ឯកឧត្តម ហេង សួរ មន្ត្រីនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានអះអាងនៅក្នុងសន្នីសីទសារព័ត៌មាននៅរសៀលថ្ងៃទី ២៧ ខែមេសានេះ ថា ដោយសារតែមានការផ្អាកការបញ្ជាទិញពីប្រទេសនៅអឺរ៉ុប និងអាមេរិក និងអាមេរិក បានធ្វើឲ្យតម្រូវការនៃផលិតផលកាត់ដេរសម្លៀកបំពាក់ស្បែកជើង និងកាបូប បានជួបនូវបញ្ហាយ៉ាងខ្លាំង ដែលវាបានធ្វើឲ្យរោងចក្រកាត់ដេរប្រមាណជាង ១៣០ រោងចក្រហើយនៅកម្ពុជាបានសម្រេចដាក់ពាក្យព្យួរប្រតិបត្តិការផលិត ហើយបានធ្វើឲ្យប៉ះពាល់ដល់ការងារកម្មករនយោជិតប្រមាណ ១០ម៉ឺននាក់ផងដែរ។
ឯកឧត្តម ហេង សួរ មានប្រសាសន៍ថា «នៅពេលដែលប្រទេសនៅអឺរ៉ុប និងអាមេរិកបានរងផលប៉ះពាល់ដោយសារជំងឺកូវីដ គេបិទទីផ្សារ គេបិទចរាចរណ៍ធ្វើឲ្យតម្រូវការសម្លៀកបំពាក់ឬមួយក៏ស្បែកជើង ឬមួយក៏កាបូបក៏ដូចជាផលិតផលដដៃផ្សេងទៀតនោះ គឺថា ត្រូវបានកាត់បន្ថយជាគំហុកផងដែរ។»
ឯកឧត្តមបន្ថែមថា «ហើយតាមរយៈការធ្លាក់ចុះនៃតម្រូវការនៃទីផ្សាររបស់យើងនេះ ធ្វើឲ្យរោងចក្រផ្នែកកាត់ដេរនិងស្បែកជើងមួយចំនួនធំដែរ បានដាក់ពាក្យសុំព្យួរ ដោយគិតមកដល់ពេលនេះ មានរោងចក្រជាង ១៣០ បានដាក់ពាក្យព្យួរ ហើយដែលមានបងប្អូនកម្មករនិយោជិតជិត១០ម៉ឺននាក់បានរងផលប៉ះពាល់ពីការព្យួរនេះ។»
យ៉ាងណាក៏ដោយចុះ បើតាមការអះអាងរបស់អ្នកនាំពាក្យក្រសួងការងាររូបនេះ មានរោងចក្រដែលបានដាក់ពាក្យព្យួរភាគច្រើន គឺពួកគេមិនចង់ព្យួរទេ គឺចង់បិទរោងចក្រតែម្ដង ប៉ុន្ដែ ដោយសារតែមានការអន្តរាគមន៍ពីរាជរដ្ឋាភិបាលតាមរយៈការផ្ដល់ការលើកទឹកចិត្ត និងការសម្របសម្រួលធ្វើឲ្យយ៉ាងណាឲ្យកម្មករនិយោជិតទទួលបានអត្ថប្រយោជន៍នៅអំឡុងពេលដ៏លំបាកនេះ ទើបធ្វើឲ្យថៅកែរោងចក្រសម្រេចចិត្តដាក់ពាក្យព្យួររោងចក្រជំនួសវិញ។
ឯកឧត្តម ហេង សួរអះអាងយ៉ាងដូច្នេះ «ធាតុពិតរោងចក្រដែលបានដាក់ពាក្យព្យួរនេះ តាមស្ថានភាពជាក់ស្ដែង ចង់បិទច្រើនជាងព្យួរ ក៏ប៉ុន្ដែតាមរយៈការគេហៅថាពិភាក្យាគ្នា ដើម្បីរកនូវគេហៅថា ផលចំណេញ ទោះបីជាយើងខាត ប៉ុន្ដែធ្វើឲ្យម៉េចកុំឲ្យវាខាតទាំងស្រុង ធ្វើម៉េចឲ្យមានផលចំណេញខ្លះនៅលើដៃបងប្អូនកម្មករនិយោជិត គឺរាជរដ្ឋាភិបាលសុខចិត្តលើកទឹកចិត្តឲ្យរោងចក្រទាំងអស់នោះមកត្រឹមជាការព្យួរវិញ ដោយសារតែក្នុងពេលព្យួរនេះ មានន័យថាបងប្អូនមិនទាន់បាត់បង់ការងារនៅឡើយទេ លើកលែងតែរោងចក្រហ្នឹងបិទ អាហ្នឹងមានន័យថាគាត់បាត់បង់ការងាររហូត។ ប៉ុន្ដែការព្យួរ មានន័យថា គាត់គ្រាន់តែមិនមកធ្វើការងារនៅក្នុងរយៈពេលព្យួរហ្នឹង ហើយនៅក្នុងរយៈពេលព្យួរហ្នឹងគាត់បានអត្ថប្រយោជន៍ខ្លះពីរោងចក្រ ហើយរដ្ឋាភិបាលបានឧបត្ថម្ភនូវទឹកប្រាក់ចំនួន ៤០ដុល្លារ ពីលើលទ្ធភាពដែលរោងចក្រអាចផ្ដល់ជូនបងប្អូននៅក្នុងពេលដែលព្យួរនេះ។»
បើតាមក្រសួងការងារ រាជរដ្ឋាភិបាលបានសម្រួលដល់ថៅកែរោងចក្រដូចជាការលើកលែងផ្នែកប្រាក់ពន្ធ ការសម្រួលលើកលែងការបង់វិភាគទាន បសស និងផ្នែកផ្សេងៗទៀត។
បើតាមឯកឧត្តម ហេង សួរ សម្រាប់រយៈពេល ២ ទៅ៣ខែខាងមុខនេះ ខាងរោងចក្រកាត់ដេរនៅកម្ពុជាមិនទាន់ទទួលបានការបញ្ជាទិញពីអ្នកបញ្ជាទិញពិសេស ពីប្រទេសនៅសហភាពអឺរ៉ុប និងអាមេរិកនៅឡើយទេ។
ដោយឡែកចំពោះការនាំចេញផលិតផលក្នុងវិស័យកាត់ដេរនៅត្រីមាសទី១ឆ្នាំនេះដែរ ត្រូវបានឯកឧត្តម ហេង សួរអះអាងថា គឺមានគឺអាចមានប្រមាណ ៨០% នៃត្រីមាសទី១នៅឆ្នាំ២០១៩ ហើយសម្រាប់ត្រីមាសទី២ វិញអាចនឹងការនាំចេញអាចនឹងថយចុះជាង ៥០%។
សូមបញ្ជាក់ថា កន្លងមករាជរដ្ឋាភិបាល និងខាងថៅកែរោងចក្របានយល់ព្រមឯកភាពគ្នាក្នុងការផ្ដល់ប្រាក់បៀវត្សរ៍ជូនដល់កម្មករនិយោជិតដែលត្រូវបានព្យួរការងារក្នុងមួយចំនួន ៧០ ដុល្លារអាមេរិក ក្នុងមួយខែ សម្រាប់កម្មករម្នាក់ ដោយក្នុងនោះរាជរដ្ឋាភិបាលជួយ ៤០ ដុល្លារ និងថៅកែរោងចក្រចេញ ៣០ដុល្លារ៕