ក្រសួងការបរទេសនីការ៉ាហ្គ័រ បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា៖ ចាប់ពីថ្ងៃនេះតទៅរដ្ឋាភិបាលនៃសាធារណរដ្ឋនីការ៉ាហ្គ័រ បានសម្រេចផ្តាច់ទំនាក់ទំនងការទូតជាមួយកោះតៃវ៉ាន់ហើយ ក្នុងន័យនេះ គឺរដ្ឋាភិបាលប្រទេសនឹងឈប់មានទំនាក់ទំនងជាផ្លូវការណាមួយជាមួយកោះតៃវ៉ាន់តទៅទៀតលើគ្រប់វិស័យទាំងអស់។
សេចក្តីប្រកាសព័ត៌មានដដែលបន្តថា៖ សាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ ដែលតំណាងឱ្យប្រទេសចិន ហើយកោះតៃវ៉ាន់គឺជាផ្នែកមួយ ដែលមិនអាចកាត់ផ្តាច់បានពីទឹកដីចិន។
ដោយឡែក នៅមួយថ្ងៃបន្ទាប់ពីការប្រកាសនេះពោលគឺនៅថ្ងៃសុក្រទី១០ខែធ្នូ ប្រទេសនីការ៉ាហ្គ័រនិងភាគីចិន បានប្រកាសពីការភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នាឡើងវិញភ្លាមៗផងដែរ។ការប្រកាសនេះធ្វើឡើង ក្នុងជំនួបរវាងរដ្ឋមន្ត្រីការបរទេសចិន និងរដ្ឋមន្ត្រីហិរញ្ញវត្ថុ ព្រមទាំងកូនប្រុសរបស់ប្រធានាធិបតីនីការ៉ាហ្ក័រ២រូបផ្សេងទៀត នៅទីក្រុងធានចៀន ភាគខាងជើងប្រទេសចិន។ នៅក្នុងជំនួប រដ្ឋមន្ត្រីការបរទេសចិន និយាយថា នេះគឺជាការសម្រេចចិនដ៏ត្រឹមត្រូវមួយរបស់នីការ៉ាហ្គ័រ។
សម្រាប់កោះតៃវ៉ាន់ ការកាត់ផ្តាច់ទំនាក់ទំនងនេះ គឺជារឿងឈឺចាប់ និងគួរឲ្យសោកស្តាយ ហើយកោះតៃវ៉ាន់បានលើកឡើងថា នីការ៉ាហ្គ័រមិនបានផ្តល់តម្លៃ ចំពោះមិត្តភាពរវាងប្រជាជនតៃវ៉ាន់ និងនីការ៉ាហ្គ័រ ក្នុងពេលកន្លងមកនេះទេ។
គួរបញ្ជាក់ថា ការដែលនីការ៉ាហ្គ័រឈានទៅផ្តាច់ទំនាក់ទំនងជាមួយកោះតៃវ៉ាន់នៅពេលនេះ គឺស្របពេលដែលសហរដ្ឋអាមេរិក និងនីការ៉ាហ្គ័រកំពុងមានទំនាក់ទំនងមិនល្អជាមួយគ្នា។ ទំនាក់ទំនងមិនល្អក៏ដោយសារតែ កាលពីខែមុន ប្រធានាធិបតី អាមេរិក បានច្រានចោលជ័យជំនះរបស់លោក Ortega ជាប្រធានាធិបតីនីការ៉ាហ្គ័រ ដោយបានហៅការបោះឆ្នោតថាជា ឆាកល្ខោន។
សូមជម្រាបថា ការដោះដៃរបស់នីការ៉ាហ្គ័រពីកោះតៃវ៉ាន់ បានបន្សល់ទុកប្រទេសតែ១៤ ប៉ុណ្ណោះ ដែលមានចំណងការទូតផ្លូវការជាមួយកោះតៃវ៉ាន់ ភាគច្រើនជាប្រទេសនៅតំបន់អាមេរិកឡាទីន៕