ការព្រមព្រៀងទទួលយកដំណោះស្រាយរវាងអាណាព្យាបាលសិស្ស និងសាលាអន្តរជាតិ Paragon ក្រោមការសម្របសម្រួលពីឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា បានយល់ព្រមនឹងដំណោះស្រាយដូចខាងក្រោម៖
១.មិនដំឡើងថ្លៃសិក្សាសម្រាប់ឆ្នាំសិក្សា២០២០-២០២១ ចំពោះសិស្សគ្រប់កម្រិត (ទាំងតម្លៃ ទាំងលក្ខខណ្ឌបង់ប្រាក់)។
២.បញ្ចុះថ្លៃសិក្សាតាមប្រព័ន្ធអេឡិចត្រូនិចចំនួន១៥% នៃតម្លៃសិក្សាឆ្នាំចាស់ (ឆ្នាំសិក្សា២០១៩-២០២០)
៣. ពន្យាពេលបិទបញ្ចប់ការចុះឈ្មោះចូលរៀនឆ្នាំសិក្សា២០២០-២០២១ រហូតដល់មានប្រកាសពីរាជរដ្ឋាភិបាលកម្ពុជា ឬក្រសួងអប់រំ យុវជន និងកីឡា អំពីការចាប់ផ្តើមចូលរៀនឡើងវិញ(ដោយមិនអនុវត្តលក្ខខណ្ឌអ្នកចុះឈ្មោះក្រោយ បង់ច្រើនជាងអ្នកចុះឈ្មោះមុន)។
៤.បន្តពង្រឹងគុណភាពការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិច(សាលាអន្តរជាតិ Paragon បាននិងកំពុងផ្តល់ការអប់រំតាមប្រព័ន្ធអេឡិចត្រូនិចមានគុណភាពរួចជាស្រេចទៅហើយ)។
គួរជម្រាបថា ក្រោយពេលផ្ទុះបាតុភាព នូវការស្នើសុំរបស់អាណាព្យាបាលសិស្សចំពោះសាលាឯកជនមួយចំនួនរួចមក គេសង្កេតឃើញថា មានសាលាឯកជនជាបន្តបន្ទាប់ បានធ្វើការបញ្ចុះតម្លៃខ្លះសម្រាប់ការចុះឈ្មោះសិក្សា បន្ទាប់ពីឈប់សម្រាកមួយរយៈពេលខ្លី ដោយនៅមុននេះក៏មានសាលាអន្តរជាតិមួយដែរ ដែលបានធ្វើការបន្ធូរបន្ថយថ្លៃសិក្សាខ្លះ ក្រោយពីមានការស្នើសុំពីអាណាព្យាបាលសិស្ស បើទោះបីជាមិនបានតាមស្នើសុំទាំងស្រុងក៏ដោយ៕