ទីផ្សារតម្លៃប្រេងឆៅសកល បានកើនឡើង២,៤% ពោលគឺមានតម្លៃដល់ទៅ ៧០ដុល្លារ ២៤សេន ក្នុងមួយបារ៉ែល ដែលជាតម្លៃមួយខ្ពស់ជាលើកដំបូងក្នុងរយៈពេល ជាង៦ខែមកនេះ។
តម្លៃប្រេង បានកើនឡើងជាង ៣% នៅថ្ងៃសុក្រសប្ដាហ៍មុននេះ បន្ទាប់ពី លោក កាសេម សូឡេម៉ានី មេបញ្ជាការកំពូលរបស់អ៊ីរ៉ង់ ត្រូវបានសម្លាប់ដោយសហរដ្ឋអាមេរិក ក្រោមការបញ្ជារបស់លោក ដូណាល់ត្រាំ ប្រធានាធិបតីអាមេរិក។ ការសម្លាប់នេះ ប្រឈមមុខនឹងភាពតានតឹងកាន់តែខ្លាំងឡើងនៅមជ្ឈមបូព៌ា ដែលជាកន្លែងមានប្រទេសផលិតប្រេងសំខាន់ៗ និងជាច្រកផ្គត់ផ្គង់ថាមពលដ៏សំខាន់។
យ៉ាងណាក៏ដោយចុះ បើតាមក្រុមអ្នកវិភាគបានរំពឹងថា នឹងមានការឆ្លើយតបក្នុងកម្រិតមួយ ដែលនឹងមិនធ្វើឲ្យមានការរំខានខ្លាំងដល់ការផ្គត់ផ្គង់ប្រេងឆៅនោះទេ ដោយវានឹងរក្សាបាននូវស្ថិរភាពតម្លៃប្រេង។
ផ្ទុពីតម្លៃប្រេងមានការហក់កើនឡើង គេសង្កេតឃើញថា ទីផ្សារភាគហ៊ុន បានចាប់ផ្ដើមធ្លាក់ថ្លៃគួរឲ្យកត់សម្គាល់។ តួយ៉ាង ទីផ្សារហ៊ុនមួយចំនួន គិតត្រឹមថ្ងៃចន្ទទី ០៦ ខែមករានេះ បានបង្ហាញពីការធ្លាក់ចុះបន្តបបន្ទាប់។ ផ្សារហ៊ុនរបស់កូរ៉េ KOSPI បានខាតបង់ ០,៨% ខណៈដែលផ្សារហ៊ុនហុងកុង Hang Seng Index បានធ្លាក់ចុះ០,៧%។ ផ្សារហ៊ុន សៀងហៅ ប្រទេសចិន បានធ្លាក់ចុះ០,៤% ខណៈដែល ផ្សារហ៊ុនជប៉ុន Nikkei 225 បានធ្លាក់ចុះ២,១% នៅថ្ងៃបើកជួញដូរដំបូងនៅឆ្នាំនេះ។ ផ្សារហ៊ុនជប៉ុនមួយនេះ បានបិទអស់ប៉ុន្មានថ្ងៃ ដើម្បីឈប់សម្រាកឆ្នាំថ្មី៕