យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC កាលពីថ្ងៃទី១៨ ខែមិថុនា ឱ្យដឹងថា លោក ចន មឺហ្វី (John Murphy) កំពូលអ្នកវិភាគទីផ្សាររថយន្តមកពីក្រុមហ៊ុនមូលបត្រ Bank of America Securities ដែលជាបុត្រសម្ព័ន្ធនៃធនាគារអាម៉េរិក Bank of America បានព្រមានថា ក្រុមហ៊ុនផលិតរថយន្តធំៗចំណាស់ទាំង៣របស់សហរដ្ឋអាម៉េរិក រួមមាន ក្រុមហ៊ុន General Motors (GM) ក្រុមហ៊ុន Ford Motor និងក្រុមហ៊ុន Stellantis គួរតែប្រញាប់ចាកចេញពីទីផ្សារប្រទេសចិន ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
ការព្រមាននេះធ្វើឡើងស្របពេលមានការប្រកួតប្រជែងមិនធ្លាប់មានពីមុនមកនៅក្នុងប្រទេសចិន ដែលជាទីផ្សាររថយន្តដ៏ធំបំផុតរបស់ពិភពលោក និងខណៈដែលប្រទេសនេះសម្រុកបង្កើនការផលិតរថយន្តយ៉ាងច្រើនសម្បើមទាំងសម្រាប់អ្នកប្រើប្រាស់ក្នុងស្រុក និងសម្រាប់ការនាំចេញទៅកាន់ពិភពលោក។
លោក ចន មឺហ្វី (John Murphy) ដែលពីមុនធ្លាប់បានសាកសួរក្រុមហ៊ុន General Motors អំពីការចាកចេញពីទីផ្សារប្រទេសចិនបាននិយាយថា ក្រុមហ៊ុនផលិតរថយន្តធំៗដ៏ចំណាស់ទាំង៣របស់សហរដ្ឋអាម៉េរិក ចាំបាច់ត្រូវផ្តោតលើផលិតផលស្នូលដ៏សំខាន់របស់ខ្លួន និងទីផ្សារដែលទទួលបានប្រាក់ចំណេញច្រើនជាងនៅទីផ្សារប្រទេសចិន។
អំឡុងកម្មវិធីរបស់សមាគមសារព័ត៌មានរថយន្ត ដើម្បីពិភាក្សាអំពីរបាយការណ៍ “សង្គ្រាមរថយន្ត” (Car Wars)ប្រចាំឆ្នាំរបស់ក្រុមហ៊ុនមូលបត្រ Bank of America Securities កាលពីថ្ងៃអង្គារ ដើមសប្ដាហ៍នេះ លោក ចន មឺហ្វី (John Murphy) បានលើកឡើងថា លោកយល់ថា ក្រុមហ៊ុនផលិតរថយន្តធំៗដ៏ចំណាស់ទាំង៣របស់សហរដ្ឋអាម៉េរិក គួរតែចាកចេញពីទីផ្សារប្រទេសចិន ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ពីព្រោះលោកយល់ថា ប្រទេសចិន លែងជាទីផ្សារស្នូលសម្រាប់ក្រុមហ៊ុនអាម៉េរិក ទាំងនេះទៀតហើយ ខណៈដែលការលេចឡើងនូវក្រុមហ៊ុនផលិតរថយន្តក្នុងស្រុករបស់ចិន ដូចជាក្រុមហ៊ុន BYD និងក្រុមហ៊ុន Geely ជាដើមក្នុងពេលប៉ុន្មានឆ្នាំមកនេះបានដាក់សម្ពាធកាន់តែខ្លាំងឡើងមកលើក្រុមហ៊ុនអាម៉េរិក ទាំងនេះ៕
ដោយ: តែម សុខុម