
ក្រោយឡើងកាន់តំណែងភ្លាមប្រមុខការទូតអង់គ្លេសថ្មី លោកស្រី Liz Truss បានបង្ហាញគោលជំហរច្បាស់លាស់ណាស់ ក្នុងនយោបាយការទូតជាមួយប្រទេសចិន។ លោកស្រី បានអំពាវនាវឲ្យពិភពលោក ប្រកាន់យកគោលជំហរតឹងរឹងជាមួយប្រទេសចិន។
ជាមួយគ្នានេះ លោកស្រីថែមទាំងបាននិយាយថា អង្គការពាណិជ្ជកម្មពិភពលោក ឬ WTO គួរតែឈប់ចាត់ទុកប្រទេសចិន ថាជាប្រទេសកំពុងអភិវឌ្ឍទៀតទៅ ដោយសារតែបែបនេះហើយទើបអនុញ្ញាតឲ្យចិនទទួលបានផលចំណេញពាណិជ្ជកម្ម ច្រើនជាងប្រទេសនានា ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍ។
រដ្ឋមន្ត្រីការបរទេសមកពីគណៈបក្សអភិរក្សនិយមរូបនេះ បានស្តីបន្ទោសចិនថា មានឥរិយាបថមិនល្អមួយចំនួនក្នុងការធ្វើពាណិជ្ជកម្ម ដែលបានរួមចំណែកដល់ការធ្លាក់ចុះនៃការជឿទុកចិត្តលើប្រព័ន្ធពាណិជ្ជកម្មពិភពលោក។ ចំណុចនេះ លោកស្រីរដ្ឋមន្ត្រីការបរទេសថ្មីអង់គ្លេស ទំនងជាចង់សំដៅដល់ ជម្លោះពាណិជ្ជកម្មរវាងចិន អាមេរិក និង អូស្ត្រាលីជាដើម។
សូមជម្រាបថា លោកស្រី Liz Truss ជាអ្នកនយោបាយដ៏មានបទពិសោធន៍មួយរូប ជាពិសេសក្នុងវិស័យកាទូតពាណិជ្ជកម្ម ដោយចាប់ពីខែមករាឆ្នាំនេះមក លោកស្រីបានដឹកនាំ និងបានជួយឲ្យអង់គ្លេសសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ជាមួយប្រទេសជាច្រើន ចាប់តាំងពីចក្រភពអង់គ្លេសបានចាកចេញពីសហភាពអឺរ៉ុបមក។ លោកស្រីក៏ជាស្ត្រីទី២ផងដែរ ដែលបានកាន់តំណែងជារដ្ឋមន្ត្រីការបរទេស ក្នុងប្រវត្តិសាស្ត្ររបស់អង់គ្លេស៕