មកដល់ពេលនេះមានរដ្ឋចំនួន ១៦ហើយនៅសហរដ្ឋអាមេរិកបានរកឃើញករណីមេរោគបំប្លែងថ្មី អូមីក្រុង ខណៈករណីជាច្រើនស្ថិតក្នុងចំណោមអ្នកបានចាក់វ៉ាក់សាំងពេញលេញ ប៉ុន្តែអ្នកផ្ទុកមេរោគថ្មីនេះ មានរោគសញ្ញាស្រាលប៉ុណ្ណោះ។ ទោះបីជា មានករណីមេរោគបំប្លែងថ្មីអូមីក្រុង ត្រូវបានរកឃើញជាច្រើនករណីក៏ដោយ ប៉ុន្តែមេរោគបំប្លែងថ្មី ឌែលតា ឯណោះវិញ ដែលជារៀមច្បងរបស់អូមីក្រុងនោះ នៅតែមានចំនួនច្រើន ពោលគឺជិត ១០០ ភាគរយនៃករណីឆ្លងថ្មីនៅក្នុងសហរដ្ឋអាមេរិក។
ត្បិតថា មេរោគបំប្លែងថ្មីបានបង្កឱ្យមានការភ្ញាក់ផ្អើលទូទាំងពិភពលោកក៏ដោយ វេជ្ជបណ្ឌិតជំងឺឆ្លងរបស់សហរដ្ឋអាមេរិកបានឱ្យដឹងថា រហូតមកដល់ពេលនេះ មេរោគ អូមីក្រុង ហាក់ដូចជាមិនទាន់បង្កឱ្យមានករណី ធ្ងន់ធ្ងរណាមួយនោះទេ វាគ្រាន់តែការលេចចេញមេរោគនេះ វាលឿនពេកក្នុងការទាញសេចក្តីសន្និដ្ឋានច្បាស់លាស់ ហើយត្រូវការការសិក្សាបន្ថែមទៀត។
សូមជម្រាបថា នៅពេលដែលករណី អូមីក្រុង ត្រូវបានរកឃើញនៅសហរដ្ឋអាមេរិក អ្នកផលិតវ៉ាក់សាំងកូវីដ១៩ ចាប់ផ្ដើមមានគោលបំណងកែកំណែទម្រង់វ៉ាក់សាំងរបស់ពួកគេយ៉ាងលឿនដើម្បីកំណត់គោលដៅ ទប់ទល់នឹងសមត្ថភាពមេរោគបំប្លែងថ្មីនេះ ហើយ និយ័តករអាមេរិកបានប្តេជ្ញានឹងពិនិត្យយ៉ាងរហ័សចំពោះកំណែទម្រង់វ៉ាក់សាំងថ្មីផងដែរ។ ទោះយ៉ាងណា ក្រុមហ៊ុនផលិតវ៉ាក់សាំងធំៗទាំងនោះ នឹងចំណាយពេលពី ៦០ ទៅ ១០០ ថ្ងៃ ក្នុងការធ្វើកំណែទម្រង់នៃការផលិតវ៉ាក់សាំងកូវីដ ១៩ របស់ខ្លួនឡើងវិញបាន។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកក្នុងរយៈពេល ៧ ថ្ងៃចុងក្រោយនេះ ករណីឆ្លងថ្មីជាមធ្យមមានជិត ១២ម៉ឺននាក់ក្នុងមួយថ្ងៃ និងអ្នកស្លាប់មានជិត ១ពាន់ ៣រយនាក់ជារៀងរាល់ថ្ងៃ ដែលធ្វើឱ្យករណីឆ្លងសរុបនៅសហរដ្ឋអាមេរិកកើនឡើង ៤៩លាននាក់ ខណៈអ្នកស្លាប់កើនឡើងដល់ ៧៩ម៉ឺននាក់។ នេះបើយោងតាមតួលេខពីសារព័ត៌មានរ៉យទ័រ៕
អត្ថបទ ស៊ើង និមល់