កាលពីដើមខែ វិច្ឆិកា ឆ្នាំ២០២០នេះ តម្លៃប្រេងឆៅរបស់ទីផ្សារប្រេងឆៅអាមេរិក West Texas Intermediate គឺមានតម្លៃជាង ៣៤ដុល្លារក្នុងមួយបារ៉ែល ខណៈ ទីផ្សារប្រេងឆៅ Brent របស់អង់គ្លេស ក៏មានតម្លៃត្រឹមតែ ៣៦ដុល្លារ ក្នុងមួយបារ៉ែល។
ចូលមកដល់ថ្ងៃទី ១១ ខែវិច្ឆិកានេះ តម្លៃប្រេងឆៅ របស់ទីផ្សារប្រេងឆៅអាមេរិក West Texas Intermediate កើនឡើងដល់ទៅជាង ៤១ដុល្លារក្នុងមួយបារ៉ែល ខណៈ ទីផ្សារប្រេងឆៅ Brent របស់អង់គ្លេស មានតម្លៃប្រមាណ ៤៣ដុល្លារក្នុងមួយបារ៉ែល។
ការកើនឡើងយ៉ាងដូច្នេះ គឺបន្ទាប់ពី ក្រុមហ៊ុនផលិតឱសថ Pfizer និង Biontech របស់សហរដ្ឋអាមេរិក សហការជាមួយអាល្លឺម៉ង់ បានអះអាងថា វ៉ាក់សាំងប្រឆាំងមេរោគកូវីដ-១៩ ដែលត្រូវបានធ្វើតេស្តនៅក្នុងដំណាក់កាលទី ៣ គឺមានប្រសិទ្ធភាពដល់ទៅ ៩០% ហើយក្រៅពីនោះ ក៏មាន ប្រទេសរុស្ស៊ី ដែលបានអះអាងដែរថា វ៉ាក់សាំងរបស់ខ្លួន ក៏មានប្រសិទ្ធភាពដល់ទៅ ៩០% ដូចគ្នាដែរ ដោយផ្អែកទៅលើ ទិន្នន័យព្យាបាលជាក់ស្តែង មិនមែនតេស្តសាកល្បងនោះឡើយ។
អ្នកជំនាញ បានអះអាងដែរថា វ៉ាក់សាំងប្រឆាំងមេរោគកូវីដ-១៩ ត្រូវបានគេរំពឹងថា នឹងអាចជួយជំរុញដល់ការធ្វើដំណើរអន្តរជាតិ និងការប្រើប្រាស់ប្រេងឡើងវិញ តែយ៉ាងណាក៏ដោយ វាពុំបានផ្តល់លទ្ធផលភ្លាមៗនោះទេ អាចនឹងត្រូវរង់ចាំដល់ពាក់កណ្តាលឆ្នាំ ២០២១ខាងមុខថែមទៀតផង។
គួរជម្រាបដែរថា តម្លៃប្រេងឆៅនៅលើទីផ្សារសកល កើនឡើងឆាប់រហ័សយ៉ាងដូច្នេះ ក៏មានកត្តាសំខាន់ផ្សេងទៀតផងដែរ ដូចជា អង្គការប្រទេសនាំចេញប្រេង OPEC កំពុងពន្លឿនកិច្ចព្រមព្រៀងជាមួយប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដើម្បីកាត់បន្ថយផលិតកម្មប្រេង នាពេលខាងមុខ៕