើបអង្កេតលើបញ្ហានេះ ប៉ុន្តែ បាននិយាយថា បច្ចុប្បន្ន ពុំមានភ័ស្តុតាងបញ្ជាក់ថា ការចាក់វ៉ាក់សាំង AstraZeneca បានបណ្ដាលឲ្យមានឈាមកកនៅក្នុងសរសៃនៅឡើយទេ ។
និយតករឱសថអឺរ៉ុប ក៏បានកត់សម្គាល់ផងដែរថា ទិន្នន័យដែលអាចរកបានកន្លងមក បានបង្ហាញថា ចំនួននៃករណីកំណកឈាមនៅក្នុងសរសៃក្នុងចំណោមប្រជាជនដែលបានចាក់វ៉ាក់សាំង គឺពុំមានកម្រិតខ្ពស់ជាងអ្វីដែលគេសង្កេតឃើញកើតមាននៅក្នុងចំណោមប្រជាជនទូទៅនោះទេ ។
វេជ្ជបណ្ឌិតជំនាញផ្នែកសុវត្ថិភាពវ៉ាក់សាំង នៅនិយតករឱសថនិងផលិផលថែទាំសុខភាពនៃចក្រភពអង់គ្លេស បាននិយាយថា សុវត្ថិភាពរបស់មហាជនគឺជាអាទិភាពចម្បង ហើយយើងកំពុងបន្តស៊ើបអង្កេតលើបញ្ហានេះ ប៉ុន្តែ យើងសូមបញ្ជាក់ថា ភ័ស្តុតាងដែលមានពុំបានបញ្ជាក់ថា វ៉ាក់សាំង AstraZeneca ជាបុព្វហេតុនៃការកកឈាមនៅក្នុងសរសៃឡើយ ៕